អន្តរជាតិ
ថៃ រៀបចំទទួលដំណើរទស្សនកិច្ចសម្តេចប៉ាបហ្វ្រង់ស៊ីស សម្តេចសង្ឃកាតូលិក Pope Francis, រូបភាព៖ independent
× ប្រទេសថៃ រៀបចំទទួលដំណើរទស្សនកិច្ច សម្តេចប៉ាបហ្វ្រង់ស៊ីស ដែលមានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា។ ក្នុងដំណើរទស្សនៈនេះ ថៃ បានត្រៀមកម្លាំងប៉ូលិស ៦៥០០នាក់ ដាក់នៅក្នុងទីក្រុងបាងកក និងខេត្ត Nakhon Pathom។
ដើម្បីរឹតបន្តឹងសុវត្ថិភាព និងសន្តិសុខ ក្នុងដំណើរទស្សនកិច្ចសម្តេចសង្ឃកាតូលិក Pope Francis អាជ្ញាធរថៃបានត្រៀមប៉ូលិលរហូតដល់ ៦៥០០នាក់។ ជាពិសេសផ្លូវសំខាន់ៗមួយចំនួន ត្រូវផ្អាកការធ្វើចរាចរណ៍បណ្តោះអាសន្នសិន ក្នុងអំឡុងពេលមកដល់ និងពេលចាកចេញរបស់ប្រមុខសាសនាគ្រិស្តកាតូលិក។ នេះបើតាមការអះអាងរបស់មន្ត្រីប៉ូលិសថៃ។
ទន្ទឹមនេះ សន្តិសុខ នឹងត្រូវបានរឹតបន្តឹងថែមទៀត នៅថ្ងៃទី២១ និង២២ ខែវិច្ឆិកា ក្នុងពេលសម្តេច Francis នឹងធ្វើទស្សនកិច្ចនៅក្នុងខេត្ត Nakhon Pathom និង ៧កន្លែងទៀតក្នុងទីក្រុងបាងកក។ ក្នុងទីក្រុងបាងកក សម្តេចប៉ាប នឹងធ្វើទស្សនកិច្ច នៅមន្ទីពេទ្យSt Louise ទីស្តីការគណៈរដ្ឋមន្ត្រី ព្រះរាជវាំង វត្ត Rachabophit ពហុកីឡដ្ឋានជាតិ សកលវិទ្យាល័យជូឡាឡុងកន និងព្រះវិហារកាតូលិក។ នេះបើតាមការចុះផ្សាយរបស់កាសែតថៃ Bangkok Post។
មុនដំណើរទស្សនកិច្ច ប្រមុខបុរីវ៉ាទីកង់បានលើកសរសើរថៃ ពីការប្តេជ្ញាលើការកសាងសន្តិភាព និងវិបុលភាពនៅក្នុងប្រទេស។ បើតាមរយៈវេបសាយរបស់បុរីនេះ ព្រះអង្គមានបន្ទូលថា ទ្រង់ចង់ពង្រឹងចំណងមិត្តភាពជាមួយប្រទេសថៃបន្ថែមទៀត។
ទន្ទឹមនេះ ក្នុងដំណើរទស្សនកិច្ចមកប្រទេសថៃលើកនេះ សម្តេចសង្ឃ ត្រូវបានគេរំពឹងថា នឹងមានសង្ឃដីកាពាក់ព័ន្ធទៅនឹង ការជួញដូរមនុស្ស ការរំលោភបំពានផ្លូវភេទលើស្ត្រី និងកុមារ និងបញ្ហាជនភៀសខ្លួនជាដើម នៅចំពោះមុនមនុស្សជាច្រើនម៉ឺននាក់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន AP។
ក្រៅពីនិយាយជាសាធារណៈនៅចំពោះមុខមនុស្សជាច្រើននាក់ ទាក់ទិនទៅនឹងការព្រួយបារម្ភផ្សេងៗ សម្តេចសង្ឃកាតូលិកហ្វ្រង់ស៊ីស នឹងត្រូវជួបជាមួយ មហាក្សត្រថៃ មហា វជិរាលង្ករណ៍, នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា, និងសម្តេចព្រះសង្ឃរាជ Muneewong Ariyavongsagatayana នៃពុទ្ធសាសនាថៃជាដើម។ បន្ទាប់ពីប្រទេសថៃ សម្តេចសង្ឃកាតូលិក Francis នឹងត្រូវទៅទស្សនកិច្ចនៅប្រទេសជប៉ុនបន្តទៀត៕
Tag:
Pope Francis
ថៃ
ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com