អន្តរជាតិ
ការដកខ្លួន​របស់​ឥណ្ឌា​ចេញពី​ការចរចា ធ្វើ​ឲ្យ​ស្ទះ​កិច្ចព្រមព្រៀង RCEP
19, Nov 2019 , 1:39 pm        
រូបភាព
រូប​ឯកសារ៖ កុងតឹណឺ​ត្រូវ​បាន​គេ​បញ្ជូល​ចេញ​ពី​ទូ​រថភ្លើង​នៅ​កន្លែង​ផ្ទេរ​ទំនិញ​មួយ​ក្នុង​ភូមិ Sachana ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧។
រូប​ឯកសារ៖ កុងតឹណឺ​ត្រូវ​បាន​គេ​បញ្ជូល​ចេញ​ពី​ទូ​រថភ្លើង​នៅ​កន្លែង​ផ្ទេរ​ទំនិញ​មួយ​ក្នុង​ភូមិ Sachana ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧។
ដោយ: VOA
​ការប្រកាស​ព័ត៌មាន​នេះ​ធ្វើ​ឲ្យ​អនាគត​នៃ​កិច្ចព្រមព្រៀង​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់ (Regional Comprehensive Economic Partnership ) ឬ RCEP ដែលជា​កិច្ចព្រមព្រៀង​មាន​ប្រទេស​ចំនួន​១៥​ចូលរួម និង​ចំណាយពេល​៧​ឆ្នាំ​ក្នុង​ការរៀបចំ​នោះ ស្ថិតក្នុង​ភាពមិនច្បាស់លាស់​ខ្លាំង ទោះជា​ក្រុម​អ្នកចរចា​បាន​អះអាងថា កិច្ចព្រមព្រៀង​នេះ​នឹង​នៅតែ​អាចធ្វើ​ទៅបាន​ក៏ដោយ​។​

 
​កិច្ចព្រមព្រៀង RCEP នេះ​អាច​នឹង​រួមបញ្ចូល​ប្រទេស​សមាជិក​ទាំង​១០​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (​ម៉ាឡេស៊ី ប្រ៊ុយណេ កម្ពុជា វៀតណាម ឥណ្ឌូណេស៊ី សិង្ហ​បុរី ឡាវ ថៃ ហ្វីលីពីន និង​មី​យ៉ាន់​ម៉ា ) រួមទាំង​ប្រទេស​ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់​។​
 
​កិច្ចព្រមព្រៀង RCEP ត្រូវបាន​គេ​យល់ថា មាន​ភាពទូលំទូលាយ​ខ្លាំងណាស់ ទោះបីជា​វា​មិនទាន់មាន​ភាព​ស៊ីជម្រៅ​ក៏ដោយ​។ ប្រសិនបើ​ឥណ្ឌា​ចូលរួម កិច្ចព្រមព្រៀង​នេះ​នឹង​គ្របដណ្ដប់​លើ​ក្រុម​ប្រទេស​ដែលមាន​ប្រជាជន​ជាង​ពាក់កណ្ដាល​នៃ​ចំនួន​ប្រជាជន​សរុប​ក្នុង​ពិភពលោក និង​មាន​សេដ្ឋកិច្ច​១​ភាគ​៣​នៅក្នុង​ពិភពលោក​។​
 
​ទោះបីជា​យ៉ាងណាក្តី វា​ច្បាស់​ណាស់​ថា​កិច្ចព្រមព្រៀង RCEP មាន​មហិច្ឆតា​តិចជាង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សំខាន់ៗ​ដទៃទៀត ទោះបីជា​ព័ត៌មាន​លម្អិត​ចុងក្រោយ​នៃ​កិច្ចព្រមព្រៀង​នេះ ស្ថិតនៅក្នុង​ដំណាក់កាល​ចរចា​ក្ដី​។​
 
​លោក William Reinsch ទីប្រឹក្សា​ជាន់ខ្ពស់ និង​ជា​ប្រធាន​កម្មវិធី Scholl Chair សម្រាប់​ពាណិជ្ជកម្ម​អន្តរជាតិ​នៅ​មជ្ឈមណ្ឌល​សម្រាប់​ការសិក្សា​អន្តរជាតិ និង​យុទ្ធសាស្ត្រ​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​និយាយថា «​នៅលើ​ក្រដាស វា​ទូលំទូលាយ​ណាស់ ប៉ុន្តែ​កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​គេ​ចាត់ទុក​ជាទូទៅ​ថា​ជា​កិច្ចព្រមព្រៀង​ដែលមាន​មហិច្ឆតា​តិចជាង​កិច្ចព្រមព្រៀង​ភាគច្រើន​ផ្សេងទៀត​។ វា​នឹងមិន​ជួយ​ឲ្យ​មាន​ពាណិជ្ជកម្ម​សេរី​ពេញលេញ​នោះទេ​។ នឹងមាន​ការលើកលែង​ច្រើន ហើយ​មានរឿង​ជាច្រើន​នឹងមិន​ត្រូវបាន​គ្របដណ្ដប់​នៅក្នុង​កិច្ចព្រមព្រៀង​នេះ​»​។​
 
​កិច្ចព្រមព្រៀង​នេះ ក៏​មិន​និយាយ​អំពី​សិទ្ធិ​កម្មករ ឬ​គោលនយោបាយ​សេដ្ឋកិច្ច​សេរីនិយម​នៅក្នុង​ប្រទេស ដូចជា​ប្រទេស​ចិន ដែល​ផ្ដល់​ការអនុគ្រោះ​ផ្នែក​ច្បាប់ និង​ជំនួយ​ហិរញ្ញវត្ថុ​ដល់​ក្រុមហ៊ុន​ក្នុងស្រុក​ដែរ​។ ប្រទេស​លោកខាងលិច​ភាគច្រើន​ដែលជា​ប្រទេស​អភិវឌ្ឍ​ជឿថា ការធ្វើ​បែបនេះ​ធ្វើ​ឲ្យ​មានការ​ប្រកួតប្រជែង​មិន​ស្មើភាព​។​
 
​នៅពេលដែល​លោក Narendra Modi នាយករដ្ឋមន្ត្រី​ឥណ្ឌា​ប្រកាស​កាលពី​ថ្ងៃទី​០៤ ខែវិច្ឆិកា​ថា ប្រទេស​លោក​នឹងមិន​ធ្វើជា​សមាជិក​នៅក្នុង​កិច្ចព្រមព្រៀង​នេះ លោក​បានលើកឡើង​ពី​ការស្ទាក់ស្ទើរ​របស់លោក​ក្នុងការ​ឲ្យ​ក្រុមហ៊ុន​ក្នុងស្រុក​របស់​ឥណ្ឌា​ពាក់ព័ន្ធ​នឹង​ការ​នាំចូល​សម្ភារៈ​មានតម្លៃ​ថោកៗ​របស់​ចិន និង​កង្វះ​បទបញ្ញត្តិ​ជាក់លាក់​នៅក្នុង​សេចក្ដីព្រាង​នៃ​កិច្ចព្រមព្រៀង​ទាក់ទង​នឹង​ពាណិជ្ជកម្ម​ខាង​សេវាកម្ម​។ ការសម្រេច​របស់លោក Modi ធ្វើឡើង​បន្ទាប់ពី​ការចរចា​រាប់​ឆ្នាំ ដែល​ឥណ្ឌា​ជារឿយៗ​ជា​ប្រទេស​តែមួយ​ដែល​បដិសេធ​លើ​អត្ថបទ​នៅក្នុង​កិច្ចព្រមព្រៀង​នេះ ដែល​គាំទ្រ​ដោយ​ប្រទេស​ចូលរួម​ផ្សេងទៀត​។​
 
​ការសម្រេច​របស់​ឥណ្ឌា​ក្នុង​ការដើរ​ចេញពី​កិច្ចព្រមព្រៀង​នេះ​ធ្វើ​ឲ្យ​មាន​ភាពស្មុគស្មាញ​យ៉ាងច្រើន​។ បើ​និយាយ​ពី​ទស្សនៈ​ប្រាកដនិយម​សុទ្ធសាធ ប្រទេស​ឥណ្ឌា​ជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំ​បំផុត​មួយ​នៅក្នុង​តំបន់ និង​មាន​ប្រវត្តិ​ស្ទាក់ស្ទើរ​ក្នុងការ​អនុញ្ញាត​ឲ្យ​បរទេស​ប្រកួតប្រជែង​លក់​ផលិតផល​នៅក្នុង​ទីផ្សារ​ក្នុងស្រុក​របស់ខ្លួន​។ ការបញ្ចុះ​បញ្ចូល​ឲ្យ​ទទួលបាន​ទីផ្សារ​របស់​អ្នកប្រើប្រាស់​ចំនួន​១​ពាន់​៤​រយ​លាន​នាក់​របស់​ឥណ្ឌា​គឺជា​កត្តា​ជំរុញ​ដ៏​ចម្បង​នៅក្នុង​កិច្ចព្រមព្រៀង​នេះ​។ ការណ៍​នេះ​ធ្វើ​ឲ្យ​កិច្ចព្រមព្រៀង RCEP មាន​ភាព​ទាក់ទាញ​ដល់​ប្រទេស​ដូចជា ជប៉ុន អូស្ត្រាលី សិង្ហ​បុរី នូ​វែ​ល​សេ​ឡង់ ប្រ៊ុយណេ ម៉ាឡេស៊ី និង​វៀតណាម ដែលមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយគ្នា​រួចហើយ​តាមរយៈ​ការចូលរួម​នៅក្នុង​កិច្ចព្រមព្រៀង​ទូលំទូលាយ និង​វិ​វ​ឌ្ឍ​ទៅមុខ​នៃ​ភាពជា​ដៃគូ​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក (Comprehensive and Progressive Agreement for Trans-Pacific Partnership ) ឬ​ហៅ​កាត់​ថា CPTPP​។​
 
​ទោះជា​យ៉ាងណាក្តី លោក Simon Birmingham រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ទេសចរណ៍ និង​ការវិនិយោគ​របស់​អូស្ត្រាលី​បាន​អះអាង​នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយនឹង​ទូរទស្សន៍ Bloomberg ថា កិច្ចព្រមព្រៀង RCEP «​នៅតែ​អាចធ្វើ​ទៅរួច និង​មាន​ប្រយោជន៍​ផ្នែក​ពាណិជ្ជកម្ម​ច្រើន​»​។ ទោះជា​លោក​បាន​ហៅ​ការសម្រេចចិត្ត​របស់​ឥណ្ឌា​ថា​«​ជាការ​ខកចិត្ត​» លោក​និយាយថា «​ទ្វារ​នៅតែ​បើកចំហ​» សម្រាប់​ការចូលរួម​របស់​ឥណ្ឌា​នៅក្នុង​កិច្ចព្រមព្រៀង​នេះ​ក្នុងពេល​អនាគត​។​
 
​បើ​និយាយ​ពី​ទស្សនៈ​នយោបាយ​វិញ ការចាកចេញ​របស់​ឥណ្ឌា​ពី​កិច្ចព្រមព្រៀង​នេះ​ធ្វើ​ឲ្យ​ចិន ដែលជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​នៅក្នុង​កិច្ចព្រមព្រៀង​នេះ ក្លាយជា​ប្រទេស​ដែលមាន​ឥទ្ធិពល​កាន់តែខ្លាំង​នៅក្នុង​ការចរចា​។​
 
​លោក Reinsch និយាយថា «​មានការ​ព្រួយបារម្ភ​នៅពេល​មិនមាន​វត្តមាន​ឥណ្ឌា​។ កិច្ចព្រមព្រៀង​នេះ​នឹងត្រូវ​បាន​គេ​គិតថា វា​ដូចជា​កិច្ចព្រមព្រៀង​របស់​ប្រទេស​ចិន​។ និយាយ​ឲ្យ​សាមញ្ញ​ទៅ មានតែ​ប្រទេស​ចិន និង​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​តូចៗ​ជាង​ហ្នឹង​។ គេ​ចង់​ឲ្យ​ឥណ្ឌា​ចូលរួម​ដើម្បី​រក្សា​លំនឹង​អំណាច​»​។​
 
​ក្នុងពេល​ជាមួយគ្នានេះ អ្នកតស៊ូ​មតិ​សម្រាប់​ពាណិជ្ជកម្ម​សេរី​នៅក្នុង​សហរដ្ឋអាមេរិក​កំពុង​សម្លឹងមើល​ទាំង​ខកចិត្ត​។ មិន​ថា​នៅ​ទីបញ្ចប់​កិច្ចព្រមព្រៀង​នេះ​ទទួលបាន​ជោគជ័យ​ឬ​យ៉ាងណាទេ ការណ៍​ដែល​ចិន​ជា​អ្នកដឹកនាំ​ការជំរុញ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ថ្នាក់​តំបន់​នេះ ត្រូវបាន​មនុស្ស​ភាគច្រើន​យល់ឃើញថា​ជាការ​ដក​ឥទ្ធិពល​របស់​អាមេរិក​នៅក្នុង​ពិភពលោក​។​
 
​ការជជែក​ដេញដោល​ថ្មីៗ​ទៅលើ​កិច្ចព្រមព្រៀង RCEP ត្រូវបាន​ធ្វើឡើង​ក្នុង​រយៈពេល​មិន​ដល់​៣​ឆ្នាំ​ទេ បន្ទាប់ពី លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ចូលកាន់​តំណែង​ក្នុង​អាណត្តិ​ទី​១​របស់លោក ដោយ​មានការ​ប្រកាសថា អាមេរិក​នឹង​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក (Trans-Pacific Partnership) ឬ TPP ដែលជា​កិច្ចព្រមព្រៀង​ដ៏​ធំ​មួយ​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក ហើយ​ក្រោយមក​ត្រូវបាន​ប្ដូរ​ទៅជា​កិច្ចព្រមព្រៀង CPTPP វិញ​។​
 
​លោក Jake Colvin អនុប្រធាន​ទទួលបន្ទុក​ពាណិជ្ជកម្ម​សកលលោក និង​ភាព​ឆ្នៃ ប្រឌិត​នៃ​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​បរទេស​ថ្នាក់ជាតិ នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​និយាយថា «​តាម​ទស្សនៈ​របស់​អាមេរិក វា​ជាការ​ខកចិត្ត​យ៉ាងខ្លាំង នៅពេល​យើង​មើល​កិច្ចព្រមព្រៀង CPTPP ពី​ខាងក្រៅ ហើយ​ឥឡូវនេះ កិច្ចព្រមព្រៀង RCEP ត្រូវបាន​គេ​សម្រេច​ហើយ​។ តាម​ទស្សនៈ​ពាណិជ្ជកម្ម​អាមេរិក វា​ជាការ​គួរឱ្យ​ខឹងសម្បា​មួយ​ដែល​យើង​មិនមែនជា​សមាជិក​ក្នុង​កិច្ចព្រមព្រៀង​ថ្នាក់​តំបន់​ទាំងនេះ ដែលមាន​ឥទ្ធិពល​នយោបាយ​ខ្លាំង​ដូច​ឥទ្ធិពល​សេដ្ឋកិច្ច​អ៊ីចឹង​ដែរ​»​។​
 
​លោក Colvin បាន​បន្ថែមថា «​ការពិត​គឺថា​កិច្ចព្រមព្រៀង TPP គឺជា​និច្ចកាល​ជា​កិច្ចព្រមព្រៀង​សម្រាប់​ឥទ្ធិពល​នយោបាយ ក៏ដូចជា​សម្រាប់​ឥទ្ធិពល​សេដ្ឋកិច្ច​ដែរ​សម្រាប់​សហរដ្ឋអាមេរិក​។ ខ្ញុំ​គិតថា កិច្ចព្រមព្រៀង RCEP ក៏​អ៊ីចឹង​ដែរ​។ វា​ជា​ការល្អ​សម្រាប់​ចិន​។ ពួកគេ​ត្រូវ​បង្ហាញ​ពី​ការចូលរួម​របស់​ពួកគេ​ក្នុង​ការគាំទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​បើកចំហ​មួយ​ដោយ​ផ្អែកលើ​វិធាន​នានា ហើយ​នៅតែ​អាច​រក្សាទុក​ការអនុវត្ត​បែប​រើសអើង​មួយចំនួន ដែល​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ជាច្រើន​ដែល​យើង​តំណាង​ឲ្យ​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com