ជាតិ
អតីត​មេដឹកនាំ និង​មេដឹកនាំ ធ្វើ​បទ​បង្ហាញ​ក្នុង​កិច្ចប្រជុំ​អាស៊ី​ប៉ាស៊ីហ្វិក​ឆ្នាំ​២០១៩
19, Nov 2019 , 10:22 am        
រូបភាព
ដោយ: ថ្មីៗ
​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​ឆ្នាំ​២០១៩ (Asia Pacific Summit Cambodia – 2019) នៅ​វិមាន​សន្តិភាព ពីថ្ងៃ​ទី​១៩ ដល់​ថ្ងៃទី​២០ ខែវិច្ឆិកា​នេះ​។ កិច្ចប្រជុំ​លើក​ទី​២ ដែល​សហការ​រៀបចំ​ដោយ​រដ្ឋាភិបាល​កម្ពុជា និង​សហព័ន្ធ​សន្តិភាព​សកល (UPF) មាន​តំណាង​ចូលរួម​ប្រមាណ​៥០​ប្រទេស​។ ព្រឹ​តិ្ត​ការណ៍​នេះ មាន​ប្រធានបទ​ជាច្រើន​ទាក់ទង​នឹង​ការកសាង​សន្តិភាព ដោយមាន​វាគ្មិន​ជាតិ និង​អន្តរជាតិ​ដែលជា​អតីត​មេដឹកនាំ និង​មេដឹកនាំ​បច្ចុប្បន្ន​នៃ​បណ្តា​ប្រទេស​មួយចំនួន​។​

 
​វាគ្មិន​អន្តរជាតិ​ដែល​ត្រូវ​ចូលរួម​ធ្វើ​បទ​បង្ហាញ និង​ពិភាក្សា មានដូចជា លោក George Sokomanu អតីត​ប្រធានាធិបតី​វ៉ា​នូ​ទូ លោក Madhav Kumar Nepal អតីត​នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ លោក H.D. Deve Gowda អតីត​នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក Syed Yusuf Raza Gilani អតីត​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន លោក Hassan Ghafouri Fard អតីត​អនុប្រធានាធិបតី​អ៊ីរ៉ង់ លោក Andres Pastrana អតីតប្រធានាធិបតី​កូ​ឡុំ​ប៊ី លោក Baron Divavesi Waqa ប្រធានាធិបតី​ណូ​រូ និង​លោក Tuimaiealifano Vaaleto’a Sualauvi II ប្រធាន​រដ្ឋ​នៃ​រដ្ឋ​ឯករាជ្យ​សា​ម័​រ​។​


 
​វាគ្មិន​ភាគី​កម្ពុជា​ដែល​ត្រូវធ្វើ​បទ​បង្ហាញ​ផងដែរ​នោះ មានដូចជា លោក​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន លោក ទេព ង​ន អនុប្រធាន​ទី​២ ព្រឹទ្ធសភា​, លោកស្រី ឃួន សុ​ដា​រី អនុប្រធាន​ទី​២ រដ្ឋសភា​, លោ សួស យ៉ា​រ៉ា លោក សុះ មុះ​សិន សមាជិក​រដ្ឋសភា​, លោក ឆែម គាត​រិទ្ធី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​, លោក សុក ស៊ីផាន់ណា ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​, និង​លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​។​
 
​នា​រយៈពេល​ពីរ​ថ្ងៃ កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​-​កម្ពុជា ២០១៩ ប្រធានបទ​ពិភាក្សា ផ្សេងៗ​ដែល​ភ្ជាប់​ជាមួយនឹង​ការកសាង​សន្តិភាព ដូចជា ដំណោះស្រាយ​បញ្ហា​ប្រឈម​នាពេល​បច្ចុប្បន្ន តួនាទី​រដ្ឋាភិបាល សភា និង​សង្គម​ស៊ីវិល គំរូ​នៃ​ដំណើរការ​សន្តិភាព និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច តួនាទី​សារព័ត៌មាន និង​ការអប់រំ សកម្មភាព​យុវជន និង​វប្បធម៌​ផ្សេងៗ​។ បទ​បង្ហាញ​ថ្ងៃ​ដំបូង​ប្រព្រឹត្ត​នៅ​វិមាន​សន្តិភាព រីឯ​បទ​បង្ហាញ​ថ្ងៃទី​២០ នឹងធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​៕



Tag:
 អាស៊ី​ប៉ាស៊ីហ្វិក​
© រក្សាសិទ្ធិដោយ thmeythmey.com