អន្តរជាតិ
ក្រោយ​លោក ត្រាំ ហៅ​ជួបគ្នា​ឡើងវិញ កូរ៉េខាងជើង​ប្រាប់​វិញ​ថា ខ្លួន​មិន​ចូល​តុ​ចរចា​អត់​ប្រយោជន៍​ទេ​
19, Nov 2019 , 9:54 am        
រូបភាព
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នាជំនួបកន្លងមក។ រូបថត​ Xinhua
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នាជំនួបកន្លងមក។ រូបថត​ Xinhua
​កូរ៉េខាងជើង ហាក់​កំពុង​បំបាក់មុខ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ តាមរយៈ​ការមិន​ឆ្លើយតប​ជា​វិជ្ជមាន​ទៅនឹង​សំណើ​លោក ត្រាំ ដែល​ចង់​ឲ្យ​មាន​ជំនួប​មេដឹកនាំ​ដើម្បី​បន្ត​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​។ មន្ត្រី​ទីក្រុង​ព្យុងយ៉ាង និយាយថា កូរ៉េខាងជើង នឹង​ចូល​តុ​ចរចា​ដែល​គ្មានអ្វី​ត្រឡប់មកវិញ​ឡើយ ហើយ​អាមេរិក​គួរតែ​លុបចោល​សមយុទ្ធ​យោធា​ជាមួយ​កូរ៉េខាងត្បូង ដើម្បី​បញ្ជាក់​ចិត្ត​ស្មោះសរ​របស់ខ្លួន និង​ត្រូវ​ដាក់ចេញ​យុទ្ធសាស្ត្រ​ថ្មី​ដើម្បី​ចរចា​។​

 
​សំណើ​ជួបគ្នា​ម្ដងទៀត​តាម Twitter របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ទៅកាន់​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ត្រូវបាន​ក្រុមមន្ត្រី​កូរ៉េខាងជើង​ចេញមុខ​បដិសេធ​។ នៅលើ​គណនី Twitter របស់ខ្លួន​នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា លោក ត្រាំ បាន​ប្រា​ប់លោក គីម ឲ្យ​ប្រឹង​សម្រេច​កិច្ចព្រមព្រៀង​រំសាយ​នុយក្លេអ៊ែរ​ជាមួយ​លោក​ឲ្យ​បាន​ឆាប់ ហើយ​លោក​ក៏​ត្រៀម​ជួប​មេដឹកនាំ​កូរ៉េខាងជើង​ក្នុងជំនួប​លើក​ទី​បួន​ឆាប់ៗ​ផងដែរ​។  
 
​កូរ៉េខាងជើង មិន​ចាប់អារម្មណ៍​ជំនួប​កំពូល​ដែល​មិនមាន​ប្រយោជន៍​ឡើយ​។ នេះ​ជាការ​លើកឡើង​របស់លោក Kim Kye Gwan ទីប្រឹក្សា​ក្រសួងការបរទេស​កូរ៉េខាងជើង​នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា តប​នឹង​សំណើ​របស់លោក ត្រាំ ។ បើតាម​សេចក្ដីថ្លែងការណ៍​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KNCA មន្ត្រី​ដដែល​នេះ បាន​ប្រាប់​ឲ្យ​អាមេរិក​ដក​គោលនយោបាយ​បង្ក​អរិភាព​របស់ខ្លួន​ដែល​ចាត់ទុក​កូរ៉េខាងជើង​ជាស​ត្រូវ បើ​អាមេរិក​មិន​ចង់​ឲ្យ​ការចរចា​ជាមួយ​កូរ៉េខាងជើង​ទៅណា​ឆ្ងាយ​ទេនោះ​។ 
 
​ការនិយាយ​រិះគន់​ដោយផ្ទាល់​លើ​លោក ត្រាំ បែបនេះ ត្រូវបាន​មើលឃើញថា ជាការ​ងាក​ចេញពី​ជំហរ​ចាស់​របស់​ព្យុងយ៉ាង​ដែល​តែងតែ​ថ្នាក់ថ្នម​ទំនាក់ទំនង​រវាង​មេដឹកនាំ​កំពូលៗ​នោះ​។ កាលពី​ខែតុលា​កន្លងទៅ លោក Kim នេះ​តែម្ដង ទើបបាន​សរសើរ​លោក ត្រាំ ថា ជា​មេដឹកនាំ​អាមេរិក​ល្អ​ជាង​មន្ត្រីរដ្ឋបាល​របស់លោក ដែលមាន​ជំហរ​អាក្រក់​ដាក់​កូរ៉េខាងជើង​។ ក្នុង​ខែកញ្ញា​ឯណោះ មន្ត្រី​រូបនេះ​ថែម​ទាំ​ហៅ​លោក ត្រាំ ជា​ប្រធានាធិបតី​ល្អ​ជាង​ប្រធានាធិបតី​មុនៗ​ទៅទៀត​។ 
 
​មួយថ្ងៃ​បន្ទាប់ លោក គីម យ៉ុង​ឈុ​ល អតីត​ប្រមុខ​ដឹកនាំ​ចរចា​កូរ៉េខាងជើង ក៏​ដាក់​លក្ខខណ្ឌ​មួយ​ជាន់​ទៀត​ឲ្យ​អាមេរិក​។ បើតាម KCNA លោក គីម ដែល​បច្ចុប្បន្ន​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​មជ្ឈិមបក្ស​ពលករ​កូរ៉េ បានទាមទារ​ឲ្យ​អាមេរិក​បញ្ឈប់​សមយុទ្ធ​យោធា​ជាមួយ​កូរ៉េខាងត្បូង​តែម្ដង មិនមែន​ពន្យារពេល​ឡើយ​។ លោក គីម ដាក់​ការទាមទារ​បែបនេះ បន្ទាប់​អាមេរិក និង​កូរ៉េខាងត្បូង​សម្រេចចិត្ត​លើក​ពេលធ្វើ​សមយុទ្ធ​អាកាស​ដើម្បី​ផ្ដល់ឱកាស​ដល់​ការចរចា​។​
 
«​ការលើក​ពេលធ្វើ​សមយុទ្ធ មិនបាន​ធានា​ពី​សន្តិភាព និង​សន្តិសុខ​នៅ​ឧបទ្វីប​កូរ៉េ​ឡើយ ហើយក៏​មិនបាន​ជួយ​ដល់​ការចរចា​ផ្នែក​ការទូត​ដើម្បី​ដោះស្រាយ​បញ្ហា​ដែរ​។​» នេះ​ជាការ​បញ្ជាក់​របស់លោក គីម ដែល​ត្រូវបាន​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​ដកតំណែង​ក្រោយ​ការចរចា​នៅ​វៀតណាម​បរាជ័យ​។ 
 
​មួយរយៈ​ពេល​ចុង​ក្រោយនេះ កូរ៉េខាងជើង បានដាក់​សម្ពាធ​កាន់តែខ្លាំង​លើ​អាមេរិក​ឲ្យ​ដាក់ចេញ​យុទ្ធសាស្ត្រ​ចរចា​ថ្មី​។ លោក គីម ជុង​អ៊ុន បាន​ទុកពេល​ឲ្យ​អាមេរិក​ត្រឹម​ចុងឆ្នាំ​២០១៩ នេះ​ប៉ុណ្ណោះ​ក្នុង​ការយក​សំណើ​ថ្មី​ដាក់​លើ​តុ​ចរចា​មុននឹង​កូរ៉េខាងជើង​ដើរ​លើផ្លូវ​ផ្សេង​៕ 

Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com