ជាតិ
មន្ដ្រីក្រសួងប្រៃសណីយ៍ប្រាប់យុវជនឱ្យត្រៀមខ្លួនទទួលបច្ចេកវិទ្យាឧស្សាហកម្មជំនាន់ទី៤
×
សៀមរាប៖ បច្ចុប្បន្ននេះ ពិភពលោកកំពុងនិយាយច្រើនពីបច្ចេកវិទ្យាឧស្សាហកម្មឌីជីថលជំនាន់ទី៤ ឬឧស្សាហកម្ម៤.០។ ប្រព័ន្ធនេះនឹងចូលមកជំនួសបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៣ ដែលប្រើប្រាស់កុំព្យូរទ័រនិងម៉ាស៊ីនស្វ័យប្រវតិ្ត ទៅជាការប្រើប្រាស់ប្រព័ន្ធម៉ាស៊ីនឆ្លាតវៃដោយស្វ័យប្រវត្តិ។ ក្នុងទិវាសប្ដាហ៍សហគ្រិនភាពសកល-កម្ពុជា ឆ្នាំ២០១៩ មន្ត្រីនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រាប់ឱ្យយុវជនត្រូវត្រៀមខ្លួនដើម្បីទទួលនូវបដិវត្តន៍ឧស្សាហកម្មចុងក្រោយនេះ។
ជារៀងរាល់ឆ្នាំនៅសប្ដាហ៍ទី៣នៃខែ វិច្ឆិកា ពិភពលោកបានរៀបចំទិវាសប្ដាហ៍សហគ្រិនភាព ក្នុងនោះក៏មានកម្ពុជាផងដែរ។ នៅឆ្នាំនេះ ទិវានេះបានរៀបចំនៅខេត្តសៀមរាបនាថ្ងៃទី១៨ ក្រោមប្រធានបទរួមមួយគឺ «ប្រព័ន្ធអេកូឡូស៊ីនៃសហគ្រិនភាពឆ្ពោះទៅរកការរួមបញ្ចូលគ្នានៅក្នុងសេដ្ឋកិច្ចឌីជីថល»។ ប្រធានសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប លោក ឡាយ គឹមសួរ បានលើកឡើងថា ទិវានេះមានបំណងលើកទឹកចិត្ត និងផ្តល់ចំណេះដឹងដល់យុវជនដែលមានបំណងចង់បង្កើតអាជីវកម្ម ឬអ្នកបម្រុងបង្កើតអាជីវកម្មនានា ដើម្បីឱ្យបានដឹងកាន់តែច្បាស់ពីសហគ្រិនភាព និងមានឱកាសជួបជជែកផ្ទាល់ពីសហគ្រិនដែលជោគជ័យ។ លោកបន្តថា ទិវានេះនឹងអនុញ្ញាតឱ្យសហគ្រិនបានស្វែងយល់បន្ថែមពីបច្ចេកវិទ្យាថ្មីៗទាក់ទងនឹងសេដ្ឋកិច្ចឌីជីថល បញ្ហា ឬយន្តការដែលគួររួមគ្នាដើម្បីជំរុញឱ្យមានការរីកចម្រើនក្នុងវិស័យបច្ចេកវិទ្យាសម្រាប់សហគ្រិនកម្ពុជា។
អភិបាលខេត្តសៀមរាប លោក ទៀ សីហា ប្រាប់យុវជនឱ្យត្រៀមខ្លួនដើម្បីទទួលប្រព័ន្ធសេដ្ឋកិច្ចឌីជីថលដែលនឹងមកដល់កម្ពុជានាពេលឆាប់ៗខាងមុខ ដើម្បីឱ្យដើរទាន់នឹងការអភិវឌ្ឍប្រទេសជាតិ។ ទន្ទឹមនឹងនោះ លោកអភិបាលក៏បង្ហាញក្ដីបារម្ភទៅនឹងការមកដល់លឿនពេកដែរ ដ្បិតថាអត្រាមនុស្សចាស់ក្នុងខេត្តសៀមរាមនៅមានច្រើន ដែលធ្វើឱ្យពួកគេពិបាកក្នុងការផ្លាស់ប្ដូរមុខរបរថ្មី និងទំនើប។
លោក កាន ច័ន្ទមេត្ដា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានពន្យល់លម្អិតអំពីអ្វីជាឧស្សាហកម្ម៤.០។ ប្រព័ន្ធបច្ចេកវិទ្យាជំនាន់ទី៤នេះ គឺជាមានការបំពាក់ខួរក្បាលសិប្បនិមិត្ត ដល់មនុស្សយន្ត ឬប្រព័ន្ធឌីជីថលផ្សេងៗជំនួសឱ្យកម្លាំងមនុស្ស។ តាមការបញ្ជាក់ពីលោករដ្ឋលេខាធិការ កម្ពុជាបានកំណត់ការហៅបច្ចេកវិទ្យាថ្មីនេះថា ឌីជីថលខេមបូឌែរ (Digital Cambodia) ដែលនឹងមកដល់នាឆ្នាំ២០២៣ ដូច្នេះលោកចង់ឱ្យប្រជាជនកម្ពុជា ត្រូវរៀនពីបច្ចេកវិទ្យាថ្មីៗ និងមានចំណេះដឹងគ្រប់គ្រាន់សម្រាប់ការទទួលបច្ចេកវិទ្យាចុងក្រោយដែលបានកើតពីឆ្នាំ២០១០មក៕
Tag:
បច្ចេកវិទ្យាជំនាន់ទី៤
កាន ច័ន្ទមេត្ដា
ឡាយ គឹមសួរ
សប្ដាហ៍សហគ្រិនភាពសកល
© រក្សាសិទ្ធិដោយ thmeythmey.com