អន្តរជាតិ
លោក លី សៀន​ឡុង មិន​ជឿថា អាស៊ី​ក្លាយជា​ចំណុចកណ្ដាល​នៃ​ពិភពលោក​ឡើយ​ ​
21, Nov 2019 , 8:29 am        
រូបភាព
ប្រភព៖ទូរទស្សន៍សិង្ហបុរី CNA
ប្រភព៖ទូរទស្សន៍សិង្ហបុរី CNA
ដោយ:
​លោកនាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង លើកឡើងថា អាស៊ី ត្រូវការ​បន្តធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​តំបន់​ដទៃ​សម្រាប់​ការរីកចម្រើន​របស់ខ្លួន​។ លោក​មិន​ជឿថា អាស៊ី នឹង​ក្លាយជា​ចំណុចកណ្ដាល​នៃ​ពិភពលោក​ឡើយ​។

 
​ពី​ប្រទេស​ម៉ិ​ក​ស៊ិ​ក លោក លី សៀន​ឡុង និយាយថា ប្រសិនបើ​អាស៊ី​បិទទ្វារ​ដោយ​ពឹងផ្អែក​តែ​លើ​ខ្លួនឯង អាស៊ី​នឹងមិន​ដាច់ពោះ​ស្លាប់​ទេ ក៏ប៉ុន្តែ​នឹង​បាត់បង់​កាលានុវត្តភាព​ច្រើន​។ សម្រាប់​គំនិត​លោក អាស៊ី​នឹង​កាន់តែ​ក្រ ហើយ​ពិភពលោក​ទាំងមូល ក៏​ក្រ​ដូចគ្នា​ដែរ​។ 
 
​ការលើកឡើង​របស់លោក​លី គឺ​ឆ្លើយតប​នឹង​សំណួរ​មួយ​ដែល​លើកឡើងថា ដំណើរ​វិវត្តន៍​របស់​សិង្ហ​បុរី​ក្នុងពេល​៥០​ឆ្នាំ​ចុងក្រោយ​ដែល​ក្លាយជា​មជ្ឈមណ្ឌល​យុទ្ធសាស្ត្រ​ដ៏​ជោគជ័យ គឺ​បណ្តាលមកពី​ការផ្លាស់ប្តូរ​នៃ​ចំណុចកណ្ដាល​នៃ​ទំនាញ​សម្រាប់​អំណាច​នយោបាយ និង​សេដ្ឋកិច្ច​ក្នុង​ពិភពលោក​។​
 
«​អ្វីដែល​ផ្លាស់ប្តូរ​ពិភពលោក​នោះ គឺ​ប្រទេស​ចិន​»​។ លោក លី និយាយ​បែបនេះ ដោយ​បន្ថែមថា​៖«​នៅពេល​ពួកគេ (​ចិន​) បានសម្រេច​ចិត្ត​បើកចំហ​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​១៩៧៨ ដោយ​លោក​តេង ស៊ា​វ​ភីង​។ សេដ្ឋកិច្ច​ចិន​ចាប់ផ្តើម​ស្ទុះ​ងើបឡើង​យ៉ាង​លឿន​រហ័ស​។ ការ​ងើបឡើង​នេះហើយ​បាន​ផ្លាស់ប្តូរ​ទិដ្ឋភាព​យុទ្ធសាស្ត្រ​ជាស​កល​»​។ ជាមួយនឹង​ការ​ងើបឡើង​របស់​ចិន​នេះ បណ្តា​ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់​អាស៊ី ក៏បាន​ទាញ​ផលចំណេញ​ពី​វឌ្ឍនភាព​និង​កាលានុវត្តភាព​របស់​ចិន​ផងដែរ​។​
 
​ថ្លែង​នៅមុខ​ធុរកិច្ច​ជនបរទេស អំឡុង​ទស្សនកិច្ច​នៅ​ម៉ិ​ក​ស៊ិ​ក លោកនាយក​រដ្ឋមន្ត្រី​រូបនេះ​៖«​ប្រសិនបើ​អ្នកមើល​ទៅកាន់​សតវត្ស​រ៍​ទី​២១ មនុស្ស​ធ្លាប់​និយាយថា វា គឺជា​សតវត្សរ៍​អាស៊ី​។ ខ្ញុំ​គិតថា សេដ្ឋកិច្ច​អាស៊ី នឹង​កើនឡើង​ប្រហាក់ប្រហែលគ្នា​ទៅនឹង​សេដ្ឋកិច្ច​សកល ព្រោះថា ចិន នៅតែ​បន្ត​ងើបឡើង​យ៉ាង​លឿន​រហ័ស​ជាង​បណ្តា​ប្រទេស​អភិវឌ្ឍ​ទៀត​»​។ លោក បន្តថា​៖ ឥណ្ឌា ក៏​កំពុង​កើនឡើង​រហ័ស​ជាង​បណ្តា​ប្រទេស​អភិវឌ្ឍ ហើយ​អាចមាន​កំណើន​លឿន​ជាង​ពេលបច្ចុប្បន្ន​ផង ក៏ប៉ុន្តែ​នយោបាយ​ពួកគេ​គឺមាន​លក្ខណៈ​ស្មុគស្មាញ​»​។ 
 
​តាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia លោក លី សៀន​ឡុង សង្កត់ធ្ងន់ថា​៖«​ដូច្នេះហើយ ខ្ញុំ​គិតថា ចំណុចកណ្ដាល​នៃ​ពិភពលោក នឹង​បន្ត​ផ្លាស់ប្តូរ ក៏ប៉ុន្តែ​ខ្ញុំ​គិតថា អាស៊ី​នឹងមិន​ក្លាយជា​ចំណុចកណ្ដាល​នៃ​ពិភពលោក​ឡើយ​។ ព្រោះថា​ដើម្បី​អាច​ជឿនលឿន​ទៅមុខ អាស៊ី ត្រូវការ​ទីផ្សារ​, កិច្ចសហប្រតិបត្តិការ​, បច្ចេកវិទ្យា​ជាមួយ​ក្រុមហ៊ុន​អាមេរិក ជាមួយ​សហភាព​អឺរ៉ុប និង​បណ្តា​តំបន់​ដទៃទៀត​»​។ លោក អះអាងថា​៖«​យើង​មិន​ចង់បាន​ពិភពលោក​មួយ​ដែល​បណ្តា​ប្រទេស​អាស៊ី​សម្លឹង​រកតែ​បណ្តា​ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់​អាស៊ី​ឡើយ​»​។ 
 
​ក្នុងករណី​សិង្ហ​បុរី លោកនាយក​រដ្ឋមន្ត្រី លី សៀន​ឡុង លើកឡើងថា​៖«​យើង​មាន​អាជីវកម្ម​ជាមួយ​ច្រើន​ជាមួយ​ចិន​, ឥណ្ឌា ក៏ប៉ុន្តែ​កន្លងទៅ យើង​ធ្លាប់ និង​នៅតែមាន​អាជីវកម្ម​ជាមួយ​សហរដ្ឋអាមេរិក ហើយ​បរិមាណ​ជាច្រើន​ជាមួយ​បណ្តា​ប្រទេស​អាមេរិក​ឡាទីន និង​អាមេរិក​កណ្ដាល​»​។ លោក បន្តថា​៖ «​ក្នុង​អាមេរិក​កណ្ដាល​, ក្នុងប្រទេស​ម៉ិ​ក​ស៊ិ​ក​, ក្នុង​អាមេរិក​ឡាទីន​, ជាមួយ​ប្រេ​ស៊ី​ល និង​បណ្តា​ប្រទេស​ផ្សេងទៀត យើង​គិតថា​នេះ​គឺមាន​សារសំខាន់ ពោលគឺ​មិន​ត្រឹមតែ​បរិមាណ​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ក៏​ក្នុងន័យ​ថា​ការធ្វើ​អាជីវកម្ម​របៀបនេះ កំពុង​សម្រួច​ការយល់​ឃើញ​ចំពោះ​ពិភពលោក​របស់​យើង ហើយ​យើង​មើលឃើញ​ឱកាស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក ហើយ​យើង​ចង់​ធ្វើ​អាជីវកម្ម​ជាមួយ​បណ្តា​ប្រទេស​ជឿនលឿន​ដទៃ​»៕

Tag:
 សិង្ហ​បុរី​
  លី​សៀន​ឡុង
© រក្សាសិទ្ធិដោយ thmeythmey.com