FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
​ថៃ​ជួល​តារាង​ឯកជន​ហ្វឹកហាត់ ខណៈ​ម្ចាស់ផ្ទះ​វៀតណាម​សន្យា​លេង​ដោយ​តាំងចិត្ត​
19, Nov 2019 , 2:59 pm        
រូបភាព
​លោក Park Hang-seo គ្រូបង្វឹក​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​វៀតណាម ប្រាប់​កូនក្រុម​លោក ធ្វើយ៉ាងណា​បន្ថយ​សម្ពាធ​ឲ្យ​ដល់​កម្រិត​សូន្យ ពេល​ទទួលភ្ញៀវ​ថៃ សម្រាប់​ការប្រកួត​ជម្រុះ World Cup 2022 ជុំ​ទី​២ តំបន់​អាស៊ី​។ លោក Park បង្គាប់​ឲ្យ​កូនក្រុម​ធ្វើបែបនេះ ព្រោះ​លោក​ដឹងថា​ថៃ​ជា​គូប្រជែង​ដ៏​ស្វិតស្វាញ​ក្នុង​ចិត្ត​កូនក្រុម​លោក​ជា​យូរ​មកហើយ​។​


 
​គ្រូបង្វឹក​សញ្ជាតិ​កូរ៉េខាងត្បូង អះអាងថា​វៀតណាម​យល់​ពី​សារៈសំខាន់​នៃ​ការប្រកួត​ជាមួយ​ថៃ​ដែលជា​គូប្រជែង​ដ៏​ធំ​បំផុត​ក្នុង​តំបន់​អាស៊ាន នៅឯ​សន្និសីទ​សារព័ត៌មាន​ក្នុង​ក្រុង​ហាណូយ ជាទី​ដែល​វៀតណាម និង​ថៃ​ត្រូវ​តល់​គ្នា​ក្នុង​ពូ​ល G នៅវេលា​ម៉ោង ៨:០០​នាទី​យប់ ថ្ងៃទី​១៩ ខែ​វិច្ចិកា​នេះ​។​
 
«​កីឡាករ​យល់​ពីអ្វី​ដែល​អ្នកគាំទ្រ​របស់​ពួកគេ​ចង់បាន​។ ខ្ញុំ​អាច​មើលឃើញ​ដោយផ្ទាល់​ពី​ការប្តេជ្ញាចិត្ត​ក្នុងការ​ឈ្នះ​របស់​កូនក្រុម​ខ្ញុំ​។ ប៉ុន្តែ ខ្ញុំ​គ្រាន់តែ​ភ័យខ្លាច​ថា​ពួកគេ​នឹងមាន​អារម្មណ៍​តានតឹង​ពេល​ប៉ះ​ថៃ ហើយ​ខ្ញុំ​ពិតជា​មិន​ចង់​ឲ្យ រឿង​នោះ​កើតឡើង​ទេ​»​។ នេះ​ជា​ក្តីបារម្ភ​ចម្បង​បំផុត​របស់លោក Park ខណៈ​វៀតណាម​និង​ថៃ​ជួបគ្នា​ជើង​ទី​១​ម្តង​រួចមកហើយ ដោយ​លទ្ធផល​បាន​ត្រឹម​សូន្យ​ស្មើ​។​
 
​គ្រូបង្វឹក​ដែល​ទើប​បន្ត​កិច្ចសន្យា​ដឹកនាំ​ក្រុម​វៀតណាម​រយៈ​៣​ឆ្នាំ ជាមួយ​ប្រាក់​ឈ្នួល​ដ៏​ច្រើ​នោះ បន្ថែមថា​លោក មិន​ចង់​បង្កើត​សម្ពាធ​បន្ថែមទៀត​សម្រាប់​កូនក្រុម​ឡើយ ដោយ​លោក​ផ្តោត​តែ​លើ​ការរៀបចំ​ទម្រង់​ឲ្យ​បានល្អ​បំផុត​សម្រាប់​ការប្រកួត​នេះ​ប៉ុណ្ណោះ​។​
 
​មុន​ជួយ​គ្នា​នេះ វៀតណាម​បានឈ្នះ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ១-០ រួម​មកហើយ ខណៈ​ថៃ​បរាជ័យ​ក្រោម​ថ្វី​ជើង​ម៉ាឡេស៊ី​ក្នុង​លទ្ធផល ២-១​។ វៀតណាម​ដែល​មិនទាន់​ស្គាល់​ចាញ់​ក្នុង​វគ្គ​ជម្រុះ​នៅឡើយ​នោះ ឈរ​កំពូល​តារាង​ពូ​ល G មាន​១០​ពិន្ទុ នាំមុខ​ថៃ​ដែល​ឈរ​លេខ​២​ចំនួន​៣​ពិន្ទុ​។ អេ​មី​រ៉ា​ត​អារ៉ាប់​រួម​រកបាន​៦​ពិន្ទុ នៅ​លេខ​រៀ​ទី​៣ តាម​ពីក្រោយ​ដោយ​ម៉ាឡេស៊ី​ដែលមាន​៦​ពិន្ទុ​ដូចគ្នា​តែ​ចាញ់​គ្រាប់​ស៊ុត ខណៈ​ឥណ្ឌូណេស៊ី​នៅ​បាត​តារាង​គ្មាន​ពិន្ទុ​រាប់​។​
 
​ដោយឡែក​គ្រូបង្វឹក​ថៃ លោក Akira Nishino វិញ បាន​សារភាព​ចំពោះ​ភាព​តានតឹង​មួយចំនួន​ជាពិសេស​តំបន់​ការពារ​របស់​កូនក្រុម​លោក​នៅពេល​ប៉ះ​ជាមួយ​ក្រុម​ដ៏​រឹងមាំ​វៀតណាម ហើយ​នៅលើ​ទឹកដី​វៀតណាម​ថែមទៀត​។​
 
​អ្វីដែល​គួរ​ចាប់អារម្មណ៍ ថៃ​បាន​ទៅដល់​ទីក្រុង​ហាណូយ តាំងពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ប៉ុន្តែ​ពួកគេ​មិនបាន​ហាត់​នៅលើ​ទីលាន​ដែល​ផ្តល់​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​វៀតណាម (VFF) ទេ​។ ផ្ទុយទៅវិញ ថៃ​បាន​ជួល​ទីលាន​ពី​ក្លិប​បាល់ទាត់​វៀតណាម​សម្រាប់​ហ្វឹកហាត់ និង​ថែមទាំង​បិទទ្វារ​សូម្បីតែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក៏​មិន​ឲ្យ​មាន​ដែរ​។​
 
​គ្រូបង្វឹក​សញ្ជាតិ​ជប៉ុន​លោក Nishino បាន​អរគុណ​ដល់ VFF ក្នុងនាម​ជា​ម្ចាស់ផ្ទះ ប៉ុន្តែ​លោក​បញ្ជាក់ថា​លោក​ត្រូវការ​ភាព​ឯកជន ព្រោះ​ក្រុម​មានការ​ផ្លាស់ប្តូរ​ប្រព័ន្ធ​លេង និង​យុទ្ធសាស្ត្រ​មួយចំនួន​សម្រាប់​ការប្រកួត​ដ៏​សំខាន់​នេះ​។​
 
​ជំនួប​មួយគូ​ទៀត​ក្នុង​ពូ​ល G នេះ ម៉ាឡេស៊ី ត្រូវ​ទទួលភ្ញៀវ​ឥណ្ឌូណេស៊ី នៅវេលា​ម៉ោង ៧:៤៥​នាទី​យប់ [​ម៉ោង​នៅ​កម្ពុជា​]៕

Tag:
 World Cup
  វៀតណាម​
  ថៃ​
© រក្សាសិទ្ធិដោយ thmeythmey.com