ជាតិ
​​​ន​យោ​បាយ​ជាតិ​
ទូត​បែលហ្ស៊ិក និង ទូត​ហ្វាំ​ង​ឡង់ មកពី​ថៃ ជួប​លោក កឹម សុខា​
20, Nov 2019 , 12:02 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក Philippe Kridelka ឯកអគ្គរាជទូត​បែលហ្ស៊ិក និង អ្នកស្រី Satu Suikkari-Kleven ឯកអគ្គរដ្ឋទូត​ហ្វាំ​ង​ឡង់ ដែលមាន​ស្ថានទូត​នៅ​ប្រទេស​ថៃ នឹង​មកជួប​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​គេហដ្ឋាន​របស់លោក ក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក នា​ល្ងាច​ម៉ោង​៦ ថ្ងៃ​២០ ខែវិច្ឆិកា ឆ្នាំ​២០១៩​។ នេះ​បើតាម​លោក មុត ចន្ថា ជំនួយការ​របស់លោក កឹម សុខា​។


 
​លោក Philippe Kridelka ជា​ទូត​បែលហ្ស៊ិក ទទួលបន្ទុក​ប្រចាំ​ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា​។ ចំណែក អ្នកស្រី អ្នកស្រី Satu Suikkari-Kleven ជា​ទូត​ហ្វាំ​ង​ឡង់ ទទួលបន្ទុក​ប្រចាំ​ប្រទេស​ថៃ កម្ពុជា និង មី​យ៉ាន់​ម៉ា​។ 
 
​លោក មុត ចន្ថា ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ​ថា ទូត​ទាំង​២​នេះ នឹង​ចូលជួប​លោក កឹម សុខា ជាមួយគ្នា​ក្នុងពេល​មួយ​តែម្តង​។ លោក បន្តថា មាន​ទូត​បរទេស​ផ្សេងទៀត នឹង​បន្ត​ចូលជួប​លោក កឹម សុខា តែ​លោក មិនទាន់​អាច​បញ្ជាក់​ឲ្យ​ច្បាស់​នោះទេ ថា ទូត​ណាខ្លះ ហើយ​ជួប​នៅពេលណា​។ 
 
​លោក មុត ចន្ថា នៅតែ​និយាយ​ដូច​មុនដ​ដែលថា ជំនួប​រវាង​លោក កឹម សុខា និង ទូត​បរទេស គឺជា​ការសួរសុខទុក្ខ​ធម្មតា ក្រោយ​លោក កឹម សុខា ខាន​ជួប​អ្នកនយោបាយ​ផង​គ្នា និង​មន្ត្រី​បរទេស​អស់​ប្រមាណ​២​ឆ្នាំកន្លងមក​។ 
 
​លោក កឹម សុខា បានទទួល​ជួប​ទូត​បរទេស​មួយចំនួន​រួចមកហើយ រួមមាន ទូត​អាមេរិក ទូត​សហភាព​អឺរ៉ុប ទូត​អង់គ្លេស ទូត​អាល្លឺម៉ង់ ទូត​អូស្ត្រាលី ទូត​បារាំង ទូត​ជប៉ុន និង ទូត​ស្វី​ស (​មកពី​ថៃ​) ជាដើម​។​
 
​កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​លុប​បម្រាម​មួយចំនួន​ចេញពី​លោក កឹម សុខា គឺ​បម្រាម​មិន​ឲ្យ​ជួប​ជនបរទេស បម្រាម​មិន​ឲ្យ​ជួប​ថ្នាក់ដឹកនាំ​អតីត​គណបក្សប្រឆាំង និង បម្រាម​មិន​ឲ្យ​ចេញ​ទៅណា​ឆ្ងាយ​ពី​ផ្ទះ​។ 
 
​ការ​លុប​បម្រាម​ទាំងនេះ មានន័យថា លោក កឹម សុខា អាច​ជួប​ជនបរទេស និង​ថ្នាក់ដឹកនាំ​អតីត​គណបក្សប្រឆាំង​បាន​វិញ ហើយក៏​អាច​ដើរហើរ​គ្រប់​ទីកន្លែង​ផងដែរ នៅក្នុង​ប្រទេស​កម្ពុជា​។ ប៉ុន្តែ​លោក មិនត្រូវ​ចាកចេញ​ទៅ​ក្រៅប្រទេស​ឡើយ ហើយក៏​មិនត្រូវ​ធ្វើ​សកម្មភាព​នយោបាយ​ដែរ ព្រោះ​បម្រាម​ទាំង​២​នេះ ចៅក្រម​ស៊ើបសួរ មិនទាន់​លុបចោល​នោះទេ​។  
 
​រហូតដល់​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ ចៅក្រម​ស៊ើបសួរ បានប្រកាស​បិទ​ការ​ស៊ើបសួរ​លើ​សំណុំរឿង​របស់លោក កឹម សុខា​។ នី​តី​វិធី​បន្ទាប់ ចៅក្រម​ស៊ើបសួរ  នឹង​ចេញ​ដីកា​ដំណោះស្រាយ ដើម្បី​សម្រេច​ថា​ទម្លាក់​បទ​ចោទ​ចេញពី​លោក កឹម សុខា ឬក៏​ត្រូវបញ្ជូន​សំណុំរឿង​ទៅ​ជំនុំជម្រះ​។ លោក ត្រូវបាន​ចោទ​ពីស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​កាលពីរ​២​ឆ្នាំមុន ដែល​សំដៅថា លោក លួច​ទៅ​ពឹងពាក់​បរទេស​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​៕ 

Tag:
 កឹម សុខា​
  មុត ចន្ថា​
  ទូត​បរទេស​
© រក្សាសិទ្ធិដោយ thmeythmey.com