កីឡាអន្តរជាតិ
អន្តរជាតិ
Bale ជឿថា​សមិទ្ធផល​នៅ Euro 2016 នឹង​ជំរុញ​វេ​លស៍​យកឈ្នះ​ហុង​គ្រី ដើម្បី​ឈានទៅ Euro 2020
19, Nov 2019 , 5:15 pm        
រូបភាព
​ខ្សែប្រយុទ្ធ Gareth Bale ជឿជាក់ថា​សមិទ្ធផល​ដ៏​អស្ចារ្យ​របស់​វេ​លស៍​នៅ Euro 2016 ដែល​ឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នឹង​ជំរុញ​ទឹកចិត្ត​ក្រុម​យកឈ្នះ​ហុង​គ្រី ដើម្បី​បាន​កៅអី​ទៅកាន់ Euro 2020​។​



​ក្រុម​ដែល​ដឹកនាំ​ដោយ​គ្រូបង្វឹក​លោក Ryan Giggs នឹងត្រូវ​ទទួល​ស្វាគមន៍​ភ្ញៀវ​ហុង​គ្រី សម្រាប់​ជំនួប​ចុងក្រោយ នៃ​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល E នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា វេលា​ម៉ោង ២:៤៥​នាទី​រំលង​អា​ធ្រា​ត្រ [​ម៉ោង​នៅ​កម្ពុជា​] និង​ជាការ​ប្រកួត​កាត់សេចក្តី​ដើម្បី​យក​មួយក្រុម​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​ទ្វីបអឺរ៉ុប​ឆ្នាំ​២០២០​។ 
 
​ក្នុងការ​ប្រកួត​ជម្រុះ​ទាំង​១០​ពូ​ល​កន្លងមក គេ​បាន​រកឃើញ​ក្រុម​ចំនួន​១៩ ហើយ​ដែល​កក់​កៅអី​ទៅ Euro 2020 ខណៈ​វេ​លស៍ ហុង​គ្រី និង​ស្លូ​វ៉ា​គី​កំពុងមាន​ពិន្ទុ​ប្រដេញ​គ្នា ហើយ​ត្រូវ​ប្រជែង​គ្នា​ចុងក្រោយ​ដើម្បី​យក​តំណែង​ចំណាត់ថ្នាក់​ទី​២​ក្នុង​ពូ​ល E បន្ទាប់ពី​ក្រូ​អាស៊ី​ដែល​ឈរ​កំពូល​តារាង​បាន​កៅអី​រួចស្រេច​។​
 
​ឆ្លងកាត់​ការប្រកួត​៧​លើក វេ​លស៍​ដែល​ឈានដល់​វគ្គ​ពាក់កណ្តាល់​ផ្តាច់ព្រ័ត្រ​កាលពី​ឆ្នាំ​២០១៦ រកបាន​១១​ពិន្ទុ ឈរ​នៅ​លេខ​រៀង​ទី​៣ តាម​ពីក្រោយ​ហុង​គ្រី​ដែល​នៅ​លេខ​២​ចំនួន​១​ពិន្ទុ និង​លើស​ស្លូ​វ៉ា​គី​ដែល​ឈរ​លេខ​៤​ចំនួន​១​ពិន្ទុ​។ ស្លូ​វ៉ា​គី​ត្រូវ​តទល់​ជាមួយ​ក្រុម​បាត​តារាង​អា​ស៊ែ​បៃ​ហ្ស​ង់​សម្រាប់​ការប្រកួត​ចុងក្រោយ​នេះ​។​
 
​សម្រាប់​ជំនួប​កាត់សេចក្តី​នេះ ខ្សែប្រយុទ្ធ​ឆ្នើម Real Madrid អះអាងថា​វេ​លស៍​អាច​ប្រើប្រាស់​បទពិសោធន៍​ដែល​ទទួលបាន​កាលពី​៣​ឆ្នាំមុន បូករួម​នឹង​ការខកខាន​មិនបាន​ចូលរួម​ប្រកួត World Cup ឆ្នាំ ២០១៨ ជាការ​បំផុសគំនិត​ឆ្ពោះទៅរក​ការប្រកួត​ដ៏​សំខាន់​នៅ​យប់​នេះ ។​
 
Bale និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត​ថា​៖«​ខ្ញុំ​គិតថា​យើង​អាច​ប្រើ​បទពិសោធន៍​ទាំងពីរ​ខាងលើ​ជា​ប្រយោជន៍​របស់​យើង​។ យើង​បានទទួល​លទ្ធផល​ល្អ​នៅ Euro 2016 ហើយ​យើង​នឹងធ្វើ​ឲ្យ​បានល្អ​បែបនេះ​ម្តងទៀត​នៅពេល​ប៉ះ​ហុង​គ្រី​»​។​
 
​សូមបញ្ជាក់ថា ក្រុម​ដែល​បញ្ចប់​ទៅក្នុង​ចំណាត់ថ្នាក់​ទី​១ និង​ទី​២​តាម​ពូ​ល​និ​មូ​យៗ អាចឈាន់​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដោយ​ស្វ័យប្រវត្តិ ខណៈ​ក្រុម​លេខ​៣​ត្រូវ​ប្រកួត play-off បន្ត​ដើម្បី​យក​៤​ក្រុម​បន្ថែម​ដើម្បី​បង្គ្រប់​២៤​ក្រុម​។​
 
​ក្រុម​ដែល​ទទួលបាន​កៅអី​រួចស្រេច​ហើយ​ចំនួន​១៩ រួមមាន អង់គ្លេស ឆែក អ៊ុយ​ក្រែ​ន អេ​ស្ប៉ា​ញ ស៊ុយអែត ប៉ូឡូញ បារាំង តួ​ក​គី បែលហ្ស៊ិក រុស្ស៊ី អ៊ីតាលី ហ្វាំ​ង​ឡង់ ក្រូ​អាស៊ី ហូ​ឡង់ អូទ្រីស អាល្លឺម៉ង់ ម្ចាស់​ការពារ​ជើងឯក​ព័រ​ទុយ​ហ្គា​ល់ ដា​ណឺ​ម៉ាក និង​ស្វ៊ី​ស​៕

Tag:
 Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com