កីឡាអន្តរជាតិ
អន្តរជាតិ
Henry ត្រឡប់ចូលធ្វើអ្នកចាត់ការ Montreal ក្រោយបរាជ័យជាមួយ Monaco
× លោក Thierry Henry បានក្លាយជាអ្នកចាត់ការទូទៅថ្មីរបស់ក្រុម Montreal Impact នៃលីគកំពូលអាមេរិក (MLS) ជាផ្លូវកា។ វីរបុរសក្រុម Arsenal រូបនេះ បញ្ជាក់ថាលោកចង់ «ប្រឈមមុខ» ជាថ្មីបន្ទាប់ពីទទួលបានត្រឹមការខកចិត្តក្នុងការដឹកនាំក្រុម Monaco សម្រាប់អាជីពអ្នកចាត់ការដំបូងរបស់ខ្លួន ត្រឹមរយៈពេលខ្លី។
Monaco ក្លិបនៃលីគកីឡាបាល់ទាត់កំពូលបារាំង Ligue1 បានបញ្ចប់តំណែង Henry ក្នុងនាមអាជីពជាអ្នកចាត់ការទូទៅដំបូង កាលពីខែមករាកន្លងទៅ បន្ទាប់ពីដឹកនាំឈ្នះតែ៥ប្រកួតប៉ុណ្ណោះ ក្នុងចំណោម២០ប្រកួត។
អ្នកចាត់ការសញ្ជាតិបារាំង វ័យ៤២ឆ្នាំរូបនេះបានអះអាងក្នុងសន្និសីទសារព័ត៌មានក្រោយតែងតាំងជាគ្រូ Montreal Impact ថា៖«អ្នកនឹងដួល ហើយនេះជាវិធីដែលអ្នកក្រោកឡើងវិញ។ អ្នកអាចរៀនបានច្រើន ហើយស្វែងយល់បន្ថែមពីខ្លួនអ្នកនៅក្នុងស្ថានភាពដ៏លំបាក។
Henry បានពន្យល់ពីការវិលត្រឡប់ទៅកាន់តំណែងជាគ្រូបង្វឹកជាលើកទីពីររបស់ខ្លួនទៀតថា នេះជាការវិលត្រឡប់មកវិញ ក្នុងជីវិតបាល់ទាត់របស់លោក។ ហើយកំហុសតែមួយគត់ដែលអាចកើតឡើងបាន គឺដោយសារមិនរៀនពីអ្វីដែលបានកើតឡើងរួចមក។
«អ្នកត្រូវត្រឡប់មកវិញហើយប្រឈមមុខជាមួយវា។ ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលមានឱកាសធ្វើការជាមួយក្លិបមួយនេះ»។ នេះជាការរៀបរាប់របស់អតតិសមាជិកក្រុមជម្រើសជាតិបារាំង។
សម្រាប់តំណែងជាអ្នកចាត់ការក្រុម Montreal Impact នេះ Henry បានយល់ព្រមលើកិច្ចសន្យារយៈពេល ២ឆ្នាំ និងមានជម្រើសបន្តរហូតដល់ឆ្នាំ ២០២២ផង។
Montreal ដែលខកខានមិនបានឈានទៅប្រកួតវគ្គ Play-offs កាលពីរដូវកាលមុន បានចែកផ្លូវគ្នាជាមួយគ្រូបង្វឹកលោក Wilmer Cabrera នៅពេលកិច្ចសន្យារបស់គ្រូសញ្ជាតិកូឡុំប៊ីរូបនេះអស់សុពលភាពក្រោយចប់រដូវកាលកន្លងទៅ៕
Tag:
Thierry Henry
Montreal Impact
Monaco
© រក្សាសិទ្ធិដោយ thmeythmey.com