កីឡាជាតិ
ជាតិ
កម្ពុជាចាញ់ហុងកុង ២-០ ខណៈ សឿយ វិសាល ទទួលបានកាតក្រហម
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាប្រកួតចាញ់ក្រុមហុងកុងក្នុងលទ្ធផល ២-០ នាជំនួបពូល C វគ្គជម្រុះ FIFA World Cup នៅយប់ថ្ងៃទី១៩ វិច្ឆិកា នាកីឡដ្ឋានហុងកុង។ មុនប្រធានក្រុម សឿយ វិសាល ទទួលបានកាតក្រហម(កាតលឿងពីរដង) យើងសង្កេតឃើញកីឡាករកម្ពុជាធ្វើបានយ៉ាងល្អ តាមរយៈការគ្រប់គ្រងបាល់បានច្រើនជាងក្រុមហុងកុង។
នាការប្រកួតជើងទី២រវាងក្រុមជម្រើសជាតិកម្ពុជា ជាមួយម្ចាស់ផ្ទះហុងកុង យើងសង្កេតឃើញក្រុមទាំងពីរមិនសូវដាក់សម្ពាធគ្នាប៉ុន្មាននោះទេនៅដើមវគ្គទី១។ ប៉ុន្តែការប្រកួតដំណើរការបាន២០នាទីគ្រាប់បាល់ទី១ក៏បានកើតឡើង បន្ទាប់ពីកីឡាករ James Stephen Gee Ha រកគ្រាប់បាល់នាំមុខឲ្យម្ចាស់ផ្ទះហុងកុង។ ជាង១០នាទីក្រោយមកប្រធានក្រុម សឿយ វិសាល រងពិន័យកាតលឿង មុនក្រុមទាំងពីររក្សាលទ្ធផលនេះរហូតចប់តង់ទី១។
ការនាំមុខ ១-០ បានធ្វើឲ្យក្រុមម្ចាស់ផ្ទះផ្លាស់ប្តូរទម្រង់លេងពីបែបប្រយុទ្ធមកប្រើប្រព័ន្ធបែបការពារវាយបក។ ក្រុមជម្រើសជាតិកម្ពុជាបានព្យាយាមគ្រប់គ្រងបាល់ និងដាក់សម្ពាធយ៉ាងខ្លាំងទៅលើហុងកុងដែលព្យាយាមរារាំងនៅតំបន់ការពារ។ ទោះបីកម្ពុជាគ្រប់គ្រងបាល់បានច្រើនជាតិជាងនៅតង់ទី២ក៏ដោយ តែយើងសង្កេតឃើញថា ពួកគេមិនបានបង្កើតឱកាសក្នុងការបង្កគ្រោះថ្នាក់ដល់ក្រុមម្ចាស់ផ្ទះឡើយ។
ក្រោយបំបែកក្បួនការពារដ៏រឹងមាំរបស់ហុងកុងមិនបាន កម្ពុជាបានផ្លាស់ប្តូរកីឡាករជាបន្តបន្ទាប់។ ក្នុងនោះខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា ត្រូវបានដូរចូលជំនួសកីឡាករ ប្រាក់ មុន្នីឧត្តម រីឯ គួច ដានី ជំនួស គួច សុកុម្ភៈ និង រ៉ឹង ប៊ុនហៀង ជំនួស កែវ សុខផេង ដែលជាអ្នករកគ្រាប់បាល់តាមស្មើ ១-១ ជាមួយហុងកុងនៅជើងទី១។
ទោះបីមានការផ្លាស់ប្តូរកីឡាករជាបន្តបន្ទាប់ក៏ដោយ កម្ពុជានៅតែមិនអាចបំបែកក្បួនការពាររបស់ហុងកុងដដែល។ ឈានដល់នាទីទី៧៨ប្រធានក្រុមជម្រើសជាតិកម្ពុជា សឿយ វិសាល ត្រូវបានអាជ្ញាកណ្តាលពិន័យកាតលឿងជាលើកទី២ គឺស្មើកាតក្រហម ក្រោយរូបគេលូកជើងទៅប៉ះបាល់ ដែលអ្នកចាំទីបោះបម្រុងទាត់ចេញពីទីរបស់ខ្លួនឡើងទៅលើ។
ការបាត់បង់សមាជិកម្នាក់នេះនាំឲ្យកម្ពុជាហាក់ផ្លាស់ប្តូរទម្រង់លេងបន្តិច ដោយកីឡាករលេងក្នុងតំបន់បម្រើនិងប្រយុទ្ធមួយចំនួនចុះទៅលេងនៅតំបន់ការពារ ដែលហុចឱកាសឲ្យហុងកុង។ ក្រោយកីឡាករ សឿយ វិសាល ចេញបាន៥នាទីគ្រាប់បាល់ទី២បានកើតសម្រាប់ក្រុមម្ចាស់ផ្ទះ ដែលជាការសម្រេចរបស់កីឡាករជើងចាស់ Roberto Orlando Affonso Júnior។ ក្រុមទាំងពីរបានរក្សាលទ្ធផលនេះរហូតចប់ការប្រកួត។
ការបរាជ័យនេះធ្វើឲ្យក្រុមក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅ Keisuke Honda និងគ្រូបង្វឹក Felix Dalmas មានឱកាសតិចតួចបំផុតក្នុងការប្រជែងកៅអីឡើងទៅវគ្គបន្ត។ សម្រាប់ជំនួបបន្ទាប់កម្ពុជាត្រូវហោះទៅជួបម្ចាស់ផ្ទះបារ៉ែននៅថ្ងៃទី២៦ មីនា ឆ្នាំ២០២០៕
Tag:
កីឡាជាតិ (World Cup
សឿយ វិសាល
ក្រុមជម្រើសជាតិកម្ពុជា)
© រក្សាសិទ្ធិដោយ thmeythmey.com