កីឡាជាតិ
ជាតិ
គ្រូបង្វឹកកម្ពុជាអះអាងពីការត្រៀមខ្លួនបានល្អ ខណៈគ្រូហុងកុងរំពឹងបាន៣ពិន្ទុ
× ក្រុមកីឡាករជម្រើសជាតិកម្ពុជា ត្រូវតទល់ជាមួយហុងកុង សម្រាប់ជំនួបវគ្គជម្រុះ FiFA World Cup 2022 វេលាម៉ោង៧យប់(ម៉ោងនៅកម្ពុជា)ថ្ងៃទី១៩ ខែវិច្ឆិកា នេះ នាកីឡដ្ឋានហុងកុង។ ទាំងគ្រូបង្វឹកកម្ពុជា និងហុងកុងសុទ្ធតែបានអះអាងពីការត្រៀមខ្លួនបានល្អរៀងៗខ្លួន ហើយជឿជាក់ថា ជំនួបជើងទី២នេះនឹងក្លាយជាការប្រកួតដ៏តានតឹង និងស្វិតស្វាញបំផុត។ ដ្បិតពួកគេត្រូវការ៣ពិន្ទុជាចាំបាច់ ដើម្បីបន្តឱកាសប្រជែងដណ្តើមកៅអីឡើងទៅវគ្គបន្ត។
ក្រុមជម្រើសជាតិកម្ពុជាត្រូវការឈ្នះម្ចាស់ផ្ទះហុងកុងនៅយប់នេះ ដើម្បីបង្កើនឱកាសក្នុងការប្រជែងដណ្តើមកៅអីឡើងទៅវគ្គបន្តនៃព្រឹត្តិការណ៍ FIFA World Cup 2022។ ឱកាសឡើងទៅវគ្គរបស់ក្រុមគោព្រៃកម្ពុជានឹងកាន់តែខើចខ្លី បើសិនចាញ់ឬស្មើហុងកុងក្នុងជំនួបជើងទី២នេះ។
មិនខុសគ្នាពីកម្ពុជាឡើយ ហុងកុង ក៏ត្រូវការ៣ពិន្ទុផងដែរ។ ដូច្នេះការប្រកួតនៅយប់នេះនឹងក្លាយជាការប្រកួតដ៏ទាក់ទាញ និងមស្វិតស្វាញបំផុត ដ្បិតទាំងគ្រូបង្វឹកកម្ពុជា និងហុងកុងសុទ្ធតែអះអាងពីការត្រៀមខ្លួនបានល្អ និងប្តេជ្ញាប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដូចគ្នា។
ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតលោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាបានលើកឡើងថា៖«ក្រុមយើងត្រៀមខ្លួនបានយ៉ាងល្អនិងរួចរាល់សម្រាប់ជំនួបនៅថ្ងៃនេះ។ យើងទើបតែបញ្ចប់ការប្រកួតមិត្តភាពជាមួយម៉ុងហ្គោលី ដែលជាការប្រកួតមួយជួយដល់ការត្រៀមខ្លួនរបស់យើង។ ខ្ញុំសង្កេតឃើញថា កីឡាករយើងមានស្មារតីក្រុមល្អ និងមានឆន្ទៈមុះមុតក្នុងការប្រកួតជាមួយហុងកុង»។
ទោះបីហុងកុងទើបបញ្ចប់លទ្ធផលស្មើ ១-១ ជាមួយបារ៉ែន ដែលយកឈ្នះកម្ពុជា ១-០ ក៏ដោយ តែគ្រូបង្វឹកហុងកុងលោក Mixu Paatelailnen ជឿជាក់ថា ការប៉ះកម្ពុជានៅយប់នេះ គឺខុសប្លែកពីជំនួបជាមួយបារ៉ែន។ តែយ៉ាងណាគ្រូបង្វឹករូបនេះ សង្ឃឹមថា ការសាមគ្គីនិងលេងសហការជាក្រុមនឹងជួយឲ្យហុងកុងទទួលបាន៣ពិន្ទុ។
«ការត្រៀមខ្លួនរបស់យើងគឺបានល្អ។ កីឡាករយើងបានធូរស្រាលឡើងវិញ ក្រោយជំនួបដ៏ស្វិតស្វាញជាមួយបារ៉ែន។ ជាការពិតបារ៉ែននិងកម្ពុជាមិនដូចគ្នានោះទេ ដូច្នេះយុទ្ធសាស្ត្រលេង គឺខុសប្លែកពីការលេងជាមួយបារ៉ែន»។ នេះជាការលើកឡើងរបស់លោក Mixu Paatelailnen។
គួររំលឹកថា ក្នុងជំនួបជើងទី១នៅលើទឹកកម្ពុជាក្រុមទាំងពីរបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ដោយកាលណោះកីឡាករ កែវ សុខផេង ជាអ្នករកគ្រាប់បាល់តាមស្មើឲ្យក្រុមគោព្រៃកម្ពុជា។ បច្ចុប្បន្នកម្ពុជាស្ថិតនៅបាតតារាងមាន១ពិន្ទុ ខណៈហុងកុងឈរលេខ៤មាន២ពិន្ទុ៕
Tag:
បាល់ទាត់
Felix Dalmas
Mixu Paatelailnen
© រក្សាសិទ្ធិដោយ thmeythmey.com