អន្តរជាតិ
មហា​ធៀ​៖ ការផ្ទេរអំណាច នឹងត្រូវ​បានសម្រេច នៅពេល​វេលា​ជាក់លាក់​មកដល់​
20, Nov 2019 , 7:39 pm        
រូបភាព
លោក Anwar Ibrahim (ខាងឆ្វេង) និងលោកមហាម៉ាត់ មហាធៀ, រូបភាព៖ AFP
លោក Anwar Ibrahim (ខាងឆ្វេង) និងលោកមហាម៉ាត់ មហាធៀ, រូបភាព៖ AFP
​ការផ្ទេរអំណាច នឹងត្រូវ​បានសម្រេច នៅពេល​វេលា​ជាក់លាក់​មកដល់​។ នេះ​បើតាម​ការលើកឡើង​រប​ស់​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា​។ ការអះអាង​របស់​នាយ​ក​រដ្ឋមន្ត្រី​បែបនេះ គឺធ្វើឡើង បន្ទាប់ពី​អតីត​ឧបនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Syed Husin Ali បាន​រិះគន់ នាយករដ្ឋមន្ត្រី​ថា មិនមាន​គម្រោង​ច្បាស់លាស់​លើក​ការរៀបចំ​ផ្ទេរអំណាច​។


 
«​យើង​មិនដឹង​ទេ ថា​តើ​ស្ថានភាព​ប្រទេស​ក្នុងពេល​បច្ចុប្បន្ន​អំណោយផល​ក្នុងការ​ផ្ទេរតំណែង​ឬក៏​អត់​នោះទេ​។ នៅពេល​វេលា​ជាក់លាក់​មកដល់ យើង​នឹង​សម្រេច​»​។ នេះ​បើតាម​ការអះអាង​របស់​អ្នកសារព័ត៌មាន​របស់​នាយករដ្ឋមន្ត្រី មហា​ធៀ មហាម៉ាត់ ដោយ​មិនបាន​បញ្ជាក់​ពី​ពេលវេលា​ជាក់លាក់ គឺជា​ពេលណា​ឡើយ ។ 
 
​ការលើកឡើង​របស់ លោក មហា​ធៀ បែបនេះ គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​ពាក្យរិះគន់​របស់​អតីត​ឧបនាយករដ្ឋមន្ត្រី Syed Hsin Ali ដែល​បាន​លើកឡើងថា លទ្ធផល​ឈ្នះ​ការបោះឆ្នោត​បំពេញបន្ថែម​នៅ​មណ្ឌល Tanjung Piai របស់លោក  Wee Jeck Seng នៃ​បក្ស Barisan National ផ្ដួល​បេក្ខជន Karmaine Sardini មកពី​សម្ពន្ធភាព​កាន់អំណាច Pakatan Harapan គឺអាច​សបញ្ជាក់​ឲ្យ​ឃើញថា ការគាំទ្រ​ភាពជា​អ្នកដឹកនាំ​របស់លោក មហា​ធៀ ក៏មាន​ការធ្លាក់ចុះ​ផងដែរ​។ លោក មហា​ធៀ គឺជា​ប្រធាន​សម្ពន្ធភាព​កាន់អំណាច Pakatan Harapan​។ 
 
​ពាក់ព័ន្ធ​ទៅនឹង​ការចុះ​សំគ​ឡេង​ឆ្នោត​របស់​សម្ពន្ធភាព​កាន់អំណាច Pakatan Harapan នេះ​ផងដែរ មាន​សមាជិកសភា ៤ ឬ​៥​នាក់ បាន​បន្ទោស​រូបលោក​ថា ជា​អ្នកធ្វើ​ឲ្យ​ចាញ់​ក្នុងការ​បោះឆ្នោត​មួយ​នេះ​។ ជាការ​ឆ្លើយតប​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​វ័យ​៩៤​ឆ្នាំ​រូបនេះ បាន​លើកឡើងថា​៖ « ប្រហែលជា​ខ្ញុំ​ខុស​។ តើ​ខ្ញុំ​ធ្វើ​ម្តេច​នឹង​ដឹង​ទៅ​?»​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Bernama​។ 
 
​បើតាម​ការសន្យា​កន្លងមក លោក​មហា​ធៀ ធ្លាប់បាន​លើកឡើងថា ខ្លួន​នឹងមិន​កាន់​តំណាង​ជា​នាយករដ្ឋមន្ត្រី​ឲ្យ​លើសពី​បី​ឆ្នាំ​ឡើយ រួច​នឹង​ផ្ទេរ​តួនាទី​ឲ្យ​លោក អាន់​វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) កាន់តំណែង​ជំនួស​វិញ​។ ជាការ​ពិត​កិច្ចព្រមព្រៀង​របស់លោក មហា​ធៀ និង លោក Anwar នឹងត្រូវ​ផុតកំណត់​នៅក្នុង​ខែឧសភា ឆ្នាំ ២០២០ ខាងមុខនេះ​៕ 

Tag:
 ម៉ាឡេស៊ី​
  មហា​ធៀ​
© រក្សាសិទ្ធិដោយ thmeythmey.com