អន្តរជាតិ
ឥណ្ឌា និងប៉ាគីស្ថាន វាយប្រហារគ្នារឿងកាស្មៀរនាកិច្ចប្រជុំអាស៊ីប៉ាស៊ីហ្វិកនៅកម្ពុជា
× កិច្ចប្រជុំអាស៊ីប៉ាស៊ីហ្វិកលើកទីពីរនៅទឹកដីកម្ពុជាដែលចាប់ផ្ដើមនៅថ្ងៃទី១៩ ខែវិច្ឆិកា បានក្លាយជាវេទិការបស់ឥណ្ឌា និងប៉ាគីស្ថាន បានវាយប្រហារគ្នាទៅមកជុំវិញវិបត្តិកាស្មៀរ។ ប៉ាគីស្ថាន ជាអ្នកនិយាយរិះគន់ឥណ្ឌាមុនពាក់ព័ន្ធការបំបិទសិទ្ធិសេរីភាព និងការរំលោភសិទ្ធិមនុស្សនៅតំបន់កាស្មៀរដែលឥណ្ឌាគ្រប់គ្រង។ ឥណ្ឌាវិញ ក៏វាយបកវិញថា ប៉ាគីស្ថាន ប្រឹងចេញមុខការពារសិទ្ធិជនភាគតិច ទាំងខ្លួនឯងជាអ្នកបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ និងផ្ដល់ជម្រកឲ្យភេរវជនទៅទៀត។
អំឡុងពេលថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០១៩ ដែលកម្ពុជាជាម្ចាស់ផ្ទះនៅថ្ងៃទី១៩ ខែវិច្ឆិកា អនុប្រធានសភាជាតិប៉ាគីស្ថាន កាស៊ីម ខាន់ ស៊ូរី (Qasim Khan Suri) ដែលលើកឡើងពីបញ្ហាអន្តរជាតិជាច្រើន ក៏ឆ្លៀតនិយាយដល់បញ្ហាកាស្មៀរ ដែលជាចំណុចរសើបរវាងប៉ាគីស្ថាន និងឥណ្ឌា។ លោក ខាន់ ស៊ូរី បានចោទឥណ្ឌាចំៗជុំវិញការស្លាប់ និងការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរនៅទឹកដីមួយនេះ។
ចំពោះមុខមេដឹកនាំបរទេសជាច្រើន ប្រធានប្រតិភូប៉ាគីស្ថានរូបនេះអះអាងថា ក្នុងបញ្ហាកាស្មៀរនេះ មនុស្សចំនួន១០០ពាន់នាក់ បាត់បង់ជីវិត ហើយកុមារ១០ពាន់នាក់ បានកំព្រាឪពុកម្ដាយ។ លោកបន្តថា៖ «ស្ត្រី១១ពាន់នាក់ រងការបំពានផ្លូវភេទ មានរណ្ដៅកប់សពរួមគ្នារាប់ពាន់ ប្រជាជនស្លូតត្រង់ជាច្រើនទៀត រងការឈឺចាប់។» លោកបន្ថែមថា អង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្ស ក៏បានមើលការប្រើកម្លាំងអាវុធដោយឥណ្ឌា ដែលពាក់ព័ន្ធជាពិសេសនៅកាស្មៀរ ដែលមាការសម្លាប់ក្រៅប្រព័ន្ធតុលាការ។
នៅចុងបញ្ចប់នៃសុន្ទរកថា អនុប្រធានអំពាវនាវឲ្យមានការគោរពសិទ្ធិ សិទ្ធិស្វ័យសម្រេចរបស់ប្រជាជនកាស្មៀរ ដែលការពារដោយច្បាប់អន្តរជាតិ។ នៅពេលលោក ខាន់ ស៊ូរី ហៀបនឹងបញ្ចប់ការថ្លែង គេក៏ឃើញមានមន្ត្រីឥណ្ឌាងើបតវ៉ាបន្តិចផងដែរ។
ការលើកឡើងរបស់មន្ត្រីប៉ាគីស្ថានខាងលើ ក៏ទទួលបានការឆ្លើយតបពីឥណ្ឌាវិញផងដែរ។ ភារៈធារីស្ថានទូតឥណ្ឌាប្រចាំភ្នំពេញ លោក ស៊ូបា រ៉ៅ (M. Subba Rao) ចាត់ទុកសម្ដីពាក់ព័ន្ធកាស្មៀរ ជាការបកប្រែខុសស្ថានការណ៍ មានគោលដៅមិនល្អ ហើយឥណ្ឌាសូមជំទាស់ដាច់ខាត។ បើតាមសុន្ទករថាដែលស្ថានទូតឥណ្ឌាផ្ញើមកកាន់សារព័ត៌មានថ្មីៗ អ្នកការទូតឥណ្ឌាដដែលបន្តថា ការនិយាយដល់កិច្ចការផ្ទៃក្នុងឥណ្ឌា ជារឿងគួរត្រូវថ្កោលទោស។
ដោយចង់សំដៅប៉ាគីស្ថាន លោក ស៊ូបា រ៉ៅ និយាយថា ប្រទេសមួយនេះ ជាសម្បុកភេរវជនដែលមានឈ្មោះក្នុងបញ្ជីរបស់អង្គការសហប្រជាជាតិចំនួន១៥០ និងអង្គការភេរវកម្ម២៥ទៀត។ លោកថា ប្រទេសនេះប្រើប្រាស់ភេរវកម្មជាឧបករណ៍បម្រើគោលនយោបាយរដ្ឋ និងអនុវត្តភេរវកម្មឆ្លងដែនជាជម្រើសផ្សេងទៀតនៃការទូត។
និយាយរឿងជនជាតិភាគតិចវិញ លោក ស៊ូបា រ៉ៅ អះអាងថា ឥណ្ឌាមិនត្រូវធម៌អាថ៌ពីប្រទេសដែលចំនួនជនភាគតិចធ្លាក់ចុះពី២៣ភាគរយនៅឆ្នាំ១៩៤៧ មកត្រឹម៣ភាគរយនៅពេលបច្ចុប្បន្នឡើយ។ ជនជាតិភាគតិច ក៏ស្ថិតក្រោមការអនុវត្តច្បាប់ដ៏តឹងរ៉ឹង ការធ្វើទុក្ខបុកម្នេញជាប្រព័ន្ធ ការរំលោភបំពានធ្ងន់ធ្ងរ និងការបង្ខំឲ្យប្ដូរជំនឿជាដើម។ ភារៈធារីរូបនេះបានបញ្ចប់ការឆ្លើយតបរបស់ខ្លួនដោយប្រាប់ប៉ាគីស្ថានថា ប្រជាជនឥណ្ឌាមិនចង់ឲ្យនរណានិយាយជំនួសខ្លួនឡើយ៕
Tag:
ឥណ្ឌា
ប៉ាគីស្ថាន
កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com