ជាតិ
សង្គមជាតិ
លោក ភោ សុភ​ក្តិ ឈ្នះ​ពាន​លេខ​១​ពីរ​ឆ្នាំ​ជាប់​គ្នា ពី​ការប្រកួត​វីដេអូ​ស្តីពី​«​កំណប់​សហគមន៍ និង​ជំរំ​ទេសចរណ៍​»
21, Nov 2019 , 7:59 am        
រូបភាព
លោក ភោ សុភក្តិ អ្នក​ផលិត​វីដេអូ​«រតនៈនិស្ស័យ» ដែលទទួលបាន​ជ័យ​លាភីលេខមួយ​
លោក ភោ សុភក្តិ អ្នក​ផលិត​វីដេអូ​«រតនៈនិស្ស័យ» ដែលទទួលបាន​ជ័យ​លាភីលេខមួយ​
ដោយ:
​ភ្នំពេញ​៖ «​រតនៈ​និស្ស័យ​» ជា​ចំណងជើង​វីដេអូ​ជ័យលាភី​លេខ​មួយ នៅក្នុង​កម្មវិធី​ប្រណាំង​វីដេអូ​ក្រោម​ប្រធានបទ​«​កំណប់​សហគមន៍ និង​ជំរំ​ទេសចរណ៍​» ដែល​រៀបចំ​ដោយ​ក្រសួងទេសចរណ៍​។ ការប្រកាស​ជ័យលាភី ត្រូវបាន​ធ្វើឡើង​ក្នុង​វេទិកា​អេកូ​ទេសចរណ៍​លើក​ទី​១ កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា នៅ​រាជធានី​ភ្នំពេញ​។ វីដេអូ​ជ័យលាភី​លេខ​២ មាន​ចំណងជើង​ថា «​ផ្ទះ​ទី​២» និង​វីដេអូ​លេខ​៣ មាន​ចំណងជើង​ថា​«​បុព្វេសន្និវាស​»​។ អ្នក​ផលិត​វីដេអូ​ដែល​ទទួលបាន​ពាន​លេខ​១ គឺ​លោក ភោ សុភ​ក្តិ ដែល​ធ្លាប់​ទទួលបាន​ជ័យលាភី​ម្តង​រួចមកហើយ​ក្នុងការ​ប្រកួត​កាលពី​ឆ្នាំ​២០១៨​។ 

 
​វីដេអូ ដែល​បានទទួល​ជ័យលាភី​លេខ​១ ក្នុង​កម្មវិធី​ប្រណាំង​វីដេអូ​ក្រោម​ប្រធានបទ​«​កំណប់​សហគមន៍ និង​ជំរំ​ទេសចរណ៍​» មាន​ចំណងជើង​ថា​«​រតនៈ​និស្ស័យ​»​។ វីដេអូ​នេះ មាន​រយៈពេល​ជិត​៦​នាទី រៀបរាប់​ពី​តំបន់​ទេសចរណ៍​សក្តានុពល​នៅក្នុង​ខេត្តរតនគិរី និង​ជីវភាព​រស់នៅ​របស់​ជ​ន​ជាតិ​ដើម​ភាគតិច​នៅក្នុង​ខេត្ត​នេះ​។ លោក ភោ សុភ​ក្តិ អ្នក​ផលិត​វីដេអូ​ដែល​ទើបតែ​ទទួល​ពានរង្វាន់ ពីស​ម្តេច​ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា មូលហេតុ​ដែល​លោក​ជ្រើសរើស​ខេត្តរតនគិរី​សម្រាប់​ផលិត​វីដេអូ​ប្រកួត ដោយសារតែ​លោក​ស្រឡាញ់ និង​ចូលចិត្ត​ខេត្ត​ភាគ​ឦសាន​មួយ​នេះ​ខ្លាំង ហើយ​លោក​បាន​ស្គាល់​តំបន់ និង​សហគមន៍​ទេសចរណ៍​ច្រើន រួមទាំង​ដឹង​ពី​ស្ថានភាព​រស់នៅក្នុង​តំបន់​នោះ ជាពិសេស​ទំនៀមទម្លាប់​ប្រពៃណី និង​ការរស់នៅ​របស់​ជនជាតិ​ភាគតិច​។​


សម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ បានផ្តល់​ពាន​រង្វាន់ដល់ជ័យលាភីលេខ​មួយ គឺ​លោក ភោ សុភក្តិ ដែលផលិត​វីដេអូ«រតនៈ​និស្ស័យ»​រូបពីក្រសួងទេសចរណ៍
 
​ភ្នែក​សំឡឹងមើល​ពាន​ដែល​នៅ​នឹង​ដៃ លោក សុភ​ក្តិ រៀបរាប់ថា​លោក​មាន​មោទកភាព​ណាស់ ចំពោះ​ការទទួលបាន​ជ័យលាភី​លេខ​មួយ​នៅពេលនេះ​។ លោក​បន្ត​ពន្យល់ថា តាមរយៈ​ពានរង្វាន់​នេះ ធ្វើ​ឲ្យ​លោក​អាច​បង្ហាញ​ពី​គំរូ​ដល់​យុវជន​ជំនាន់​ក្រោយ ឲ្យ​ផលិត​វីដេអូ​ដែល​ទាក់ទង​នឹង​តំបន់​ទេសចរណ៍​នៅក្នុង​ប្រទេស​កម្ពុជា​ឲ្យ​បាន​ច្រើន ដើម្បី​ឲ្យ​មហាជន​បាន​ស្គាល់ និង​កោតសរសើរ​ស្ងប់​ស្ងែ​ង​ពី​តំបន់​ទេសចរណ៍​ដែល​កម្ពុ​ជាមាន​ផងដែរ​។​
 
​តាមពិត នេះ​មិនមែនជា​លើកដំបូង​នោះទេ ដែល លោក សុភ​ក្តិ ធ្លាប់បាន​ជាប់​ជ័យលាភី​ក្នុងការ​ប្រកួត​ផលិត​វីដេអូ​ទាក់ទង​នឹង​តំបន់​ទេសចរណ៍​នេះ​។ កាលពី​ឆ្នាំមុន វីដេអូ​របស់លោក ដែលមាន ចំណងជើង​ថា​«​ដើរ​តាម​ក្តី​ស្រមៃ​»​ក៏​ទទួលបាន​ជ័យលាភី​លេខ​មួយ​ដែរ​។ 
 
​ដ្បិត​បានទទួល​ជ័យលាភី ២​ឆ្នាំ​ជាប់​គ្នា​មែន ប៉ុន្តែ​ទម្រាំ​អាច​ផលិត​បាន​វីដេអូ​នីមួយៗ លោក សុភ​ក្តិ  ថា​បាន​ចំណាយពេល​ច្រើន និង​ទាមទារ​ការអត់ធ្មត់​ណាស់​។ លោក រៀបរាប់​ដូច្នេះ​៖«​មុន​ផលិត​វីដេអូ​មួយៗ យើង​មានការ​ស្រាវជ្រាវ ស្វែងយល់​ពី​តំបន់​ទេសចរណ៍​ជាច្រើន និង​មានចិត្ត​អំណត់​អត់ធ្មត់ ទាំង​គ្រប់គ្រង​ពេលវេលា​ឲ្យ​បានល្អ និង​មាន​ភាព​ច្នៃប្រឌិត​»​។ 
 
​រហូត​មកនេះ លោក សុភ​ក្តិ បាន​ផលិត​ជា​វីដេអូ និង​វីដេអូ​ឯកសារ​មួយចំនួន ស្តីពី​សកម្មភាព​ដំណើរ​កម្សាន្ត​ទៅ​តំបន់​ទេសចរណ៍​នានា ជាមួយនឹង​ក្រុមគ្រួសារ​របស់លោក​។ ប៉ុន្តែ​បំណង​របស់​បុរស​រូប​នេះ គឺ​ផលិត​វីដេអូ​ដែល​ទាក់ទង​នឹង​តំបន់​ទេសចរណ៍ នៅ​២៥ រាជធានី ខេត្ត ក្នុងប្រទេស​កម្ពុជា​តែម្តង​៕

Tag:
 ទេសចរណ៍​
 ​វីដេអូ​
 ​ផលិតករ
© រក្សាសិទ្ធិដោយ thmeythmey.com