ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេធាវី ព្យាយាម​ពន្យល់​ផ្លូវច្បាប់ ដើម្បី​ឲ្យ​ទម្លាក់​បទ​ចោទ​ពី​លោក កឹម សុខា
19, Nov 2019 , 11:00 am        
រូបភាព
ពីឆ្វេងទៅស្តាំ៖ លោកមេធាវី ផាន់ ច័ន្ទសាក់, អ្នកស្រីមេធាវី ម៉េង សុភារី, អ្នកស្រី តែ ច័ន្ទមនោ (ភរិយាលោក កឹម សុខា), លោក កឹម សុខា ប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ, លោកមេធាវី ផែង ហេង, និង លោកមេធាវី ចាន់ ចេង ជួបគ្នាកាលពីចុងខែកុម្ភៈ ឆ្នាំ២០១៩។ រូបពីគណនីហ្វេសប៊ុក Chantha Muth
ពីឆ្វេងទៅស្តាំ៖ លោកមេធាវី ផាន់ ច័ន្ទសាក់, អ្នកស្រីមេធាវី ម៉េង សុភារី, អ្នកស្រី តែ ច័ន្ទមនោ (ភរិយាលោក កឹម សុខា), លោក កឹម សុខា ប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ, លោកមេធាវី ផែង ហេង, និង លោកមេធាវី ចាន់ ចេង ជួបគ្នាកាលពីចុងខែកុម្ភៈ ឆ្នាំ២០១៩។ រូបពីគណនីហ្វេសប៊ុក Chantha Muth
ដោយ: ថ្មីៗ
​សហ​មេធាវី បានដាក់​សំណើ​ទៅ​លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ សុំ​ឲ្យ​ទម្លាក់​បទ​ចោទ​ស​ន្ទិ​ដ្ឋិ​ភាព​ចេញពី​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ឲ្យ​លោក មាន​សិទ្ធិ​សេរីភាពពេញលេញ​ឡើងវិញ​។


 
​ក្នុង​សំណើ​ដែល​ចុះ​នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ សហ​មេធាវី បានលើកឡើង​ពី​អង្គហេតុ​ផង និង​អង្គច្បាប់​ផង ដើម្បី​បញ្ជាក់ថា​លោក កឹម សុខា ដែលជា​កូនក្តី​របស់​ពួកគេ មិនបាន​ប្រព្រឹត្ត​បទល្មើស​នោះទេ​។ សហ​មេធាវី ក៏បាន​លើកឡើង​ដែរ​ថា ការដោះលែង​លោក កឹម សុខា គឺ​នាំ​ឲ្យ​មាន​ផលប្រយោជន៍​ដល់​ប្រទេសជាតិ​។ 
 
​សហ​មេធាវី លើក​ហេតុផល​ថា ការ​ស៊ើបសួរ​លើ​សំណុំរឿង​របស់លោក កឹម សុខា គឺមាន​រយៈពេល​ដល់​ទៅ​២​ឆ្នាំ មុននឹង​បិទ​បញ្ចប់ ដោយ​គ្មាន​រកឃើញ​ជនបរទេស ឬ​អ្នកសមគំនិត​ណា​ផ្សេង ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ឡើយ​។ សហ​មេធាវី បន្តថា ការ​ស៊ើបសួរ​នេះ គឺ​លើសពី​នីតិវិធី​ក្រមព្រហ្មទណ្ឌ​ត្រង់​មាត្រា​២០៨ ដែល​ចែងថា ការ​ស៊ើបសួរ ត្រូវ​ប្រើពេល​យ៉ាងយូរ​ត្រឹម​១៨​ខែ​ប៉ុណ្ណោះ​។

សហ​មេធាវី ទាញ​មាត្រា​៣៨​នៃ​រដ្ឋធម្មនុញ្ញ មក​សំអាងថា វិមតិសង្ស័យ ត្រូវ​បានជា​ប្រយោជន៍​ដល់​ជនជាប់ចោទ និង បាន​ទាញ​មាត្រា​៤​នៃ​ក្រមព្រហ្មទណ្ឌ មក​ធ្វើជា​សំអាង​បន្ថែមថា ពុំមាន​បទល្មើស​ទេ បើ​គ្មាន​ចេតនា​ប្រព្រឹត្ត​។ វិមតិសង្ស័យ សំដៅថា ការសង្ស័យ​លើ​ជនណាម្នាក់ ដោយ​មិន​ដាច់ស្រេច មានន័យថា មិនដឹង​ច្បាស់ ឬ​មិនមាន​ភស្តុតាង​ច្បាស់​ថា​ជន​នោះ ប្រព្រឹត្ត​បទល្មើស ឬ​មិន​ប្រព្រឹត្ត​។ 
 
​សហ​មេធាវី បាន​បរិយាយ​ទៀតថា បុគ្គល​ណា​ម្នាក់ អាចមាន​បទល្មើស លុះត្រា​តែមាន​ធាតុ​ផ្សំ​៣​យ៉ាង គឺ អង្គហេតុ (​ប្រព្រឹត្ត​បទល្មើស​) អង្គច្បាប់ (​បទល្មើស ដែល​មានចែង​ក្នុង​ច្បាប់​) និង ចេតនា​ក្នុងការ​ប្រព្រឹត្ត​បទល្មើស​។ សហ​មេធាវី អះអាងថា លោក កឹម សុខា នៅ​ខ្វះ​ធាតុ​ផ្សំ​២  គឺ​លោក មិនបាន​ប្រព្រឹត្ត​បទល្មើស និង គ្មាន​ចេតនា​ក្នុងការ​ប្រព្រឹត្ត​។ 

សហ​មេធាវី សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​តាម​ក្រមនីតិវិធី​ព្រហ្មទណ្ឌ គឺ​ចៅក្រម​ស៊ើបសួរ អាច​សម្រេច​លើកលែង​ការចោទប្រកាន់​ដោយ​ឯកឯង​»​។ 
 
​ក្រៅពី​លើកឡើង​ពី​អង្គច្បាប់​និង​អង្គហេតុ សហ​មេធាវី នៅ​រៀបរាប់​ទៀតថា លោក កឹម សុខា តែង​គិត​ប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​ជាធំ និង​យកចិត្តទុកដាក់​លើ​ការងារ​អភិវឌ្ឍ​ជាតិ ហើយ​តែង​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍​អហិង្សា នីតិរដ្ឋ ប្រជាធិបតេយ្យ និង រដ្ឋធម្មនុញ្ញ​។ 
 
​សហ​មេធាវី រំលេច​ពី​ផលប្រយោជន៍​បែបនេះ​ថា​៖«​ការលើកលែង​ការចោទប្រកាន់​ឯកឧត្តម កឹម សុខា ឲ្យ​មាន​សេរីភាព​ពេញលេញ​ឡើងវិញ គឺជា​ការចូលរួមចំណែក​ក្នុងការ​បង្រួបបង្រួម​ជាតិ ផ្សះផ្សា​ជាតិ និង ផ្តល់ឱកាស​ឲ្យ​អ្នកនយោបាយ​ជជែក​គ្នា ដើម្បី​ប្រយោជន៍​ជាតិ និង កិត្តិយស​រវាង​ខ្មែរ​និង​ខ្មែរ​ផងដែរ​»​។​
 
​សហ​មេធាវី រម្លឹកថា ប្រសាសន៍​របស់លោក កឹម សុខា ដែល​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​អ្នកគាំទ្រ​ក្នុងប្រទេស​អូស្ត្រាលី កាលពី​៥-៦​ឆ្នាំមុន គឺ​គ្មាន​ចេតនា​ប្រព្រឹត្ត​ហិង្សា ឬ​ប​ទស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស​នោះទេ​។ សហ​មេធាវី បកស្រាយ​ថា ក្នុង​ពិធី​នោះ លោក កឹម សុខា គ្រាន់តែ​ចង់បង្ហាញ​ពី​ការវិវត្ត​នយោបាយ​នៅ​ស្រុក​ខ្មែរ និង​ជំហរ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប៉ុណ្ណោះ​។ 
 
​សមត្ថកិច្ច​និង​តុលាការ ពឹង​ផ្អែកលើ​វីដេអូ​ឃ្លី​ប​មួយ ដែល​លោក កឹម សុខា បាន​ថ្លែង​សារ​នយោបាយ​ទៅកាន់​អ្នកគាំទ្រ​នៅ​អូស្ត្រាលី តាំងពី​ឆ្នាំ​២០១៣​មកម្ល៉េះ​។ ក្នុង​វីដេអូ​ឃ្លី​ប​នោះ លោក កឹម សុខា ប្រាប់​អ្នកគាំទ្រ​ថា លោក មាន​អ្នកជំនាញ​ដែលជា​ជនបរទេស​នៅ​ពីក្រោយ ដើម្បី​ជ្រោមជ្រែង​ក្នុងការ​ផ្លាស់ប្តូរ​រដ្ឋាភិបាល​កម្ពុជា​។ 
 
​ក្រោយ​វីដេអូ​ឃ្លី​ប​នោះ បាន​បែកធ្លាយ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក សមត្ថកិច្ច ក៏បាន​នាំគ្នា​ចុះទៅ​ចាប់​លោក កឹម សុខា ដល់​គេហដ្ឋាន​តែម្តង កាលពី​ថ្ងៃទី​២​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ហើយក៏​ដឹក​លោក យកទៅ​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​ខេត្ត​ត្បូងឃ្មុំ ក្រោម​បទ​ចោទ​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស ដែល​សំដៅថា លោក លួច​ទៅ​គប់គិត​ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​។ 
 
​ជាប់ឃុំ​បាន​១​ឆ្នាំ ចៅ​ក្រម​ស៊ើបសួរ បានអនុញ្ញាត​ឲ្យ​លោក កឹម សុខា នៅក្រៅ​ឃុំ​បណ្តោះអាសន្ន និង​អនុញ្ញាត​ឲ្យ​លោក ត្រឡប់​ទៅ​រស់នៅក្នុង​គេហ​ដ្ឋា​ជាមួយ​គ្រួសារ​វិញ កាលពី​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨​។ តែ​កាលនោះ ចៅក្រម​ស៊ើបសួរ បានដាក់​បម្រាម​យ៉ាង​តឹងរ៉ឹង​ចំពោះ​លោក រួមមាន មិន​ឲ្យ​ចេញ​ទៅណា​ឆ្ងាយ​ពី​ផ្ទះ មិន​ឲ្យ​ជួប​ថ្នាក់ដឹកនាំ​អតីត​គណបក្សប្រឆាំង មិន​ឲ្យ​ជួប​ជនបរទេស មិន​ឲ្យ​ចេញទៅ​ក្រៅប្រទេស និង មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​។ 
 
​កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ ចៅក្រម​ស៊ើបសួរ សម្រេច​លុប​បម្រាម​មួយចំនួន​ចេញពី​លោក កឹម សុខា គឺ បម្រាម​មិន​ឲ្យ​ចេញ​ទៅណា​ឆ្ងាយ​ពី​ផ្ទះ បម្រាម​មិន​ឲ្យ​ជួប​ថ្នាក់ដឹកនាំ​អតីត​គណបក្សប្រឆាំង និង បម្រាម​មិន​ឲ្យ​ជួប​ជនបរទេស​។ បម្រាម​ផ្សេងទៀត ច្រៅ​ក្រម​ស៊ើបសួរ នៅ​រក្សាទុក​ដដែល​។ 
 
​រហូតដល់​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ ចៅក្រម​ស៊ើបសួរ សម្រេច​បិទ​ការ​ស៊ើបសួរ​លើ​លោក កឹម សុខា ក្រោយ​ប្រើ​រយៈពេល​អស់​២​ឆ្នាំ​។ ជា​នីតិវិធី ចៅ​ក្រម​ស៊ើបសួរ នឹង​ចេញ​ដីកា​ដំណោះស្រាយ ដើម្បី​សម្រេច​ថា បញ្ជូន​សំណុំរឿង​របស់លោក កឹម សុខា ទៅ​ជំនុំជម្រះ ឬក៏​ទម្លាក់​បទ​ចោទ​។ មជ្ឈដ្ឋាន​នានា កំពុង​ទន្ទឹងរង់ចាំ​មើល​ដីកា​ដំណោះស្រាយ​ របស់​ចៅក្រម​ស៊ើបសួរ​។ 
 
​យ៉ាងណា សំណុំរឿង​របស់លោក កឹម សុខា ទំនងជា​នឹងត្រូវ​បញ្ជូនទៅ​ជំនុំជម្រះ។ នេះបើតាម​ការលើកឡើង​រប​ស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ធនធានមនុស្ស កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ប្រធាន​គណបក្សកាន់អំណាច ថ្លែង​ដូច្នេះ​ថា​៖«...​គេ​គ្រាន់តែ​បិទ​ការស៊ើបអង្កេត​លើ​សំណុំរឿង​ប៉ុណ្ណោះ ដើម្បី​បញ្ជូនទៅ​ជម្រះ តែ​រឿង​ជម្រះ ជា​រឿង​តុលាការ យើង​អត់​មាន​សិទ្ធិ​ទៅ​ជ្រៀតជ្រែក​គេ​ទេ​»៕
 

Tag:
 កឹម សុខា​
  មេធាវី​
© រក្សាសិទ្ធិដោយ thmeythmey.com