លោក អាគី​រ៉ា បង្កើត​សារមន្ទីរ​មីន​ប្រាប់​ពិភពលោក​ឱ្យដឹងពី​មហន្ដរាយ​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក អាគី​រ៉ា បង្កើត​សារមន្ទីរ​មីន​ប្រាប់​ពិភពលោក​ឱ្យដឹងពី​មហន្ដរាយ​
19, Nov 2019 , 9:39 pm        
រូបភាព
​សៀមរាប​៖ នៅ​ឆ្នាំ​២០១៩​នេះ សារមន្ទីរ​គ្រាប់មីន​កម្ពុជា ដែល​បង្កើតឡើង​ដំបូង​គេ​ដោយ​អតីត​កូនទាហាន​ខ្មែរក្រហម មាន​អាយុ​២០​ឆ្នាំ​ហើយ​។ សារមន្ទីរ​នេះ​ប្រមូលផ្តុំ​ដោយ​គ្រឿង​សព្វាវុធ​ច្រើន​ប្រភេទ ដែល​សេសសល់​ពី​សង្គ្រាម​។ ប្រធាន​សារមន្ទីរ​គ្រាប់មីន​កម្ពុជា លោក អាគី​រ៉ា ប្រាប់ថា លោក​បង្កើត​សារមន្ទីរ​នេះ​ឡើង​ដោយសារ​ចង់​ជួយ​រំដោះ​ផ្ទៃដី​ដែលមាន​គ្រាប់មីន ជួយ​ប្រជាពលរដ្ឋ​ឱ្យមាន​សុវត្ថិភាព និង​មាន​ផ្ទៃដី​សម្រាប់ធ្វើ​ស្រែចម្ការ​។ ពិសេស​ជាង​នេះ សារមន្ទីរ​នេះ​ជា​សារសំខាន់​សម្រាប់​ដាស់តឿន​ដល់​ពិភពលោក​ឱ្យដឹងពី​មហន្តរាយ​ដែល​កើតឡើង​ដោយសារ​សង្គ្រាម មហន្តរាយ​ដោយសារ​គ្រាប់មីន និង​ចង់ឱ្យ​ពិភពលោក​ឈប់​ផលិត​វាត​ទៅទៀត​។​

 
​ព័ត៌មាន​ពិស្ដារ សូម​ស្ដាប់​ការអត្ថាធិប្បាយ​របស់​អ្នកនាង អ៊ី​សា រ៉​ហា​នី នៃ​សារព័ត៌មាន​ថ្មីៗ​ដូចតទៅ​៖


 
 
​នេះ​ជា​សំដី​របស់លោក អាគី​រ៉ា ដែល​គេ​ស្គាល់​ថា​ជា HERO CNN លើ​ការស្ម័គ្រចិត្ត​ដោះមីន​នៅ​កម្ពុជា ដែល​សព្វថ្ងៃ​លោក​គឺជា​ប្រធាន​សារមន្ទីរ​គ្រាប់មីន​កម្ពុជា​។ នៅ​សារមន្ទីរ​នេះ​មាន​តាំង​បង្ហាញ​នូវ​គ្រឿង​សព្វាវុធ​ច្រើន​ប្រភេទ ដែល​ប្រមូលបាន​ពី​ការងារ​ដោះមីន​របស់លោក​។ អាគី​រ៉ា បានចាប់ផ្តើម​ការងារ​ដោះមីន​ពី​ឆ្នាំ​១៩៩០ តាមរយៈ​ការងារ​ស្ម័គ្រចិត្ត​។ ឆ្នាំ​១៩៩៧ សារមន្ទីរ​គ្រាប់មីន​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​បានចាប់ផ្តើម​បើក​ដំណើរការ​ដល់​ភ្ញៀវទេសចរ​នៅ​ក្រុង​សៀមរាប និង​នៅ​ឆ្នាំ​២០០៧ បាន​ដូរ​ទៅ​ភូមិ​ខ្នារ​សណ្ដាយ ស្រុក​បន្ទាយស្រី​។​


 
​លោក អាគី​រ៉ា បានឱ្យដឹងថា ការបង្កើត​សារមន្ទីរ​នេះ​ឡើង​ដោយសារ​ចង់បង្ហាញ​ពី​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន​ដែលមាន​មហន្តរាយ​ដល់​ជីវិត​មនុស្ស សត្វ ហើយ​ផ្ទៃដី​ដែលមាន​មីន​មិនអាច​ដាំ​ដុះ​បាន បង្កើតជា​ភាពក្រីក្រ​ដល់​ប្រជាពលរដ្ឋ​។ លោក អាគី​រ៉ា ចង់ឱ្យ​ពិភពលោក​បានដឹង​ឮ​ពី​បញ្ហា​នេះ ហើយ​ឈប់​ផលិត​វា​បន្តទៀត​។ តាំងពី​ខ្លួន​ផ្តើម​ចុះជួយ​ដោះមីន​លើ​ផ្ទៃដី​របស់​ប្រជាពលរដ្ឋ​មក សរុប​ជា​គ្រាប់​បាន​ប្រមាណ​៥​ម៉ឺន​គ្រាប់​ហើយ​។ លោក អាគី​រ៉ា និយាយថា​៖« ខ្ញុំ​ស្ម័គ្រចិត្ត​ដោះមីន​ពី​ឆ្នាំ​១៩៩០ ដល់​សព្វថ្ងៃ បាន​ទាំង​គ្រាប់ បាន​ទាំង​មីន ប្រមាណ​៥​ម៉ឺន​គ្រាប់ ស្មើ​ឱ្យ​យើង​ជួយ មីន​មួយជីវិត​មួយ​»​។ នេះ​ជា​អ្វីដែល​លោក អាគី​រ៉ា ចង់​បង្ហាញថា ខ្លួន​បាន​ជួយ​ជីវិត​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យ​គេច​ផុតពី​គ្រោះថ្នាក់​ដោយសារ​គ្រាប់​មិនទាន់​ផ្ទុះ​ដែល​បន្សល់​ពី​សង្គ្រាម​។​
 
​ដ្បិតថា បាន​បង្កើត​តាំងពី​ឆ្នាំ​១៩៩៧ តែ​សារមន្ទីរ​មីន​របស់លោក អាគី​រ៉ា ទើបនឹង​ផ្តើម​លក់​សំបុត្រ​ជូន​ភ្ញៀវទេសចរ​អន្ដរជាតិ នៅ​អំឡុង​ឆ្នាំ​២០១៥​តែប៉ុណ្ណោះ​។ កន្លងមក សារមន្ទីរ​នេះ​ពឹង​លើ​ថវិកា​បរិច្ចាគ​ពី​ភ្ញៀវទេសចរ ហើយ​ថវិកា​ទាំងនោះ​លោក​បាន​យកទៅ​បែងចែក មួយផ្នែក​សម្រាប់​សង់សា​លា​រៀន​នៅ​ជនបទ​ក្រីក្រ មួយផ្នែក​សម្រាប់​ការងារ​ជួយ​កុមារ​រងគ្រោះ​ដោយសារ​មីន ក៏ដូចជា​ចិញ្ចឹម​កុមារ​ដែល​រងគ្រោះ​ដោយសារ​មីន ដោយ​ទំនុកបម្រុង​ពួកគេ​រហូតដល់​រៀន​ចប់​និង​មានការ​ងារ​ធ្វើ​។ 


 
​ងាក​ទៅក្រោយ​បន្ដិច ក្នុង​ទឹកមុខ​បែប​ស្រងូតស្រងាត់​ម្ដងម្កាល​កំឡុង​ផ្តល់​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន លោក អាគី​រ៉ា នឹក​ដល់​សម័យ​ខ្មែរក្រហម ដែល​ធ្វើឱ្យ​លោក​បាត់បង់​ឪពុកម្ដាយ​និង​ព្រាត់ប្រាស់​បងប្អូន​សាច់ញាតិ​។ លោក​នៅចាំ​ថា សម័យ​នោះ​ខ្លួន​មាន​អាយុ​ប្រហែល​៤​ឬ​៥​ឆ្នាំ និង​ជា​ក្មេង​រស់នៅក្នុង​កងកុមា​រ​។ ជីវិត​បន្ត​រស់នៅ​ជ្រកកោន​ជាមួយ​គេឯង ក្រោយ​សម័យ​ខ្មែរក្រហម កុមារា អាគី​រ៉ា រស់នៅ​ជាមួយ​ទាហាន​ខ្មែរក្រហម​ក្នុង​តំបន់​ភូមិសាស្ដ្រ​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​សៀមរាប​។ ពេលនោះ​ហើយ ដែល​លោក​មាន​ភាពស្និទ្ធស្នាល​ជាមួយ​កាំភ្លើង និង​គ្រាប់បែក គ្រាប់មីន ស្ទើរ​គ្រប់​ប្រភេទ ហើយ​ចាត់ទុក​គ្រឿង​ទាំងនោះ​ជា​របស់​កម្សាន្ត​សម្រាប់​ជីវិត​កុមារ​អាយុ​ប្រហែល​ជិត​១០​ឆ្នាំ​។ លោក​ប្រាប់ថា ពេលនោះ​លោក​ហាក់​សប្បាយរីករាយ​ជាមួយ​ការបាញ់​កាំភ្លើង និង​បោក​គ្រាប់បែក​ក្នុង​សមរភូមិ ពិសេស​សង្គ្រាម​ពេល​រាត្រី​។ ពេល​រាត្រី​លោក​ឃើញ​គ្រាប់កាំភ្លើង​ហោះ​ដូច​កាំជ្រួច រីឯ​សំឡេង​វា លោក​ប្រដូច​ទៅនឹង​ការ​វាយ​ភ្លេង​ស្គរ​ដូច្នោះ​ដែរ​។​
 
​បន្ទាប់ពី​ត្រូវ​ទាហាន​វៀតណាម​ចាប់បាន​ក្នុង​ជំរំ​ទ័ព​ខ្មែរក្រហម លោក អាគី​រ៉ា បានមក​រស់នៅក្នុង​តំបន់​អង្គរ​ជាមួយ​ទាហាន​វៀតណាម​។ លោក​រម្លឹកថា ទាហាន​វៀតណាម​ស្រឡាញ់​លោក និង​បាន​យក​លោ​កម​កនៅ​ជាមួយ​គ្រាន់​បោក​ខោអាវ ដាំ​ស្លរ និង​ដាំ​ទឹកតែ​។ រយៈពេល​ប្រមាណ​៣​ឆ្នាំ​ជាមួយ​ទាហាន​វៀតណាម លោក អាគី​រ៉ា បន្ត​រៀន​វិធី​បាញ់កាំភ្លើង និង​ដោះមីន​បន្ថែម រហូតដល់​សម័យ​អ៊ុនតាក់​។ នៅ​សម័យ​អ៊ុនតាក់ លោក អាគី​រ៉ា ប្រាប់ថា មានឱកាស​កែប្រែ​ជីវិត​ដោយបាន​រៀនសូត្រ និង​ជ្រើសរើស​ផ្លូវ​ល្អ​សម្រាប់​ជីវិត​ជា​កុមារកំព្រា​។ លោក​បន្ត​រៀន​ជំនាញ​ដោះមីន​ដោយ​ប្រើ​បច្ចេកទេស​ទំនើបៗ ខុសពី​ពេលមុន​ដែល​លោក​ធ្លាប់​កាន់​ដោះ​ដោយ​ដៃ​ផ្ទាល់​។​


 
​ទាក់ទង​នឹង​ឈ្មោះ​វិញ មកដល់​បច្ចុប្បន្ននេះ លោក អាគី​រ៉ា មិនទាន់​ដឹងថា​ឈ្មោះ​ពី​កំណើត​ខ្លួន​ឈ្មោះ​អ្វី​ឡើយ​។ មាន​មាឌធំ មុខ​ថ្គាមខ្លា នៅ​ពី​តូច​គេ​ហៅ​លោ​កថា «​យក្ស​» ក្រោយមក​មានឈ្មោះ អា​ឡូ អា​ក្លេ អាឡៃ សម សុភាព វុទ្ធី គឺ​ប្ដូរ​ផ្ដាស់​ទៅតាម​កន្លែង​និង​អ្នក​ស្គាល់​ដែល​បានដាក់​ឱ្យ​។ មិន​ត្រឹមតែ​ឈ្មោះ​ទេ សូម្បី​ថ្ងៃខែ​ឆ្នាំ​កំណើត ក៏​មិន​ច្បាស់លាស់​ដែរ​។ ឈ្មោះ អាគី​រ៉ា គឺ​ជនជាតិ​ជប៉ុន​ម្នាក់​ក្នុងសម័យ​អ៊ុនតាក់​ជា​អ្នក​ដាក់ឱ្យ ហើយ​ត្រូវបាន​លោក អាគី​រ៉ា ប្រើ និង​គេ​ស្គាល់​រហូតមក​។​
 
​សព្វថ្ងៃ លោក អាគី​រ៉ា មានកូន​ចំនួន​៣​នាក់ ប្រុស​២​ស្រី​១ ដែល​កូនច្បង​កំពុង​រៀន​ថ្នាក់​ទី​១០​។ លោក​មាន​ពេល​តិចតួច​សម្រាប់​ការងារ​នៅ​សារមន្ទីរ ក្រៅពីនោះ​គឺ​សារមន្ទីរ​របស់​លោកមា​ន​បេសកកម្ម​ចុះ​ដោះមីន​នៅ​ខេត្ត​គោលដៅ​ចំនួន​១០ រាប់​ចាប់ពី​ខេត្តពោធិ៍សាត់ ដល់​ខេត្តស្ទឹងត្រែង ហើយ​លោក​ចំណាយពេល​ច្រើន​នៅតាម​ចម្ការមីន​។​
 
​ការងារ​ដោះមីន​មិនមែនជា​រឿង​ងាយស្រួល​ទេ ហើយ​មាន​ផលប៉ះពាល់​ខ្លាំង​ដល់​សុខភាព​។ នៅពេល​សួរថា តើ​លោក​មានបំណង​ឈប់​ធ្វើ​ការងារ​នេះ​ដែរឬទេ​នាពេល​អនាគត លោក អាគី​រ៉ា ឆ្លើយ​ភ្លាម​ថា លោក​ស្រឡាញ់​ការងារ​នេះ និង​ពេញចិត្ត​ក្នុងការ​ជួយសង្គ្រោះ​ជីវិត​មនុស្ស ជួយ​រំដោះ​ផ្ទៃដី​ដើម្បីឱ្យ​ពលរដ្ឋ​យកទៅ​បង្កបង្កើនផល នេះ​ជា​ក្ដី​សុខ​ផ្ទាល់ខ្លួន​របស់លោក អាគី​រ៉ា ដែលថា លោក​មិនមាន​ជំនាញ​អ្វី​ផ្សេង​ក្រៅពី​ការងារ​នេះឡើយ​។ លោក​បន្តថា​៖« ការងារ​ដោះមីន​ប្រឈម​ច្រើន គឺ​ធ្វើការ​២៥​ថ្ងៃ សម្រាក​៥​ថ្ងៃ ដេក​នៅ​ចម្ការមីន ក្ដៅ ដាច់ទឹក ចម្ការ​ខ្លះ​ដើររក​ទឹក​ឆ្ងាយ​តាម​ត្រពាំង អូរ ... អត់​ខ្យល់ ឈឺ គ្រុនចាញ់ ...​សារធាតុ​គ្រាប់មីន​ក៏​ប៉ះពាល់​សុខភាព​យើង​ដែរ មាន​ជាតិពុល គីមី ផ្សែង​ពុល ពេលខ្លះ​ផ្សែង​ប​ន្ទុះ ធ្វើឱ្យ​យើង​ឈឺក្បាល វិលមុខ ធ្វើឱ្យ​កើត​ជំងឺ ដូច​ខ្ញុំ​ធ្វើ​រាល់ថ្ងៃ ធ្វើឱ្យ​យើង​គិត​អី​ឆាប់​ភ្លេច អត់​ចាំ វង្វេង ពេលខ្លះ​ដើរទៅ​ដូច​ដើរ​លើ​ខ្យល់ ហូរ​អី​មិនដឹង​រសជាតិ​...»​។​


 
​ថ្ងៃ​ទៅមុខ លោក អាគី​រ៉ា ចង់​រក្សា​សារមន្ទីរ​នេះ​ឱ្យមាន​ជីវិត​រហូត និង​ចង់ឱ្យមាន​អ្នកគ្រប់គ្រង​ជំនួស អាចជា​បុគ្គលិក​ដែលមាន​សមត្ថភាព កូនៗ​របស់លោក ឬ​រាជរដ្ឋាភិបាល​ក៏បាន​។ លោក​ចង់ឱ្យ​ក្មេងៗ​ដែល​រងគ្រោះ​ដោយ​គ្រាប់មីន​មានចំណេះដឹង និង​មាន​អនាគត​ប្រសើរ​។ ពាក់កណ្ដាល​ជីវិត​ក្នុងសម័យ​សង្គ្រាម លោក អាគី​រ៉ា ជា​មនុស្ស​ម្នាក់​ដែល​ស្ងប់សង្គ្រាម​ជាខ្លាំង លោ​កថា​សង្គ្រាម​មិនល្អ​ទេ និង​ចង់ឱ្យ​យុវជន​ក៏ដូចជា​កូនៗ​របស់លោក​ប្រឹងប្រែង​រៀនសូត្រ ដើម្បី​ជួយ​សង្គម​ឱ្យមាន​ការរីកចម្រើន ឱ្យ​សង្គម​ចាក​ឆ្ងាយ​ពី​សង្គ្រាម​។ 
 
​បន្ថែម​ពីអ្វី​ដែល​កំពុង​ជួយ​ដល់​សង្គម​សព្វថ្ងៃ ក្នុងនោះ​លោក អាគី​រ៉ា មានបំណង​បង្កើត​មជ្ឈមណ្ឌល​ថែទាំ​មនុស្ស​ចាស់ មនុស្ស​ខ្សោយ​បញ្ញា ឬ​មាន​សតិ​មិន​គ្រប់​ផងដែរ​។ លោក​ប្រាប់ថា ពួកគេ​ទាំងនោះ​មានជីវិត​ដូច​មនុស្ស​ទូទៅ​ដែរ ហើយ​ត្រូវការ​ការថែទាំ​មួយ​ដែល​ល្អប្រសើរ​៕









Tag:
 សារមន្ទីរ​គ្រាប់មីន​កម្ពុជា​
  អាគី​រ៉ា​
  បន្ទាយស្រី​
© រក្សាសិទ្ធិដោយ thmeythmey.com