អន្តរជាតិ
បាតុករហុងកុងរត់គេចពីការឡោមព័ទ្ធនៅសកលវិទ្យាល័យ ក្រោយចិនព្រមានប្រើយោធា
× បាតុករហុងកុងរាប់សិបនាក់ បាននាំគ្នារត់គេចពីការហ៊ុមព័ទ្ធពីសំណាក់ប៉ូលិសហុងកុងរយៈពេល២ថ្ងៃ នៅឯបរិវេណសកលវិទ្យាល័យមួយ ។ សកម្មភាពនេះបានកើតឡើងកាលពីយប់ថ្ងៃចន្ទ ១៨វិច្ឆិកា ដោយពួកបាតុករតោងខ្សែពួរទម្លាក់ខ្លួនចុះមកក្រោមពីលើស្ពានឆ្ពោះទៅរកម៉ូតូជាច្រើនដែលកំពុងរង់ចាំដឹកពួកគេ។ ការភិតភ័យដល់ថ្នាក់រត់គេចបែបនេះ កើតឡើងក្រោយពីរដ្ឋាភិបាលក្រុងប៉េកាំងចេញមុខព្រមានជាថ្មីថា ខ្លួនអាចធ្វើអន្តរាគមន៍យោធាដើម្បីបិទបញ្ចប់វិបត្តិដែលកំពុងញាំញីទីក្រុងនេះ។
ការប៉ះទង្គិចយ៉ាងហិង្សា បានអូសបន្លាយរហូតដល់ព្រលឹមថ្ងៃទី១៩ ខែវិច្ឆិការវាងក្រុមបាតុករ និងប៉ូលិសដែលបានគំរាមប្រើវិធានការក្តៅដើម្បីវាយបំបែកក្រុមបាតុករដែលបានចូលលាក់ខ្លួននៅសកលវិទ្យាល័យ Polytechnic ហុងកុង (PolyU)។ ការឡោមព័ទ្ធសកលវិទ្យាល័យ បានក្លាយជាសមរភូមិឆន្ទៈមួយរវាងកម្លាំងប៉ូលីសហុងកុង និងចលនាតវ៉ាថ្មីរបស់ក្រុមបាតុករ។
យោងតាមការសង្កេតឃើញរបស់ទីភ្នាក់ងារព័ត៌មាន AFP នៅយប់ថ្ងៃចន្ទម្សិលមិញ ក្រុមបាតុករឈុតខ្មៅហុងកុងរាប់សិបនាក់ បានសម្រូតខ្លួនចុះតាមខ្សែពួរទៅកាន់ផ្ទៃដីខាងក្រោម ដោយមានម៉ូតូជាច្រើនគ្រឿងរង់ចាំដឹកពួកគេរត់គេចពីទីនោះ។ ទោះបីជាមានអ្នករត់គេចច្រើនក៏ដោយក្តី បាតុកររាប់សិបនាក់ផ្សេងទៀត នៅតែបន្តពួនសម្ងំនៅក្នុងទីធ្លាសកលវិទ្យាល័យនេះដដែល។ ទន្ទឹមនេះ គេក៏មើលឃើញថា ពលរដ្ឋហុងកុងជាច្រើនរាប់រយនាក់ បាននាំគ្នាដើរសំដៅទៅកាន់ទីធ្លាសកលវិទ្យាល័យ PolyU ដើម្បីបំបែកការឡោមព័ទ្ធរបស់ប៉ូលិសហុងកុង ខណៈស្ថានការណ៍កាន់តែដុនដាប។
កាលពីសប្តាហ៍មុន គេសង្កេតឃើញថា ទាហានចិនបានចាកចេញពីបន្ទាយពួកគេទៅបោសសម្អាតនៅតាមដងផ្លូវនានាក្នុងទីក្រុងហុងកុង ដោយគ្មានសំណើពីសំណាក់រដ្ឋាភិបាលហុងកុង។ ទង្វើនេះនេះ កំពុងបង្កឲ្យមានកង្វល់ពាក់ព័ន្ធការលូកដៃដោយផ្ទាល់ពីសំណាក់យោធាចិនដើម្បីបង្ក្រាបភាពវឹកវរនេះកើនឡើងកាន់តែខ្លាំង។
បើតាម AFP អគ្គរដ្ឋទូតចិនប្រចាំចក្រភពអង់គ្លេស នៅថ្ងៃទី១៨ ខែវិច្ឆិកា ប្រកាសក្ដែងថា រដ្ឋាភិបាលហុងកុងកំពុងព្យាយាមយ៉ាងខ្លាំងដើម្បីគ្រប់គ្រងស្ថានការណ៍ដែលកំពុងកើតឡើងនៅទីក្រុងហុងកុង ក៏ប៉ុន្តែប្រសិនបើស្ថានការណ៍វឹកវរបែបនេះ លែងអាចគ្រប់គ្រងបានហើយនោះ រដ្ឋាភិបាលចិន ច្បាស់ណាស់ នឹងមិនឱបដៃឈរមើលទេ។ ត្រង់នេះ លោក Liu Xiaoming សង្កត់ធ្ងន់ថា ក្រុងប៉េកាំងមានអំណាចនិងសេចក្តីសម្រចគ្រប់គ្រាន់ក្នុងការបញ្ចប់ភាពចលាចលនេះ៕
Tag:
ហុងកុង
ចិន
ប៉ូលិស
សកលវិទ្យាល័យ
បាតុកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com