អន្តរជាតិ
មេ​ប៉ូលិស​ហុងកុង​ថ្មី​បារម្ភ​ថា​ពលរដ្ឋ​តាម​ចាប់កំហុស​ប៉ូលិស តែ​បិទ​ភ្នែក​ចំពោះ​អំពើហិង្សា​
19, Nov 2019 , 7:19 pm        
រូបភាព
លោក Chris Tang Ping-keung ស្នងការប៉ូលិសហុងកុងថ្មី  (South China Morning Post)
លោក Chris Tang Ping-keung ស្នងការប៉ូលិសហុងកុងថ្មី (South China Morning Post)
ដោយ:
​ស្នងការ​ប៉ូលិស​ហុងកុង​ថ្មី បញ្ជាក់​ឲ្យ​ដឹងថា ប៉ូលិស​ក្រុង​ដែលមាន​កម្លាំង​៣១០០០​នាក់ ពុំ​អាច​បិទ​បញ្ចប់​ភាពចលាចល​សង្គម​ដែល​កំពុង​ញាំញី​ទីក្រុង​នេះ​ដោយ​ឯកឯង​បានឡើយ ហើយ​ដូច្នេះ​ខ្លួន​ត្រូវការ​ការគាំទ្រ​ពី​សំ​ណា​ល់​ប្រជាពលរដ្ឋ​ហុងកុង​។ ត្រង់នេះ មេ​ប៉ូលិស​ថ្មី​រូបនេះ បារម្ភ​ថា ពលរដ្ឋ​ហុងកុង​នាំគ្នា​តាមតែ​ចាប់កំហុស​ប៉ូលិស ហើយ​បែរជា​បិទ​ភ្នែក​ចំពោះ​អំពើហិង្សា ដែល​បង្ក​ឡើយ​ដោយ​ពួក​បាតុករ​។​

 
​ក្នុង​កិច្ច​សម្ភាស​ផ្តាច់មុខ​ជាមួយ​កាសែត​ហុងកុង South China Morning Post មុន​ចូល​ស្បថ​កាន់តំណែង​កំពូល​នេះ នា​ថ្ងៃ​អង្គារ ១៩​វិច្ឆិកា លោក Chris Tang Ping-keung គូសបញ្ជាក់ថា វិបត្តិ​នៅ​ហុងកុង ដែល​បច្ចុប្បន្ន​ឈានចូល​ដល់​ខែ​ទី​៦​ហើយ​នោះ គឺ​លើសពី​បញ្ហា​«​ច្បាប់​និង​សណ្ដាប់ធ្នាប់​»​។  
 
​និយាយ​ដល់​ការរិះគន់​របស់​ពលរ​ដ្ឋ​លើ​ការប្រើ​កម្លាំង​ជ្រុល​ហួសហេតុ​របស់​ប៉ូលិស​បង្ក្រាប​បាតុករ លោកស្នងការ Tang សង្កត់ធ្ងន់ថា លោក សង្ឃឹមថា ពលរដ្ឋ​ហុងកុង​នឹង​ថ្កោលទោស​អំពើហិង្សា ដោយ​អះអាងថា ភាពស្ងប់ស្ងាត់​និង​ភាព​ស្ង​ត់​ស្ងៀម​និង​អត់ឱន​ពួកគេ គឺ​មានតែ​ជំរុញ​ឲ្យ​ពួក​បាតុករ​ជ្រុលនិយម​ទាំងនោះ​បង្ក​អុកឡុក​ទីក្រុង​ហុងកុង​កាន់តែខ្លាំង​ឡើងៗ​។ 
 
​ទន្ទឹមនឹង​សំណូមពរ​ដល់​ពលរដ្ឋ​ហុងកុង​ផ្តល់​ការគាំទ្រ​ដល់​ប៉ូលិស លោក Tang ក៏​បង្ហាញ​ក្តីបារម្ភ​ដែរ​ថា ពលរដ្ឋ​គិតតែ​នាំ​ទម្លាក់កំហុស​លើ​សមត្ថកិច្ច ក៏ប៉ុន្តែ​ពួកគេ​បែរជា​បិទ​ភ្នែក បិទ​ត្រចៀក ចំពោះ​អំពើហិង្សា​ទៅវិញ​។ ត្រង់នេះ លោក​និយាយ​បែបនេះ​៖ «​វា​គ្រប់គ្រាន់​ហើយ​! ទោះជា​អ្នក​ជឿ​លើ​អ្វី​ក៏ដោយ កុំ​លើកទឹកចិត្ត​ឲ្យ​មាន​ការប្រើ​អំពើហិង្សា​។ កុំ​អនុញ្ញាត​ឲ្យ​ពួក​ជន​អន្ត​ពាល​ធ្វើ​តាមតែ​អំពើ​ចិត្ត ហើយ​ក្លាយទៅជា​ជ្រុលនិយម​ច្រើនជាង​នេះ​»​។​
 
​បន្ថែម​ពីនេះ លោកស្នងការ​ប៉ូលិស​ថ្មី​នេះ ក៏បាន​ស្តីបន្ទោស​ដល់​ភាពយឺតយ៉ាវ​របស់​ប្រជាជន​ហុងកុង​ក្នុងការ​ចេញមុខ​ថ្កោលទោស​អំពើហិង្សា​។ លោក និយាយ​ដូច្នេះ​៖«​ប្រសិនបើ​អ្នក​រាល់គ្នា នាំគ្នា​ថ្កោលទោស​អំពើហិង្សា​ឲ្យ​លឿន​ជាង​នេះ សង្គម​ហុងកុង នឹងមិន​ធ្លាក់ចូល​ក្នុងស្ថានភាព​បែ​ប​នេះ​ក្នុងពេល​៥​ឆ្នាំ​កន្លងទៅ​ឡើយ​។ មធ្យោបាយ​តែមួយ​ដែល​អាច​បញ្ចប់​ភាពវឹកវរ​នេះ​បាន គឺ​ប្រើប្រាស់​ការ​ថ្កោលទោស​ពី​សំណាក់​សង្គម​ទាំងមូល​, ការ​ភ្ញាក់​ដឹងខ្លួន​របស់​ក្រុមបាតុករ ហើយ​គួបផ្សំ​នឹង​បច្ចេកទេស​សមរម្យ​រប​ស់​ប៉ូលិស​»​។ 
 
​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ព្រម​ធ្វើតាម​សំណើ​របស់​មេដឹកនាំ​ហុងកុង លោកស្រី ការី ឡាំ ដោយបាន​តែងតាំង​លោក Tang ដែលជា​ស្នងការរង​ប៉ូលិស​ហុងកុង ឲ្យ​កាន់តំណែង​ថ្មី​ជា​ស្នងការ​ប៉ូលិស​ហុងកុង​។ ការតែងតាំង​ស្នងការ​ថ្មី​នេះ គឺ​ជំនួស​លោក Stephen Lo Wai-chung ដែល​បាន​ចូលនិវត្តន៍​នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ក្រោយ​កាន់តំណែង​កំពូល​នេះ​អស់​រយៈពេល​៣៥​ឆ្នាំ​មក​។ 
 
​លោក Stephen Lo ក្លាយជា​ស្នងការ​ប៉ូលិស​ទីមួយ​ក្នុង​ប្រ​វិ​ត្តិ​សាស្ត្រ​ហុងកុង​រយៈពេល​១៧៥​ឆ្នាំ​ចុងក្រោយ ដែល​ចាកចេញ​ដោយ​គ្មាន​ពិធី​អាហារ​ពេល​ល្ងាច​លាគ្នា​ជា​ប្រពៃណី «Mess Night» ជាមួយ​មន្ត្រីជាន់ខ្ពស់​ក៏ដូចជា​ភ្ញៀវ​សំខាន់ៗ​ផ្សេងទៀត​។ ទាក់ទិន​នឹង​រឿងនេះ ប្រភពពី​មន្ត្រីប៉ូលិស​ជាន់ខ្ពស់​ហុងកុង​ម្នាក់ អះអាងថា វា​គ្មាន​អ្វីដែល​គួរ​អបអរសាទរ​ឡើយ​នៅពេល​វេលា​នេះ ព្រោះ ហុងកុង កំពុង​ស្ថិតនៅ​មាត់ជ្រោះ​នៃ​ការ​បាក់បែក​ខ្ទេចខ្ទី​ទាំងស្រុង​ទៅហើយនោះ​។ ប្រភព​ដដែល បន្តថា ស្ថានការណ៍​ក្នុង​កងកម្លាំង​ប៉ូលិស​ហុងកុង ពុំសូវល្អ ហេតុដូច្នេះ​ហើយ​លោក Lo ចង់​ដើរចេញ​ដោយ​ភាពស្ងប់ស្ងាត់​៕

Tag:
 ហុងកុង​
  មេ​ប៉ូលិស​
  បាតុកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com