កីឡាជាតិ
ជាតិ
កីឡាការិនី កែ ឡេង និង ឃួន លី​ហ៊ ឈ្នះ​កៅអី​ឡើងទៅ​វគ្គ​១/៤​លើ​វិញ្ញាសា​វាយយក​ពិន្ទុ​
20, Nov 2019 , 2:59 pm        
រូបភាព
ដោយ:
​វីរ​កីឡាការិនី កែ ឡេង ឈរ​លំដាប់​លេខ​១​នា​ការប្រកួត​វគ្គ​ជម្រុះ​ដំបូង​លើ​វិញ្ញាសា​វាយយក​ពិន្ទុ ដែលមាន​កីឡាការិនី​៤៣​រូប​ចូលរួម​។ លទ្ធផល​នេះ ជួយ​ឲ្យ​ម្ចាស់​មេដាយមាស​ពិភពលោក​៣​ជំនាន់​រូបនេះ ទទួលបាន​កៅអី​ឡើងទៅ​កាន់​វគ្គ​៨​នាក់​ចុងក្រោយ​(១/៤)​ដោយ​ស្វ័យប្រវត្តិ​។ ជាមួយគ្នានេះ​កីឡាករ ឃួន លី​ហ៊ ក៏​ទទួលបាន​កៅអី​ឡើងទៅ​វគ្គ​១/៤ ផងដែរ​។

 
​វីរ​កីឡាការិនី​ប៉េតង់​ឆ្នើម កែ ឡេង ទោះបី​មាន​អាយុ​រាង​ជ្រេ​បន្តិច​ក៏ដោយ តែ​នៅតែ​អាចធ្វើ​បាន​យ៉ាង​ល្អ​នៅ​ថ្ងៃ​បើកឆាក​ក្នុងការ​ប្រកួត​ជើងឯក​ពិភពលោក Junior & Women Petanque World Championship ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​។ ក្រៅពី​រួមចំណែក​ជួយ​ឲ្យ​ក្រុម​ប៉េតង់​នារី​យកឈ្នះ​ក្រុមកីឡា​ការិនី​ឡេ​តូ​នី ១៣-៣ លើ​វិញ្ញាសា​៣​នាក់​ទល់​៣​នាក់ ម្ចាស់​មេដាយមាស​ពិភពលោក​៣​ជំនាន់​រូបនេះ ក៏​ធ្វើ​បានល្អ​ផងដែរ​ក្នុង​វិញ្ញាសា​វាយយក​ពិន្ទុ​។ 
 
​កីឡាការិនី កែ ឡេង បាន​ឈរ​លំដាប់​លេខ​១​ក្នុង​តារាង​ដែលមាន​កីឡាការិនី​៤៣​រូប​ចូលរួម នា​ការប្រកួត​វគ្គ​ជម្រុះ​ដំបូង ក្រោយ​ធ្វើបាន​៣៨​ពិន្ទុ​។ លទ្ធផល​នេះ​នាំ​ឲ្យ​កីឡាការិនី​រូបនេះ ទទួលបាន​កៅអី​ឡើងទៅ​លេង​នៅ​វគ្គ​១/៤​ដោយ​ស្វ័យប្រវត្តិ ជាមួយ​កីឡាការិនី Homnaim Ranu របស់​ន័​រ​វែ​ស​ក្រោយ​រកបាន​៣៧​ពិន្ទុ​, កីឡាការិនី​ឡាវ Bivilak Thepphakan ក្រោយ​រក​៣៦​ពិន្ទុ និង​កីឡាការិនី​មី​យ៉ាន់​ម៉ា Khin Cherry Thet ដែល​ធ្វើបាន​៣៤​ពិន្ទុ​។ ពួកគេ​ទាំង​៤​រូប ត្រូវ​រង់ចាំ​កីឡាការិនី​៤​រូប​ផ្សេងទៀត ដែល​ចម្រាញ់​ចេញពី​កីឡាការិនី​១៩​រូប ដែល​ទទួលបាន​ចំណាត់ថ្នាក់​ពី​លេខ​៥​ដល់​លេខ​២៣​ក្នុង​វគ្គ​ជម្រុះ​ដំបូង​។ 
 
​ជាមួយគ្នានេះ​កីឡាករ ឃួន លី​ហ៊ បានឈ្នះ​កៅអី​ឡើងទៅ​វគ្គ​១/៤​លើ​វិញ្ញាសា​វាយយក​ពិន្ទុ​ជាមួយ​ពិន្ទុសរុប​ទាំងពីរ​ជើង​៦៩​ពិន្ទុ​។ នៅក្នុង​ការប្រកួត​វគ្គ​ជម្រុះ​ដំបូង ឃួន លី​ហ៊ បានបញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​១២​ក្រោយ​ធ្វើបាន​២៨​ពិន្ទុ ដែល​តម្រូវ​ឲ្យ​រូបគេ​ប្រកួត​ជម្រុះ​ជុំ​ទី​២​។ នៅក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​២​កីឡាករ​រូបនេះ​ធ្វើបាន​៤១​ពិន្ទុ​។  
 
​នៅក្នុង​វគ្គ​១/៤​យុវជន​មកពី​ខេត្តតាកែវ​រូបនេះ​ត្រូវ​ប្រជែង​ជាមួយ​កីឡាករ Rakotoarivelina Larot របស់​ម៉ា​ដា​ហ្គា​ស្កា​, Buche Jean Philippe មកពី​ម៉ូ​ណា​កូ​, Caporgno Davide មកពី​អ៊ីតាលី​, Kallionpaa Sebastain មកពី​ស៊ុយអែត​, Rinkeaw Peempod មកពី​ថៃ​, Casale Joe មកពី​បារាំង និង Justin Neu មកពី​អាល្លឺម៉ង់​៕  

Tag:
 ​ប៉េតង់​
  កែ ឡេង
© រក្សាសិទ្ធិដោយ thmeythmey.com