ជាតិ
កម្ពុជា សន្យា​ជួយ​បញ្ចូល​បង់​ក្លា​ដែ​ស ទៅក្នុង​ក្របខណ្ឌ​មេគង្គ​-​គង្គារ​
20, Nov 2019 , 9:19 pm        
រូបភាព
លោកស្រី Shirin Sharmin Chaudhury ប្រធានសភាប្រទេសបង់ក្លាដែស ជួបសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នាវិមានសន្តិភាព នៅថ្ងៃទី២០ វិច្ឆិកានេះ ។
លោកស្រី Shirin Sharmin Chaudhury ប្រធានសភាប្រទេសបង់ក្លាដែស ជួបសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នាវិមានសន្តិភាព នៅថ្ងៃទី២០ វិច្ឆិកានេះ ។
​ភ្នំពេញ​៖ កម្ពុជា នឹង​ជួយ​បញ្ចូល​ប្រទេស​បង់​ក្លា​ដែ​ស ទៅក្នុង​ក្របខណ្ឌ​មេគង្គ​-​គង្គារ ដើម្បី​ផ្សារភ្ជាប់ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌ និង​ទេសចរណ៍​។ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួប​លោកស្រី Shirin Sharmin Chaudhury ប្រធានសភា​ប្រទេស​បង់​ក្លា​ដែ​ស នា​វិមាន​សន្តិភាព នៅ​ថ្ងៃទី​២០ វិច្ឆិកា​នេះ ។​


 
​ក្នុងជំនួប​ពិភាក្សាគ្នា​នេះ សម្ដេច ហ៊ុន សែន បាន​រម្លឹក​ពី​កិច្ចការងារ និង​កិច្ចព្រមព្រៀង​មួយចំនួន ដែល​រដ្ឋាភិបាល​កម្ពុជា និង​បង់​ក្លា​ដែ​ស បាន​ចុះហត្ថលេខា​រួមគ្នា កាលពី​អំឡុង​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៧​។​
 
​កិច្ចព្រមព្រៀង​ដែល​ភាគី​ទាំងពីរ បាន​ចុះហត្ថលេខា​ចុងក្រោយ​នៅ​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៧ ក្នង​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី សេក្ខ ហា​ស៊ីណា នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដែ​ស មក​កម្ពុជា នោះ​មាន​កិច្ចសហប្រតិបត្តិការ​លើ​បញ្ហា​ពាក់ព័ន្ធ​ការអនុវត្ត​គោលដៅ​អភិវឌ្ឍ​ដោយ​ចីរភាព​រហូតដល់​ឆ្នាំ​២០៣០, វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​, វិស័យ​ទេសចរណ៍​, វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន និង​ទូរគមនាគមន៍​, វិស័យ​វា​រី​ប្ប​កម្ម និង​នេសាទ​, វិស័យ​ស្រាវជ្រាវ​រាជបណ្ឌិត្យសភាកម្ពុជា និង​វិទ្យាស្ថាន​សិក្សា​អន្តរជាតិ និង​យុទ្ធសាស្ត្រ​បង់​ក្លា​ដែ​ស​ជាដើម​។​
 
​រម្លឹក​ពី​កិច្ចព្រមព្រៀង​នេះហើយ សម្ដេច ហ៊ុន សែន ក៏​សន្យា​ជួយ​បញ្ចូល​បង់​ក្លា​ដែ​ស ទៅក្នុង​ក្របខណ្ឌ​មេគង្គ​-​គង្គារ​ផងដែរ ដើម្បី​ផ្សារភ្ជាប់ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌ និង​ទេសចរណ៍​។​
 
«​ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​មេគង្គ​គង្គារ សម្ដេច​កំពុងធ្វើការ​ជាមួយ​បណ្តា​ប្រទេស​ដែលជា​សមាជិក​នៃ​យន្តការ​កិច្ចសហប្រតិបត្តិការ​មេគង្គ​គង្គារ​នេះ ដើម្បី​ស្នើសុំ​បញ្ចូល​ប្រទេស​បង់​ក្លា​ដែ​ស​។ ដូច្នេះ​(​បង់​ក្លា​ដែ​ស​)​ត្រូវ​រង់ចាំ​ការឆ្លើយតប​ពី​បណ្ដា​ប្រទេស​ដែលជា​សមាជិក​នៃ​គណកម្មការ​នេះ​សិន​។ ប៉ុន្តែ​កម្ពុជា​នឹង​បន្ត​ខិតខំ​ជួយ​ក្នុង​កិច្ចការ​ដ៏​សំខាន់​នេះ​»​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​សម្ដេច ហ៊ុន សែន​។​
 
​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​គង្គារ (Mekong-Ganga Cooperation) នេះ ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​២០០០ ដោយមាន​ប្រទេស​ក្នុង​តំបន់​ចំនួន​៦ ជា​សមាជិក ក្នុងនោះ​រួមមាន​កម្ពុជា ថៃ ឡាវ វៀតណាម មី​យ៉ាន់​ម៉ា និង​ឥណ្ឌា​។ គោលបំណង​នៃ​ការបង្កើត​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​គង្គារ​នេះ​ឡើង គឺ​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ វប្បធម៌ អប់រំ ការដឹកជញ្ជូន និង​ការទំនាក់ទំនង​ឱ្យ​កាន់តែ​ជិតស្និត​រវាង​ប្រជាជន និង​ប្រជាជន ដែល​រស់​នៅតាម​បណ្ដោយ​ទន្លេមេគង្គ និង​ទន្លេ​គង្គារ​។​
 
​បច្ចុប្បន្ននេះ មាន​យន្តការ​កិច្ចសហប្រតិបត្តិការ​ផ្សេងគ្នា​ជាច្រើន​ក្នុង​តំបន់​មេគង្គ​ត្រូវបាន​បង្កើតឡើង ក្នុង​គោលដៅ​កសាង​ទំនាក់ទំនង​គ្នា ក្នុងនោះ​មាន​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ជប៉ុន​, គំនិត​ផ្តួចផ្តើម​មេគង្គ​ក្រោម​របស់​អាមេរិក (LMI), មេគង្គ​-​គង្គារ​របស់​ឥណ្ឌា (MGC), មេគង្គ ឡាន​ឆាង​ផ្តួចផ្តើម​ដោយ​ចិន (LMC), គណៈកម្មការ​ទន្លេមេគង្គ (MRC) និង​គំនិត​ផ្តួចផ្តើម​ដ៏ទៃទៀត​ដូចជា​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច អា​យ៉ា​វ៉ា​ឌី ចៅ​ប្រា​យ៉ា ទន្លេមេគង្គ (ACMECS) ជាដើម​៕

Tag:
 ហ៊ុន សែន​
  បង់​ក្លា​ដែ​ស​
  មេគង្គ​
 ​គង្គារ​
© រក្សាសិទ្ធិដោយ thmeythmey.com