ជាតិ
សិល្បះ
«​ទេព​នាដ​វ​ដ្ដី​ឯក​» បន្សល់​គម្រោង​ស្រាវជ្រាវ​របាំ​ជាច្រើន​ដែល​មិនទាន់​បានបញ្ចប់​
19, Nov 2019 , 5:46 pm        
រូបភាព
សម្ដេច​រាជបុត្រី​ ព្រះ​រៀម បុប្ផា​ទេវី ថត​រូប​ជា​មួយ​នាដក​ នាដកា​ របាំ​ព្រះ​រាជ​ទ្រព្យ​ ១០០​ឆ្នាំ ក្រោយ​សន្និសីទ​សារព័ត៌​ស្ដី​ពី​សម្ដែង​របាំ​១០០​ កាល​ពី​ពេល​កន្លង​ទៅ
សម្ដេច​រាជបុត្រី​ ព្រះ​រៀម បុប្ផា​ទេវី ថត​រូប​ជា​មួយ​នាដក​ នាដកា​ របាំ​ព្រះ​រាជ​ទ្រព្យ​ ១០០​ឆ្នាំ ក្រោយ​សន្និសីទ​សារព័ត៌​ស្ដី​ពី​សម្ដែង​របាំ​១០០​ កាល​ពី​ពេល​កន្លង​ទៅ
ភ្នំពេញ​៖ សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី គោរមងារ “​ទេព​នាដ​វ​ដ្ដី​ឯក​” កាល​ទ្រង់​គង់​ព្រះជន្ម​នៅឡើយ ព្រះអង្គ​បាន​ផ្ដួចផ្ដើម​ឱ្យមាន​ការស្រាវជ្រាវ​មេ​របាំ​ចំនួន​៤ ក្បាច់​បាត​មូលដ្ឋាន​របាំ​បុរាណ ឱ្យមាន​ការឯកភាព​គ្នា និង​ចងក្រង​ភាសា​របាំ ដើម្បី​ទុកជា​ឯកសារ​ផ្លូវការ បង្រៀន​ដល់​សិស្សសិល្បៈ​ជំនាន់​ក្រោយ​។ ប៉ុន្តែ​គួរឱ្យ​សោកស្ដាយ ព្រះរាជកិច្ច​នេះ​ទើបតែ​ដំណើរការបាន​ប្រហែល​១​ភាគ​១០​នៃ​ការងារ​ទាំងមូល ព្រះអង្គ​ក៏​សុគត​។​



​កិច្ចការ​ស្រាវជ្រាវ​ដែល សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី មិនទាន់​បញ្ចប់​មាន ការស្រាវជ្រាវ​មេ​របាំ​ទាំង​៤​គឺ របាំ​ព្រះថោង របាំ​បា​លឹម របាំ​បា​លុត និង​របាំ​សារ​បា​រុង ដែលជា​មេ​របាំ​សម្រាប់​យកទៅ​បំបែក​ជា​របាំ​តូចៗ​ជាច្រើន​ទៀត​។ ការស្រាវជ្រាវ​ពី​ក្បាច់​បាត​មូលដ្ឋាន​របាំ ឱ្យមាន​ការឯកភាព​គ្នា និង​ការ​ចងក្រង​ភាសា​ក្បាច់ ក៏​ស្ថិតក្នុង​ព្រះរាជកិច្ច​នេះដែរ​។ កិច្ចការ​ទាំងនេះ​នឹងត្រូវ​យកទៅ​ចងក្រង​ជា​អក្សរ​និង​ជា​វីដេអូ ដើម្បី​ទុកជា​ឯកសារ​ផ្លូវ​ការឱ្យ​សិស្សសិល្បៈ​ជំនាន់​ក្រោយ​សិក្សា​។

លោក ព្រឿង ឈៀង ទីប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដែល​ស្និទ្ធ​នឹង​សម្ដេចព្រះរាម បុប្ផា​ទេវី បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា កាលពី​សម្ដេចព្រះរាម ទ្រង់​គង់​ព្រះជន្ម​នៅឡើយ ព្រះអង្គ​បាន​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្នុង​ព្រះរាជកិច្ច​ស្រាវជ្រាវ​នេះ​។ 

លោក ព្រឿង ឈៀង អតីត​នាដក​របាំ​ព្រះរាជ​ទ្រព្យ ដែល​តែងតែ​ដង្ហែ «​ទេព​នាដ​វ​ដ្ដី​ឯក​» ទៅ​សម្ដែង​របាំ​បុរាណ​ថ្នាក់ជាតិ និង​អន្តរជាតិ​ធំៗ បានបញ្ជាក់​ទាំង​អារម្មណ៍​សោកស្ដាយ​៖«​ទ្រង់​មានបន្ទូលថា​ទ្រង់​ចង់​ចងក្រង​ឯកសារ​នេះ​ឱ្យបាន​ឆាប់​ចប់ ប៉ុន្តែ​យើង​រវល់​ច្រើន ទើប​ការងារ​នេះ​ត្រូវ​អូសបន្លាយ​។ យើង​បាន​ថត​ឯកសារ​ខ្លះ​ហើយ​កាលពី​លើកទីមួយ ប៉ុន្តែ​វា​មិនសូវ​ល្អ​ដូច្នេះ​ទ្រង់​ចង់​ថត​ម្ដងទៀត​។ ពេលនេះ​យើង​ខ្វះ​មតិ​មួយចំនួនធំ​ពី​ព្រះអង្គ ប៉ុន្តែ​យើង​ក៏មាន​គ្រូ​ច្រើន​ដែរ ដែល​នៅ​ធ្វើការ​ងារ​នេះ​។ បើ​បាន​លោក​គង់នៅ​ជា​ជំហរ​កាន់តែ​ប្រសើរ​។ វីដេអូ​ឯកសារ​របស់​យើង ថត​ពី​ការរៀន​ដំណាក់កាល​ដំបូង មានព​ត់ដៃ​ពត់​ជើង រហូតដល់​ថ្នាក់ខ្ពស់​។ ខ្ញុំ​មិនសូវ​ច្បាស់ តែ​ប្រហែល​យើង​ស្រាវជ្រាវ​របាំ​ជាង​៣០ ដែលមាន​របាំ​ជា​រឿង និង​របាំ​ធម្មតា​»​។​

លោក ព្រឿង ឈាង បន្ថែមថា ព្រះរាជកិច្ច​របស់​សម្ដេច​ព្រះរាម​ដែល​នៅ​មិនទាន់​ចប់ នឹងមាន​ការស្រាវជ្រាវ​បន្ត ដោយមាន​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ជា​ជំហរ និង​មាន​ព្រះរាជ​ឧបត្ថម្ភ​ពី​ព្រះរាជា ហើយ ស​.​ស​.​យ​.​ក ក៏​នឹង​យកចិត្តទុកដាក់​ក្នុងការ​ឧបត្ថម្ភ​ជា​ថវិកា​ផងដែរ​។

រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​លោកស្រី ភឿង ស​កុ​ណា បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាមរយៈ​ទូរ​សព្ទ​ពី​ប្រទេស​បារាំង​ថា ស្មារតី​របស់​សិល្បករ សិល្បការិនី និង​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ នៅតែ​បន្ត​ព្រះរាជកិច្ច​របស់​ព្រះអង្គ ដោយ​ពិនិត្យ​លើ​ស្នា​ព្រះហស្ត​របស់​ព្រះអង្គ យកមក​រៀបចំ​ចងក្រង​ថែរក្សា​ទុក​។

សូមបញ្ជាក់ថា ព្រះរាជ​បុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី គោរមងារ «​ទេព​នាដ​វ​ដ្ដី​ឯក​» បាន​សុគត​ក្នុង​ព្រះជន្ម​៧៧​ព្រះវស្សា វេលា​ម៉ោង​១២:៣០​នាទី ថ្ងៃទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្នុង​មន្ទីរពេទ្យ​នៃ​ព្រះរាជាណាចក្រ​ថៃ ដោយ​ជរាពាធ​។ ព្រះ​អង្គជា​និមិត្តរូប​នៃ​របាំ​ព្រះរាជ​ទ្រព្យ ឬ​របាំ​ក្បាច់​ខ្មែរ​បុរាណ ដែល​បានទទួល​ព្រះ​គោរមងារ​ជា «​ទេព​នាដ​វ​ដ្ដី​ឯក​» និង​ជា​«​មរតក​មនុស្ស​រស់រ​បស់​កម្ពុជា​»​។ 

ស្នា​ព្រះហស្ត​ចុងក្រោយ​របស់​ព្រះរាជ​បុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី គឺ​របាំ​ព្រះរាជ​ទ្រព្យ​រឿង “​នាង​វ​ឌ្ឍ​នា​ទេវី​” ជា​ស្នា​ព្រះហស្ត​ដែល​ព្រះអង្គ​បង្កើត​ថ្មី​។

ស្នា​ព្រះហស្ត​ធំៗ​របស់​សម្ដេចព្រះរៀម មានដូចជា ព្រះអង្គ​បានធ្វើឱ្យ​រស់​ឡើងវិញ​នូវ​របាំ​ព្រះរាជ​ទ្រព្យ ឬ​របាំ​ក្បាច់​ខ្មែរ​បុរាណ ក្រោយ​បែក​សម័យ​សង្គ្រាម​ប៉ុលពត​។ ព្រះអង្គ​មាន​ព្រះ​ទេពកោសល្យ​ខ្ពស់​ក្នុងការ​អភិរក្ស និង​អភិវឌ្ឍ​សិល្បៈ​បុរាណ​។ របាំ​ព្រះរាជ​ទ្រព្យ ឬ​របាំ​ក្បាច់​ខ្មែរ​បុរាណ​រឿង “​នាង​វ​ឌ្ឍ​នា​ទេវី​” រឿង “​ព្រះ​សុធន និង​នាង​កែវ​មនោ​រា​” របាំ​កូរ​សមុទ្រ​ទឹកដោះ​” និង​របាំ​”​អប្សរា​មេ​រា​” គឺជា​ស្នា​ព្រះហស្ត​បង្កើត​ថ្មី​របស់​ព្រះអង្គ ដោយ​ឈរលើ​មូលដ្ឋាន​ចាស់​។ ព្រះអង្គ​ក៏បាន​ច្នៃ​មកុដ និង​សម្លៀកបំពាក់​របាំ ដោយ​រក្សា​ពណ៌​និង​ទម្រង់​ជា​ខ្មែរ​ដដែល​។ ព្រះអង្គ​បានធ្វើឱ្យ​រស់​ឡើងវិញ​នូវ​របាំ​១០០​ឆ្នាំ​។ សម្ដេចព្រះរៀម បុប្ផា​ទេវី ធ្លាប់បាន​ដឹកនាំ​ការសម្ដែង​សិល្បៈ​ព្រះរាជ​ទ្រព្យ ឬ​របាំ​ក្បាច់​ខ្មែរ​បុរាណ ក្នុង​ឆាក​អន្តរជាតិ​បង្ហាញ​ដល់​ពិភពលោក​ជាច្រើនលើក​។​

បើតាម​ទីប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក ព្រឿង ឈៀង ដែល​បាន​អះអាងថា កាល​សម្ដេច​រាជបុត្រី ព្រះរៀម បុប្ផា​ទេវី ទ្រង់​គ​ង្គ​ព្រះជន្ម​នៅ ព្រះអង្គ​តែងតែ​ប្រាប់​លោក​ថា សម្ដេចព្រះរៀម ទ្រង់​បាន​ក្លាយជា​នាដកា​របាំ​ព្រះរាជ​ទ្រព្យ​តាំងពី​ព្រះអង្គ​មាន​ព្រះជន្ម​៥​ព្រះវស្សា​។ សម្ដេចព្រះរៀម​ចេះ​រាំក្បាច់​នាង ក្បាច់​ស្វា និង​ក្បាច់​យក្ស ហើយ​ព្រះអង្គ​ក៏​ចេះ​រាំ​របាំ​បរទេស​បាន​យ៉ាង​ល្អ​ផងដែរ​៕




Tag:
 សម្តេចព្រះរៀម
  នរោត្តម បុប្ផាទេវី
© រក្សាសិទ្ធិដោយ thmeythmey.com