ជាតិ
ក្រសួងទេសចរណ៍​ឲ្យ​ផ្អាក​អាជីវកម្ម​ខារ៉ាអូខេ រង្គសាល បៀរហ្គាឌិន​...​ពេញ​មួយថ្ងៃ​ពុធ​នេះ​
20, Nov 2019 , 10:52 am        
រូបភាព
​ភ្នំពេញ​៖ សម្រាប់​ពេញ​មួយថ្ងៃ​ពុធ ទី​២០ ខែវិច្ឆិកា នេះ ក្រសួងទេសចរណ៍ បានចេញ​សារាចរ​ណែនាំ​ឲ្យ​ម្ចាស់​អាជីវកម្ម​ខារ៉ាអូខេ ឌី​ស្កូ​តែ​ក រង្គសាល និង​បៀរហ្គាឌិន ផ្អាក​សកម្មភាព​អាជីវកម្ម រីឯ​ភោជនីយដ្ឋាន និង​អាហារ​រដ្ឋបាល​ត្រូវ​ផ្អាក​សកម្មភាព​លក់​គ្រឿង​ស្រវឹង​។ នេះ​ជាការ​អនុវត្តតាម​ការ​ណែនាំ​របស់​រដ្ឋាភិបាល ដើម្បី​ចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរមសព សម្តេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី​។

 
​សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី បាន​យាង​សោយ​ព្រះ​ពិរាល័យ​ក្នុង​ព្រះជន្ម ៧៧​ព្រះវស្សា កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្នុង​មន្ទីរពេទ្យ ក្រុង​បាងកក ប្រទេស​ថៃ ដោយ​ជរាពាធ​។ ព្រះ​សព​ព្រះអង្គ ត្រូវបាន​ដង្ហែ​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ឆ្ពោះទៅ​វត្ត​បុ​ទុម​វ​តី កាលពី​យប់​ថ្ងៃ​អង្គារ ទី​១៩ ខែវិច្ឆិកា​។​
 
​ដើម្បី​ចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះអង្គ​ដែលជា​ឧ​ត្ត​ម​ទីប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ សមាជិកា​ក្រុមប្រឹក្សាធម្មនុញ្ញ និង​ជា​អតីតរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ រដ្ឋាភិបាល ជាពិសេស​ក្រសួងទេសចរណ៍ បានស្នើ​ឲ្យ​ផ្អាក​សកម្ម​ភាពសប្បាយៗ​ផ្សេងៗ ពេញ​មួយ​ថ្ងៃទី​២០ ខែវិច្ឆិកា នេះ​។​
 
​កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​យក​ថ្ងៃទី​២០ ខែវិច្ឆិកា នេះ ជា​ថ្ងៃ​កាន់​ព្រះ​មរណទុក្ខ​ទូទាំងប្រទេស ដោយ​គ្រប់​ស្ថាប័ន សាលារៀន មន្ទីរពេទ្យ វត្ត​អារាម ត្រូវបាន​តម្រូវ​ឲ្យ​បង្ហូតទង់ជាតិ​ត្រឹម​ពាក់កណ្តាល​នៃ​ដងទង់​ជាមួយ​។​
 
​ជាមួយគ្នានេះ ប្រមុខ​រដ្ឋាភិបាល ក៏បាន​ប្រាប់​ទៅគ្រប់​ស្ថានីយ៍​វិទ្យុ និង​ទូរទស្សន៍​ទាំងអស់ ផ្អាក​ការសម្តែង និង​ការចាក់ផ្សាយ​ទស្សនីយភាព​ផ្សេងៗ ដែលមាន​លក្ខណៈ​សប្បាយ​គគ្រឹកគគ្រេង​។​
 
​បន្ថែម​លើ​ការណែនាំ​របស់​រដ្ឋាភិបាល ក្រសួងទេសចរណ៍ បាន​តម្រូវ​ឲ្យ​ម្ចាស់ ឬ​អ្នកគ្រប់គ្រង​អាជីវកម្ម​ខារ៉ាអូខេ ឌី​ស្កូ​តែ​ក រង្គសាល និង​បៀរហ្គាឌិន ផ្អាក​សកម្មភាព​អាជីវកម្ម រីឯ​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន ផ្អាក​លក់​គ្រឿង​ស្រវឹង នៅ​ថ្ងៃទី​២០​ខែវិច្ឆិកា នេះ​៕

Tag:
 សម្តេចព្រះរៀម​
  នរោត្តម បុប្ផា​ទេវី​
© រក្សាសិទ្ធិដោយ thmeythmey.com