World Cup៖ ថៃ​ធ្លាក់​ទៅ​លេខ​៣​ក្រោយ​ស្មើ​វៀតណាម ខណៈ​ម៉ាឡេស៊ី​ឈ្នះ​ឥណ្ឌូណេស៊ី​ឡើង​លេខ​២​វិញ​
FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ថៃ​ធ្លាក់​ទៅ​លេខ​៣​ក្រោយ​ស្មើ​វៀតណាម ខណៈ​ម៉ាឡេស៊ី​ឈ្នះ​ឥណ្ឌូណេស៊ី​ឡើង​លេខ​២​វិញ​
20, Nov 2019 , 4:20 pm        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​វៀត​ណា​ម និង​ថៃ​នៅតែ​បញ្ចប់​ទៅដោយ​គ្មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​គ្នា នា​ការប្រកួត​វគ្គ​ជម្រុះ World Cup 2022 ជុំ​ទី​២ ពូ​ល G តំបន់​អាស៊ី នៅ​យប់​ថ្ងៃទី​១៩ ខែវិច្ឆិកា​។ លទ្ធផល​ស្មើគ្នា​ជា​លើក​ទី​២​នេះ បានធ្វើ​ឲ្យ​ថៃ​ធ្លាក់​ពី​លេខ​២​ទៅ​លេខ​៣​វិញ ហើយ​វៀតណាម​រក្សា​ចំណាត់ថ្នាក់​កំពូល​តារាង​ដដែល​។ ម៉ាឡេស៊ី​ដែល​ឈ្នះ​ឥណ្ឌូណេស៊ី ២-០ ឡើងទៅ​លេខ​២​ជំនួស​ថៃ​វិញ​។​



​លោកគ្រូ​បង្វឹក Park Hang-seo បាន​ជួយ​វៀតណាម​នៅ​រក្សា​ភាពមិន​ចាញ់​របស់ខ្លួន ដោយ​ទទួលបាន​១​ពិន្ទុ​បន្ថែម​ពី​ការប្រកួត​ក្នុងផ្ទះ ដើម្បី​រក្សា​ចំណាត់ថ្នាក់​កំពូល​តារាង​ពូ​ល G ដដែល​។ ឆ្លងកាត់​ការប្រកួត​៥​លើក វៀតណាម​ឈ្នះ​៣ និង​ស្មើ​២ មាន​១១​ពិន្ទុ​។​
 
​ដោយឡែក​ថៃ បើ​ទោះ​ពួកគេ​ព្យាយាម​វាយ​សម្រុក​យ៉ាងណាក៏ដោយ ក៏​មិនអាច​ទម្លុះ​ជញ្ជាំង​ការពារ​ដ៏​រឹងមាំ​របស់​វៀតណាម​ដើម្បី​ដណ្តើមយក​៣​ពិន្ទុ​បានដែរ​។ លទ្ធផល​ស្មើ​នេះ បានធ្វើ​ឲ្យ​ថៃ​ដែលមាន​លោក Akira Nishino ជា​គ្រូបង្វឹក​នោះ ធ្លាក់​ពី​លេខ​២ ទៅ​លេខ​៣​វិញ ជាមួយ​ពិន្ទុសរុប​៨​ពិន្ទុ​។​


 
​ម៉ាឡេស៊ី បន្ទាប់ពី​យកឈ្នះ​ថៃ​កាលពី​ប្រកួត​មុន បាន​បន្ត​យកជ័យ​ជម្នះ​របស់ខ្លួន​ជាថ្មីទៀត ដោយបាន​យកឈ្នះ​ឥណ្ឌូណេស៊ី ២-០​។ ២​គ្រាប់​របស់​ខ្សែប្រយុទ្ធ Safawi Rasid បាន​ជួយ​ម៉ាឡេស៊ី​ហក់​ឡើងទៅ​ចំណាត់ថ្នាក់​ទី​២ ពូ​ល G ជំនួស​ថៃ​វិញ ដោយ​ទទួលបាន​ពិន្ទុសរុប​៩​ពិន្ទុ​។​
 
​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ដែល​ទើប​ប្រកួត​បាន​៤​លើក នៅ​ឈរ​លេខ​រៀង​ទី​៤ ដោយ​រកបាន​៦​ពិន្ទុ ខណៈ​ឥណ្ឌូណេស៊ី​ដែល​ប្រកួត​៥​លើក នៅ​បាត​តារាង​គ្នាន​ពិន្ទុ​រាប់​។ ជំនួប​បន្ទាប់​ទៀត​សម្រាប់​វគ្គ​ជម្រុះ​តាម​តំបន់​អាស៊ី​នេះ នឹងធ្វើ​ឡើង​នៅ​ឆ្នាំ​២០២០ ចាប់ពី​ខែមីនា​តទៅ​៕



Tag:
 World Cup
  វៀតណាម​
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com