ពីនេះ ពីនោះ
ដើម្បីចិញ្ចឹមជ្រូកបានផលខ្ពស់ កសិករគួរយល់ដឹងពីបច្ចេកទេស ៥យ៉ាង
× ភ្នំពេញ៖ ដើម្បីឲ្យការចិញ្ចឹមជ្រូកទទួលបានទិន្នផលល្អ កសិករគួរដឹងពីវិធីសាស្ត្រ ៥យ៉ាង ដូចជា ការរៀបចំទីតាំង ឬការសាងសង់ទ្រុងនៅលើដីទួល, ការជ្រើសរើសពូជល្អមកចិញ្ចឹម, ការផ្ដល់ចំណីចម្រុះមានលាយបន្លែបៃតង, ការថែទាំដោយបំបែកកូនចេញពីមេ ចាក់វ៉ាក់សាំងកូនជ្រូក រួមទាំងការលាងសម្អាតជ្រូក និងទ្រុង១ថ្ងៃ ៣-៤ដង។
ដើម្បីចិញ្ចឹមជ្រូកឲ្យទទួលបានទិន្នផលល្អនោះ ជាដំបូង កសិករគួរជ្រើសរើសទីតាំងសម្រាប់សង់ទ្រុងជ្រូកជាមុនសិន ដោយទ្រុងរបស់វា ត្រូវសង់នៅលើដីទួលមិនលិចទឹកនៅរដូវវស្សា។ ទីតាំងទ្រុងជ្រូក ក៏ត្រូវមានខ្យល់អាចចេញចូល និងមានពន្លឺគ្រប់គ្រាន់ដែរ។ ម្យ៉ាងទៀត កសិករគួរសង់ទ្រុងជ្រូក ដែលដំបូលមានប្រក់ស័ង្កសី និងរៀបឥដ្ឋចាក់សាបរាងទេរនៅបាតទ្រុង សម្រាប់បាញ់ទឹកបង្ហូរលាមករបស់វា។
កសិករក៏ត្រូវជ្រើសរើសពូជជ្រូកសាច់ មិនសូវមានរោម ត្រគាកសាយល្អ ឆ្អឹងធំៗ និងជើងល្អ។ ក្នុងការជ្រើសរើសនេះ ជ្រូកត្រូវមានដោះត្រង់ជួរ ១២ ទៅ១៤ គូរ ហើយចុងដោះវែង និងធំ ខ្នងរាងកោង ស្មាទូលាយ ដែលពូកែបំបៅកូន និងថែរក្សាកូនបានល្អ។
ការផ្ដល់ចំណី ក៏ជាចំណុចចាំបាច់ ដែលកសិករគួរតែយល់ដឹងដែរ ដើម្បីជំរុញល្បឿនធំធាត់របស់ជ្រូក។ សម្រាប់ជ្រូកចិញ្ចឹមយកសាច់ កសិករគួរទិញចំណីផ្សារ មកលាយជាមួយកន្ទក់ និងបន្លែបៃតង ឲ្យជ្រូកស៊ីមួយថ្ងៃ ៣ដង។ ចំពោះជ្រូកមេវិញ គួរដាក់ចំណីពីផ្សារ លាយជាមួយបាយ កន្ទក់ ដើមចេក និងបន្លែបៃតង ឲ្យស៊ីមួយថ្ងៃ៣ដង។
កសិករ ក៏ត្រូវយកចិត្តទុកដាក់ ចំពោះការថែទាំជ្រូកផងដែរ។ កូនជ្រូក, ជ្រូកសាច់ និងជ្រូក មានរបៀបថែទាំខុសៗគ្នា។ ចំពោះកូនជ្រូក ក្រោយវាកើតបានត្រឹម៣ថ្ងៃ ត្រូវយកវាចាក់ថ្នាំជាតិដែក និងកាត់កន្ទុយដើម្បីឲ្យមានត្រគាកល្អ មានសាច់ច្រើន ព្រមទាំងកាត់ធ្មេញកុំឲ្យខាំដោះមេ។ បន្ទាប់ពីកូនជ្រូកមានអាយុមួយសប្ដាហ៍ ត្រូវដាក់ថ្នាំជាតិដែក និង២០ថ្ងៃក្រោយត្រូវចាក់វ៉ាក់សាំងបំបាត់រោគ។ ពេលជ្រូកបាន១ខែ ៥ថ្ងៃ កសិករ ត្រូវចាក់វ៉ាក់សាំងប៉េស សារទឹកអូស៊ីស្គី ហើយក៏ត្រូវដាក់ថ្នាំទម្លាក់ព្រូន ថ្នាំអង្គែ និងគ្រៀវ ដើម្បីឲ្យជ្រូកធំលឿន។ កសិករ ក៏ត្រូវលាងសម្អាតជ្រូក១ថ្ងៃ ១ដង និងសម្អាតទ្រុង១ថ្ងៃ ២ដងផងដែរ នៅពេលអាកាសធាតុក្ដៅ។
ក្នុងការថែទាំជ្រូកសាច់វិញ កសិករត្រូវលាងសម្អាតទ្រុង ៣ដង ក្នុងមួយថ្ងៃ។ ចំពោះជ្រូកមេ ក្រោយពីកើតកូនរួច ត្រូវបំបែកចេញពីកូន ហើយក្រោយពេលបំបែកចេញពីកូនម្ដងៗ ត្រូវចាក់ថ្នាំអង្គែ និងព្រូន។ កសិករត្រូវការពារ ជ្រូកឲ្យបានល្អ និងសម្រាប់ការព្យាបាលតាមដានស្ថានភាពជំងឺ ហើយត្រូវចាក់ថ្នាំគឺនៅពេលព្រឹក ឬល្ងាចប៉ុណ្ណោះ៕
(សារព័ត៌មានថ្មីៗ ដកស្រង់ចេញពីសៀវភៅកសិករជោគជ័យ នៃមជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា)
Tag:
កសិកម្ម
ចិញ្ចឹមសត្វ
ជ្រូក
© រក្សាសិទ្ធិដោយ thmeythmey.com