ONE Championship
កីឡាជាតិ
ជាតិ
Ilias បង្ហាញ​ឫទ្ធិ ដើម្បី​ការពារ​ខ្សែក្រវាត់ Kickboxing នៅ​សង្វៀន ONE ក្រុង​ប៉េកាំង​
20, Nov 2019 , 9:39 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី
 
​កីឡាករ Ilias Ennahachi បានផ្តល់​អារម្មណ៍​រំភើប​សម្រាប់​អ្នកគាំទ្រ​នៅ​សង្វៀន Cadillac Arena នាទី​ក្រុង​ប៉េកាំង​ប្រទេស​ចិន​កាល​ថ្ងៃ​សៅរ៍ ទី​១៦ ខែ វិច្ឆិកា​។  Ilias បាន​ប្រើ​ភាព​វៃឆ្លាត​ដើម្បី​ការពារ​ខ្សែក្រវាត់ ONE Flyweight Kickboxing World Title ដោយ​ផ្តួល​កីឡាករ​ម្ចាស់ផ្ទះ​Wang Wenfeng រហស្សនាម «Metal Storm» ក្នុង​កម្មវិធី ONE: AGE OF DRAGONS​។ 



 
 
​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​វ័យ​២៣​ឆ្នាំ​បានចេញ​កណ្ដាប់ដៃ​និង​ជើង​បានល្អ​អមដោយ​ល្បឿន​លឿន​ដែល​ទទួលបាន​ពិន្ទុ​មានប្រៀប​លើ​កីឡាករ​ម្ចាស់ផ្ទះ​នៅ​ទឹក​ដំបូង​។ ម្ចាស់​ខ្សែក្រវាត់​សញ្ជាតិ​ហូ​ឡង់​តែងតែ​ដកថយ​ដោយ​បច្ចេកទេស ខណៈ កីឡាករ​ចិន​បាន​ព្យាយាម​បម្លាស់​ទី​សម្រុកចូល និង កៀងៗ​រក​កន្លែង​វ៉ៃ​ចេញ​ពេញ​រេញ​។  Ennahachi បាន​ផលចំណេញ​ពី​ការ​ឆ្មក់​កណ្ដាប់ដៃ នៅពេលដែល Wang ព្យាយាម​ចូល​កៀក​។ «Metal Storm» នៅតែ​ចូល​គាប​កីឡាករ​កូនកាត់​ហូ​ឡង់​-​ម៉ា​រ៉ុ​ក​ដើម្បី​រក​ចន្លោះប្រហោង ហើយក៏​ទទួលបាន​ផល​ខ្លះៗ​នៅ​ទឹក​ទី​២​។ កីឡាករ​ចិន​ប្រើ​ជើងឆ្វេង​ទាត់​ផង រួមទាំង​កណ្ដាប់ដៃ​ដែរ​ដើម្បី​បង្អាក់​ចលនា​របស់ Ennahachi ប៉ុន្តែ Wang មិន​ចំណេញ​ច្រើន​ទេ​។ យ៉ាងណាក្ដី កីឡាករ​មកពី​ក្លិប SB Gym នៅតែ​អាច​ទទួល​បានទទួល​ពិន្ទុ​ពី​ចៅក្រម​ដោយសារ​កណ្ដាប់​ពី​ចម្ងាយ​ពេល​កីឡាករ​ចិន​ព្យាយាម​ចូល​កៀក​។ 
 
​បន្ទាប់មក​ម្ចាស់​ខ្សែក្រវាត់ KLF World Champion នៅតែ​ដាក់​សម្ពាធ​នៅ​ទឹក​ទី​៣​ដោយ​ប្រឹង​សន្ធាប់​ដូចជា ជង្គង់ ជើងឆ្វេង​យ៉ាងខ្លាំង និង ការ​ម៉ាត់​ខ្លាំង​សំដៅ Ennahachi​។ បែបណាក៏ដោយ​កីឡាករ​កូនកាត់​ហូ​ឡង់​-​ម៉ា​រ៉ុ​ក នៅតែ​ធ្វើ​បានល្អ​ក្នុងការ​វ៉ៃ​សង​វិញ ហើយ​ប្រើ​ជើងឆ្វេង​ទាត់​ចំក្បាល​កីឡាករ​ចិន​ផងដែរ​។ 


 
Wang បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ចិន​ដែល​ទៅ​ទស្សនា​ផ្ទាល់​ហើប​គូថ​ពី​កៅអី​នៅពេល​រូបគេ​គ្រប់គ្រង​ការប្រកួត​បានល្អ​នៅ​ទឹក​ទី​៤​លើ Ennahachi ប៉ុន្តែ​ម្ចាស់​ការពារ​ខ្សែក្រវាត់ World Champion នៅតែ​បង្កើត​ឱកាស និង អាចមាន​ឱកាស​ទាត់​ចំក្បាល ហើយ​ប្រើ​កណ្ដាប់ដៃ​យក​ពិន្ទុ​ពី Wang​។ កីឡាករ​ឡើង​ដណ្ដើម​ខ្សែក្រវាត់​នៅតែ​បង្ហាញ​ឆន្ទៈ ខ្លាំង​នៅ​ទឹក​ចុងក្រោយ​ខណៈដែល Ennahachi មិនអាច​ធ្វេសប្រហែស​ឡើយ​ក្នុងនាម​ជា​ម្ចាស់​ខ្សែក្រវាត់​។ កីឡាករ​ទាំង​ពីរបាន​បញ្ចេញ​អាវុធ​រៀងៗ​ខ្លួន​មិន​ឲ្យ​អ្នកទស្សនា​ធុញទ្រាន់​ឡើយ ហើយ ក្រោយ​ចប់​ការប្រកួត​ពួកគេ​ទាំង​ពីរបាន​អបអរសាទរ​ប្រកបដោយ​ក្ដី​រំពឹងទុក​ដូចគ្នា​។ លទ្ធផល​ចុងក្រោយ​Ennahachi ឈ្នះ​ពិន្ទុ​មិន​ឯកច្ឆន្ទ​លើ Wang ដើម្បី​ការពារ​ខ្សែក្រវាត់​របស់ខ្លួន និង រក្សា​កំណត់ត្រា ឈ្នះ​៣៦ លើក និង ចាញ់ ៣​លើក​ក្នុង​អាជីព​។ 
 
Ilias Ennahachi បាន​ថ្លែងថា ៖«​ខ្ញុំ​បានធ្វើការ​ខ្លាំង​ដើម្បី​ប្រកួត​ថ្ងៃនេះ តែ​វា​ជាការ​ប្រកួត​ដ៏​តានតឹង​មួយ​។ ខ្ញុំ​មិនទាន់​ដឹង​ជួប​អ្នកណា​ទៀត​ទេ អាស្រ័យ​លើ ONE អ្នករៀបចំ​។ ខ្ញុំ​សូម​អរគុណ​ដល់ ONE Championship ដែល​រៀបចំ​ការប្រកួត​។ ខ្ញុំ​នឹង​ប្រឹង​បន្តទៀត​ដើម្បី​ការពារ​ខ្សែក្រវាត់​។ ខ្ញុំ​អរគុណ​ដល់​ប្រជាជន​ចិន ខ្ញុំ​ស្រលាញ់​អ្នក​ទាំងអស់គ្នា ហើយ ខ្ញុំ​ស្រលាញ់​រដ្ឋធានី​ប៉េកាំង​»​។ 
 
​កម្មវិធី​បន្ទាប់ សូមកុំ​ភ្លេច​ទស្សនា​កម្មវិធី​ប្រកួត​បន្ទាប់​នៅ ONE: AGE OF GREATNESS នៅ​ថ្ងៃទី ២២ ខែ វិច្ឆិកា ខាងមុខ ពី​សិង្ហ​បុរី​ចាប់ពី​ម៉ោង ៦:៣០ ល្ងាច​តទៅ (​ម៉ោង​កម្ពុជា​) តាមរយៈ Facebook, Twitter, YouTube, ONE Super App, និង ផ្សាយ​បន្ត​ផ្ទាល់​ដោយ CBS៕ 



© រក្សាសិទ្ធិដោយ thmeythmey.com