អន្តរជាតិ
លោក អា​បេ ក្លាយជា​នាយករដ្ឋមន្ត្រី​យូរ​ជាងគេ​របស់​ជប៉ុន​
20, Nov 2019 , 10:32 am        
រូបភាព
លោក ស៊ិនហ្សូ អាបេ ក្លាយជានាយករដ្ឋមន្ត្រីយូរជាងគេរបស់ជប៉ុន។ រូបថត AFP
លោក ស៊ិនហ្សូ អាបេ ក្លាយជានាយករដ្ឋមន្ត្រីយូរជាងគេរបស់ជប៉ុន។ រូបថត AFP
​លោក ស៊ិន​ហ្សូ អា​បេ នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា បាន​ក្លាយជា​នាយករដ្ឋមន្ត្រី​កាន់តំណែង​យូរ​ជាងគេ​របស់​ជប៉ុន ដោយ​បំបែក​កំណត់ត្រា​កាលពី​ជាង​មួយ​សតវត្សរ៍​មុន​។ លោក អា​បេ ដឹកនាំ​ជប៉ុន​ដំបូង​នៅ​ឆ្នាំ​២០០៦ មុននឹង​លាលែង​នៅ​ឆ្នាំ​បន្ទាប់ ហើយក៏​ក្លាយជា​នាយករដ្ឋមន្ត្រី​ម្ដងទៀត​នៅ​ឆ្នាំ​២០១២ រហូតមកដល់​បច្ចុប្បន្ន​នេះ​។ ជា​នាយករដ្ឋមន្ត្រី​ជប៉ុន លោក អា​បេ បាន​ជម្នះ​បញ្ហា​ជាច្រើន​ទាំង​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច​។​

 
​គិត​ត្រឹម​ថ្ងៃទី​២០ ខែវិច្ឆិកា លោក ស៊ិន​ហ្សូ អា​បេ អង្គុយ​កៅអី​នាយករដ្ឋមន្ត្រី​ជប៉ុន​សរុប​ចំនួន ២៨៨៧​ថ្ងៃ ដែល​ធ្វើ​ឲ្យ​លោក​ក្លាយជា​នាយករដ្ឋមន្ត្រី​កាន់តំណែង​យូរ​ជាងគេ​របស់​ជប៉ុន​។ លោក អា​បេ បាន​បំបែក​កំណត់ត្រា​របស់លោក តា​រ៉ូ កា​ស៊ូ​រ៉ា ដែល​កាន់តំណែង​នាយករដ្ឋមន្ត្រី​ចំនួន ២៨៨៦​ថ្ងៃ​ចន្លោះ​ឆ្នាំ​១៩០១ ដល់​ឆ្នាំ​១៩១៣ ។ 
 
​ជា​ប្រធាន​បក្ស​កាន់អំណាច​ប្រជាធិបតេយ្យ​សេរី លោក អា​បេ ចូលកាន់​តំណែង​នាយករដ្ឋមន្ត្រី​ជប៉ុន​លើកដំបូង​នៅ​ខែកក្កដា ឆ្នាំ​២០០៦ ក្នុង​វ័យ​៥២​ឆ្នាំ​ដែល​ធ្វើ​ឲ្យ​លោក​ជា​នាយករដ្ឋមន្ត្រី​ក្មេង​ជាងគេ​គិត​តាំងពី​ឆ្នាំ​១៩៤១ ។ ប៉ុន្តែ​លោក​សម្រេចចិត្ត​លាលែង​ពី​តំណែង​នៅ​ខែកញ្ញា ឆ្នាំ​២០០៧ ដោយ​អះអាងថា មាន​បញ្ហា​សុខភាព និង​ដើម្បី​ស្រោចស្រង់​ប្រជាប្រិយភាព​បក្ស​ផង​។ លោក យ៉ា​ស៊ូ ហ្វ៊ូ​គូ​ដា ក៏​ក្លាយជា​នាយករដ្ឋមន្ត្រី​ថ្មី​។​
 
​លោក អា​បេ ដែលមាន​ជីតា​ជា​នាយករដ្ឋមន្ត្រី​ជប៉ុន​ដែរនោះ ក៏​ត្រឡប់មក​ដឹកនាំ​ជប៉ុន​ម្ដងទៀត​ក្រោយ​ការបោះឆ្នោត​ខែធ្នូ ឆ្នាំ​២០១២ ។ ៧​ឆ្នាំ​មកនេះ លោក​ដឹកនាំ​បក្ស​ប្រជាធិបតេយ្យ​ឲ្យ​ឆ្លងកាត់​ការបោះឆ្នោត​ចំនួន​៦​ដង ទោះជា​មានរឿង​អាស្រូវ​ចោល​រោម និង​បញ្ហា​គោលនយោបាយ​មិនទាន់​សម្រេច​ជាច្រើន​ក្ដី​។ អ្នកស្រី Seiko Noda សមាជិកសភា​បក្ស​កាន់អំណាច​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា លោក អា​បេ កាន់តំណែង​បានយូរ ក៏​ព្រោះ​គ្មាន​គូប្រជែង​ខ្លាំង​។​
 
​ទោះជា​គ្មាន​គូប្រជែង​ក្ដី លោក អា​បេ កំពុង​ប្រឈមមុខ​បញ្ហា​ជាច្រើន​។ គម្រោង​កែ​រដ្ឋធម្មនុញ្ញ​សន្តិភាព​និយម នៅតែ​មិនទាន់​អាច​កើតឡើង ខណៈ​មតិសាធារណៈ​ទូទៅ មិន​យល់ស្រប​លើ​គម្រោង​ផ្លាស់ប្ដូរ​ឋានៈ​កង​ស្វ័យការពារ​ជប៉ុន​ទៅជា​កងទ័ព​ប្រយុទ្ធ​នៅឡើយ​។ បញ្ហា​សេដ្ឋកិច្ច​មិនសូវ​ទៅមុខ រឿងអាស្រូវ​របស់​សមា​ជិ​ក​គណៈរដ្ឋមន្ត្រី ក៏​យាយី​ប្រជាប្រិយភាព​បក្ស​លោក​ដែរ​។ រដ្ឋមន្ត្រី​ដល់​ទៅ​ពីររូប​បាន លាលែង​ពី​តំណែង​ក្រោយ​រង​ការចោទប្រកាន់ថា បំពាន​ច្បាប់បោះឆ្នោត​។​
 
​សូមបញ្ជាក់ថា នៅ​ជប៉ុន ប្រធាន​បក្ស​កាន់អំណាច នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​ដោយ​ស្វ័យប្រវត្តិ ដូចនេះ​លោក អា​បេ ដែល​ទើប​ទទួល​ការទុកចិត្ត​ឲ្យ​ដឹកនាំ​បក្ស​ប្រជាធិបតេយ្យ​ដល់​ឆ្នាំ​២០២១ ក៏ត្រូវ​ដឹកនាំ​ជប៉ុន​ដល់​ឆ្នាំ​២០២១ ដែរ លុះត្រាតែ​មានការ​បោះឆ្នោត​ថ្នាក់ជាតិ​មុន​អាណត្តិ ឬ​ការផ្លាស់ប្ដូរ​តំណែង​ប្រធាន​បក្ស​។ ប៉ុន្តែ​បច្ចុប្បន្ននេះ គេ​មិនឃើញ​មាន​គូប្រជែង​ណា​អាច​ដណ្ដើម​តំណែង​ពី​លោក អា​បេ បាន​នៅឡើយ​ទេ​។ 
 
​សម្រាប់​រយៈពេល​ខាងមុខ លោក អា​បេ ទំនង​បន្ត​ផ្ដល់​អាទិភាព​លើ​បញ្ហា​សេដ​កិច្ច ស្ដារ​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងជើង​តាមរយៈ​ការដោះស្រាយ​បញ្ហា​ចាប់ជំរិត​ជនជាតិ​ជប៉ុន និង​ការរក​ច្រកចេញ​ជម្លោះ​ជាមួយ​រុស្ស៊ី​ជាដើម​។ ទំនាក់ទំនង​ជាមួយ​កូរ៉េខាងត្បូង​ដែល​សព្វថ្ងៃ​ល្អក់កករ​ខ្លាំង ក៏​អាចជា​អាទិភាព​សម្រាប់រ​ដ្ឋា​ភិ​បាល​លោក អា​បេ ដែរ​៕ 

Tag:
 ជប៉ុន​
  ស៊ិន​ហ្សូ អា​បេ​
© រក្សាសិទ្ធិដោយ thmeythmey.com