សេដ្ឋកិច្ច
អន្តរជាតិ
ឧបនាយករដ្ឋមន្ត្រីថៃប្រាប់ពលរដ្ឋកុំនិយាយបញ្ហាសេដ្ឋកិច្ច ព្រោះខ្លាចអ្នកវិនិយោគបាត់ទំនុកចិត្ត លោកឧបនាយករដ្ឋមន្ត្រីថៃ Somkid Jatusripitak (ប្រភពរូប៖ កាសែត The Nation ថៃ
× លោកឧបនាយករដ្ឋមន្ត្រីថៃ Somkid Jatusripitak បានទទូចឲ្យសាធារណជនកុំជជែកពិភាក្សាបញ្ហាសេដ្ឋកិច្ចរបស់ប្រទេសថៃញឹកញាប់ពេក ដោយអះអាងថា ទង្វើនេះអាចជះឥទ្ធិពលផ្លូវអារម្មណ៍លើទំនុកចិត្តរបស់ក្រុមអ្នកវិនិយោគ។
មួយថ្ងៃប៉ុណ្ណោះក្រោយក្រុមប្រឹក្សាអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ចជាតិថៃ (NESDC) បានប្រកាសពីការថមថយកម្លាំងនៃកំណើនសេដ្ឋកិច្ចថៃនៅត្រីមាសទី៣ ឧបនាយករដ្ឋមន្ត្រីថៃលោក Somkid Jatusripitak អះអាង សេដ្ឋកិច្ចថៃ ពឹងផ្អែកមួយផ្នែកធំលើការនាំចេញ ហើយកត្តាពីខាងក្រៅជះឥទ្ធិលពលយ៉ាងខ្លាំងចំពោះសេដ្ឋកិច្ចក្នុងស្រុក។
តាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍ នៅថ្ងៃទី១៩ ខែវិច្ឆិកា លោកឧបនាយករដ្ឋមន្ត្រីថៃរូបនេះ បញ្ជាក់ឲ្យដឹងថា លោកគិតថា បញ្ហាសេដ្ឋកិច្ច ពុំគួរក្លាយជារឿងដែលមនុស្សម្នាក់នាំគ្នារអ៊ូរទាំឡើយ ហើយរឿងសំខាន់នោះគឺ ទំនុកចិត្ត។ ត្រង់ចំណុចនេះ លោកសង្កត់ធ្ងន់ថា ប្រសិនបើប្រជាជនថៃបន្តនិយាយតែអំពីបញ្ហាសេដ្ឋកិច្ចបែបនេះតទៅទៀតនោះ វានឹងធ្វើឲ្យរឿងល្អ មើលទៅអាក្រក់ ដែលនឹងបង្កផលវិបាកកាន់តែធំ។
លោក Somkid ហាក់មិនចាប់អារម្មណ៍ពីកង្វល់ពាក់ព័ន្ធនឹងការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ស្ថានប័នផ្តល់យោបល់របស់រដ្ឋាភិបាល NESDC ដោយអះអាងថា តួលេខនេះ គឺនៅល្អប្រសើរ ខណៈកំណើនសេដ្ឋកិច្ចសកលធ្លាក់ចុះខ្លាំង។ លោក កត់សម្គាល់ថា សេដ្ឋកិច្ចថៃ រក្សាលំនឹងល្អ ហើយនៅតែមានឱកាសសម្រេចកំណើនសេដ្ឋកិច្ចដំណាច់ឆ្នាំ រៀងរាល់ឆ្នាំ ហើយកំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ ពង្រឹងកម្លាំងក្នុងត្រីមាសទី៤ ហើយសហគ្រាសរដ្ឋ គ្រោងចំណាយលុយ១០០ពាន់លានបាត ឬស្មើនឹង ៣,៣១ពាន់លានដុល្លារនៃកញ្ចប់ថវិកាវិនិយោគក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០១៩នេះ ដើម្បីជំរុញសេដ្ឋកិច្ច។
ទន្ទឹមនេះ លោកឧបនាករដ្ឋមន្ត្រី Somkid ក៏បានបញ្ជាក់ឲ្យដឹងទៀតថា លោកបានត្រៀមលក្ខណៈរួចរាល់ដើម្បីពន្យល់ពីមូលហេតុនៃការធ្លាក់ចុះយឺតនៃកំណើនសេដ្ឋកិច្ចថៃ ប្រសិនបើក្រុមបក្សប្រឆាំងសម្រេចលើកយកបញ្ហានេះទៅជជែកតស៊ូមតិនៅសភា ដែលគ្រោងរៀបចំឡើងនាខែក្រោយ។
សូមបញ្ជាក់ថា ការលើកឡើងរបស់លោក Somkid ធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ចជាតិថៃ (NESDC) បានកាត់ការប៉ាន់ស្មានកំណើន GDP ប្រចាំឆ្នាំ២០១៩ មកត្រឹម ២,៦ភាគរយ ដោយការព្យាករណ៍កន្លងទៅ គឺនៅចន្លោះពី២,៧ភាគ និង៣,២ភាគរយ។ ម្យ៉ាងទៀត ភ្នាក់ងារដដែលនេះ ក៏បានទម្លាក់ការព្យាករណ៍នៃការនាំចេញផលិតផលរបស់ថៃសម្រាប់ឆ្នាំនេះទៀតផង៕
Tag:
ថៃ
Somkid Jatusripitak
© រក្សាសិទ្ធិដោយ thmeythmey.com