ប៉េកាំង បាន​ទាត់ចោល​សេចក្តីសម្រេច​តុលាការ​កំ​ពូ​ល​ហុងកុង​លើ​បម្រាម​ពាក់​ម៉ាស់​បិទមុខ​
អន្តរជាតិ
ប៉េកាំង បាន​ទាត់ចោល​សេចក្តីសម្រេច​តុលាការ​កំ​ពូ​ល​ហុងកុង​លើ​បម្រាម​ពាក់​ម៉ាស់​បិទមុខ​
19, Nov 2019 , 3:35 pm        
រូបភាព
បាតុករហុងកុងម្នាក់ បានពាក់ម៉ាស់បិទមុខ ដើម្បីបិទបាំងអត្តសញ្ញាណរបស់ខ្លួន, រូបភាព៖ South China Morning Post
បាតុករហុងកុងម្នាក់ បានពាក់ម៉ាស់បិទមុខ ដើម្បីបិទបាំងអត្តសញ្ញាណរបស់ខ្លួន, រូបភាព៖ South China Morning Post
​សភា​ចិន បាន​ទាត់ចោល​សេចក្តីសម្រេច​របស់​តុលាការ​កំពូល​ទីក្រុង​ហុងកុង ទាក់ទិន​ទៅនឹង​ការហាមឃាត់​ម៉ាស់​បិទមុខ​។ ក្នុង​សេចក្តីប្រកាស​នេះ បាន​សំអាងថា សេចក្តីសម្រេច​របស់​តុលាការ គឺ​មិនមាន​ដែន​យុត្តាធិការ ស្របទៅនឹង​ច្បាប់​មូលដ្ឋាន ដែលជា​រដ្ឋធម្មនុញ្ញរ​បស់​ហុងកុង​ឡើយ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា​។ 


 
​សេចក្តីប្រកាស​របស់​ទីក្រុង​ប៉េកាំង​ខាងលើនេះ ធ្វើឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​តុលាការ​កំពូល​ទីក្រុង​ហុងកុង បានចេញ​សេចក្តីសម្រេច​ហាមឃាត់​ការពាក់​ម៉ាស់​បិទ​របស់​ក្រុមបាតុករ និង​ចាត់ទុកថា គឺ​ផ្ទុយទៅនឹង​រដ្ឋធម្មនុញ្ញ​។ 
 
​ច្រានចោល​សេចក្តីសម្រេច​តុលាការ​កំ​ពូ​ល​ហុងកុង សភា​ចិន អះអាង​យ៉ាង​ដូច្នេះ​ថា រាល់​ច្បាប់ នៃ​ដែន​រដ្ឋបាល​ពិសេស​ទីក្រុង​ហុងកុង អាច​ស្របទៅនឹង​ធម្មនុញ្ញភាព​នៃ​ច្បាប់​មូលដ្ឋាន​ហុងកុង​ទៅបាន លុះត្រាតែ​មានការ​កាត់សេចក្តី និង​ចេញ​សេចក្តីសម្រេច​ពី គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចិន​។​
 
​បានសេចក្តីថា គ្មាន​អង្គការ​ណាមួយ មាន​សិទ្ធិ​ចេញ​សេចក្តីសម្រេច និង​កាត់សេចក្តី ជំនួសគណៈកម្មាធិការ​អចិន្ត្រៃយ៍​បានឡើយ​។ នេះ​បើ​តាមការអះអាង​ របស់លោក Yan Tanwei អ្នកនាំពាក្យ​គណៈកម្មការ​កិច្ចការ​ច្បាប់ នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​សភា​ប្រជាជន​ចិន នៅក្នុង​សេចក្តីប្រកាស​របស់ខ្លួន​។ 
 
​កន្លងមក​ក្រុមបាតុករ​ទីក្រុង​ហុងកុង បាន​ប្រើប្រាស់​ម៉ាស់​បិទមុខ ដើម្បី​បិទបាំង​អត្តសញ្ញាណ​របស់ខ្លួន​ពី​អាជ្ញាធរ​។ ដើម្បី​ចាត់វិធានការ​ទប់ស្កាត់​​​សកម្មភាព​ទាំងនេះ មេដឹកនាំ​ហុងកុង លោកស្រី ការី ឡាំ កាលពី​ថ្ងៃ ៤​តុលា បាន​យក​ច្បាប់​សល់​ពី​សម័យ​អាណានិគម ដែល​គេ​កម្រ​ប្រើ​បំផុត​មួយ ដាក់​បម្រាម​ក្រុមបាតុករ​ពី​ការពាក់​ម៉ាស់​បិទមុខ ក្នុង​គោលដៅ​កាត់បន្ថយ​អំពើហិង្សា​។ 
 
​អ្នក​ដែល​បំពាន​ច្បាប់​មួយ​នេះ អាច​ជាប់ពន្ធនាគារ​១​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ថែមទៀត​។ នេះ​ជា​លើកដំបូង​ដែល​បទបញ្ញត្តិ​បទបញ្ជា​បន្ទាន់​នេះ ត្រូវបាន​យកមកប្រើ​ប្រាស់​ក្នុង​រយៈពេល​៥២​ឆ្នាំ​ចុងក្រោយ​។ រហូតមកដល់​នៅ​ថ្ងៃ​១៨ ខែវិច្ឆិកា ទើប​តុលាការ​កំពូល​ហុងកុង សម្រេច​ថា បម្រាមមិនឲ្យក្រុមបាតុករពាក់​ម៉ាស់​បិទមុខ​ គឺ​ផ្ទុយទៅនឹង​ច្បាប់​មូលដ្ឋាន​៕ 

Tag:
 ចិន​
  ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com