ជាតិ
សេដ្ឋកិច្ច
World Bank៖ កម្ពុជាត្រូវដណ្ដើមមកវិញនូវឯករាជ្យភាពគោលនយោបាយរូបិយវត្ថុ
× កម្ពុជាមានកម្រិតដុល្លារូបនីយកម្មខ្ពស់ ឬមានន័យថាសេដ្ឋកិច្ចកម្ពុជាភ្ជាប់វាសនាទៅនឹងប្រាក់ដុល្លារអាមេរិកខ្លាំង។ ចំណែកប្រាក់ដុល្លារក្នុងសកម្មភាពសេដ្ឋកិច្ចរបស់កម្ពុជា ត្រូវបានអះអាងនាពេលកន្លងមកថា មានប្រមាណ ៨០ភាគរយឯណោះ។
ការឡើងថ្លៃប្រាក់ដុល្លារបានជះឥទ្ធិពលដល់វិស័យនាំចេញរបស់កម្ពុជា រួមទាំងវិស័យទេសចរណ៍។ ការឡើងថ្លៃប្រាក់ដុល្លារក្នុងពេលថ្មីៗនេះ ធៀបនឹងប្រាក់អឺរ៉ូ និងរូបិយបណ្ណដទៃទៀត បានធ្វើឲ្យការនាំចេញផលិតផលសម្លៀកបំពាក់ពីកម្ពុជាទៅទីផ្សារសហភាពអឺរ៉ុបធ្លាក់ចុះ។ វាក៏បានកាត់បន្ថយនូវពាណិជ្ជកម្មទេសចរណ៍ ពីព្រោះវាបានធ្វើឲ្យការធ្វើដំណើរមកកាន់កម្ពុជាកាន់តែថ្លៃជាងមុនភ្ញៀវដែលមិនមែនមកពីប្រទេសចាយប្រាក់ដុល្លារ។
ការអាស្រ័យហាងឆេងលុយដុល្លារ គឺអាចបង្កហានិភ័យដល់ម៉ាក្រូសេដ្ឋកិច្ច ហើយវាប៉ះពាល់ដល់វិស័យការងាររបស់កម្ពុជា។ នេះបើតាមរបាយការណ៍របស់ធនាគារពិភពលោកស្ដីពីអនាគតការងារនៅប្រទេសកម្ពុជា៖តំណភ្ជាប់ទៅនឹងសេដ្ឋកិច្ចនាថ្ងៃខាងមុខ ដែលចេញផ្សាយនៅថ្ងៃទី១៩ខែវិច្ឆិកា។
«កម្ពុជាគួរចាត់វិធានការដណ្ដើមមកវិញនូវភាពបត់បែននៃអត្រាប្ដូរប្រាក់ និងឯករាជ្យភាពគោលនយោបាយរូបិយវត្ថុ ដើម្បីការពារការងារពីភាពប្រែប្រួលនៃប្រាក់ដុល្លារអាមេរិក និងហានិភ័យម៉ាក្រូសេដ្ឋកិច្ច»។ របាយការណ៍ធនាគារពិភពលោកគូសបញ្ជាក់យ៉ាងដូចនេះ។
អ្នកធ្វើគោលនយោបាយនៅកម្ពុជា អាចពិចារណាបង្កើតយុទ្ធសាស្ត្របដិដុល្លាររូបនីយកម្ម ដែលឈរលើមូលដ្ឋានទីផ្សារដើម្បីដណ្ដើមមកវិញបន្តិចម្ដងៗនូវស្វ័យភាពគោលនយោបាយរូបិយវត្ថុ។ នេះបើតាមរបាយការណ៍ខាងលើនេះ មុននឹងបន្ថែមថា អ្នកធ្វើនយោបាយត្រូវលើកទឹកចិត្តដល់ការវិនិយោគឯកជន និងការផ្ដល់ឥណទាន សម្រាប់ការវិនិយោគ ក្រៅពីវិស័យសំណង់និងអចលនទ្រព្យដែលជាវិស័យងាយមានអស្ថិរភាព ហើយបង្កើតការងារតិចជាងវិស័យនាំចេញ។
អ្នកជំនាញសេដ្ឋកិច្ច តាមរយៈរបាយការណ៍ខាងលើនេះ បានចង្អុលបង្ហាញគោលនយោបាយមួយចំនួនដើម្បីទប់ទល់នឹងកម្រិតដុល្លាររូបនីយកម្ម។ អ្នកធ្វើគោលនយោបាយអាចដាក់ចេញយុទ្ធនាការទទួលស្គាល់ជាសាធារណៈដល់ក្រុមហ៊ុនណាដែលបើកប្រាក់ខែជាប្រាក់រៀល។ កម្ពុជាអាចអនុម័តយុទ្ធសាស្ត្របដិដុល្លាររូបនីយកម្ម តាមរយៈការបង្កើនបន្តិចម្ដងៗនូវប្រាក់បម្រុងជាលក្ខខណ្ឌតម្រូវសម្រាប់ការតម្កល់បញ្ញើជាប្រាក់ដុល្លារ និងកាត់បន្ថយអត្រាការប្រាក់គោលនសប្រាក់ ដើម្បីបង្កើនកម្ចីជារូបិយបណ្ណជាតិ។ រដ្ឋាភិបាលអាចពិចារណាបង្កើតទីផ្សារបំណុលក្នុងស្រុក និងចាប់ផ្ដើមចេញបណ្ណបំណុលរដ្ឋ៕
Tag:
គោលនយោបាយរូបិយវត្ថុ
ប្រាក់រៀល
ដុល្លារ
© រក្សាសិទ្ធិដោយ thmeythmey.com