អន្តរជាតិ
កូរ៉េខាងជើង​និយាយថា ខ្លួន​មិន​ចង់​ចរចា​ជាមួយ​អាមេរិក​ទេ​
19, Nov 2019 , 7:59 pm        
រូបភាព
រូប​ឯកសារ៖ លោក Kim Song ប្រធាន​ក្រុម​ប្រតិភូ​កូរ៉េ​ខាង​ជើង​ ថ្លែង​នៅ​ក្នុង​ការ​ជជែកដេញដោល​ក្នុង​មហាសន្និបាត​អ.ស.ប.​ កាលពី​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩។
រូប​ឯកសារ៖ លោក Kim Song ប្រធាន​ក្រុម​ប្រតិភូ​កូរ៉េ​ខាង​ជើង​ ថ្លែង​នៅ​ក្នុង​ការ​ជជែកដេញដោល​ក្នុង​មហាសន្និបាត​អ.ស.ប.​ កាលពី​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩។
ដោយ: VOA
​ប្រទេស​កូរ៉េខាងជើង​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​ចាត់ទុកថា ការសម្រេចចិត្ត​របស់​សហរដ្ឋអាមេរិក​ក្នុង​ការលើក​ពេល​សមយុទ្ធ​យោធា​រួមគ្នា​ជាមួយ​ប្រទេស​កូរ៉េខាងត្បូង​ជា​រឿង​វិជ្ជមាន តែ​ការអនុម័ត​សេចក្តីសម្រេច​របស់​អ​.​ស​.​ប​.​ដែល​រិះគន់​កំណត់ត្រា​សិទ្ធិមនុស្ស​របស់​កូរ៉េខាងជើង​បាន​បំផ្លាញ​បំណង​កូរ៉េខាងជើង​ក្នុងការ​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​អំពី​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​។​

 
​សេចក្តីថ្លែងការណ៍​រប​ស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​កូរ៉េខាងជើង​បាន​និយាយថា « អាមេរិក​សុ​បិ​ន្ត​ចង់​ទម្លាក់​ប្រព័ន្ធ​របស់​យើង នៅពេល​កិច្ចពិភាក្សា​រវាង​កូរ៉េខាងជើង និង​ស​.​រ​.​អា​.​ជា​របៀបវារៈ​សំខាន់​ដែល​បង្ហាញថា សហរដ្ឋអាមេរិក​គ្មាន​ចេតនា​ធ្វើការ​ជាមួយ​យើង​ដោយស្មោះ​ត្រង់ ឆ្ពោះទៅរក​ការដោះស្រាយ​បញ្ហា​នោះទេ​។ ដូច្នេះ​យើង​គ្មាន​ឆន្ទៈ​ជួប​ដៃគូ​សន្ទនា​បែបនេះ​ទេ​»​។​
 
​សហរដ្ឋអាមេរិក​គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ជាច្រើន​ដែល​បាន​ចូលរួម​ធ្វើ​សេចក្តីសម្រេចចិត្ត​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​របស់​កូរ៉េខាងជើង​នៅក្នុង​គណៈកម្មាធិការ​ម​ហាស​ន្និបាត​អ​.​ស​.​ប​.​អំពី​សិទ្ធិមនុស្ស​។ សេចក្តីសម្រេច​ត្រូវបាន​អនុម័ត​ដោយ​ការ​មូលមតិ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ហើយ​រួមបញ្ចូល​ការជំរុញឱ្យ​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប​.​ពិចារណា​ដាក់ទណ្ឌកម្ម​បន្ថែម​លើ​អ្នក​ដែល​ទទួលខុសត្រូវ​ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស​និង​ជំ​រុញឱ្យ​ក្រុមប្រឹក្សា​នេះ​ប្តឹង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​។ កូរ៉េខាងជើង​កាលពី​ថ្ងៃ​ចន្ទ​បាន​និយាយ​ថាស​.​រ​.​អា​.​បាន «​បង្ករឿង​នយោបាយ​មួយទៀត​» ដោយបាន​គាំទ្រ​សេចក្តីសម្រេច​នេះ​។ សេចក្តីសម្រេច​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​នេះ​ត្រូវគេ​រំពឹងថា នឹងត្រូវ​អនុម័ត​នៅក្នុង​មហាសន្និបាត​ទាំងមូល​នៅ​ខែក្រោយ​៕

© រក្សាសិទ្ធិដោយ thmeythmey.com