ជាតិ
សង្គមជាតិ
ស្ថាប័នរៀបចំបុណ្យជាតិថា ឡានដឹកព្រះសពសម្តេចព្រះរៀម គឺឡានមើស៊ីឌីស
20, Nov 2019 , 7:52 pm        
រូបភាព
សកម្មភាពលើកព្រះសពសម្តេចរាជបុត្រីព្រះរៀម​ នរោត្តម បុប្ផាទេវី ដាក់ក្នុងរថយន្ត ដែលអ្នកប្រើប្រាស់បណ្តាញសង្គមរិះគន់ថា ជារថយន្តប្រភេទសាំងយ៉ុង តែត្រូវគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បកស្រាយថា ជារថយន្តប្រភេទម៉ាសឺដេស
សកម្មភាពលើកព្រះសពសម្តេចរាជបុត្រីព្រះរៀម​ នរោត្តម បុប្ផាទេវី ដាក់ក្នុងរថយន្ត ដែលអ្នកប្រើប្រាស់បណ្តាញសង្គមរិះគន់ថា ជារថយន្តប្រភេទសាំងយ៉ុង តែត្រូវគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បកស្រាយថា ជារថយន្តប្រភេទម៉ាសឺដេស
គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ អះអាងថា ព្រះសពសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ត្រូវបានដឹកតាមព្រះទីនាំងប្រភេទមើស៊ីឌីស (Mercedes) ចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ យកទៅតម្កល់នៅវត្តបទុមវត្តី កាលពីយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីធ្វើបុណ្យតាមប្រពៃណី។ នេះបើតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មាការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដែលចេញនៅយប់ថ្ងៃទី២០ ខែវិច្ឆិកានេះ។



ការចេញសេចក្តីថ្លែការណ៍របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ គឺដើម្បីបដិសេធនឹងការរិះគន់លើបណ្តាញសង្គម ដែលថា ព្រះសពសម្តេចរាជបុត្រីព្រះរៀម ត្រូវបានដឹកដោយរថយន្តសាំងយ៉ុង (Ssangyong)។ 

គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ លើកឡើងថា រថយន្តប្រភេទម៉ាសឺដេសនោះ គឺជាព្រះទីនាំងរបស់ក្រសួងព្រះបរមរាជវាំង ដែលតែងតែប្រើសម្រាប់ដឹកព្រះសង្ឃ និមន្តចូលរួមក្នុងព្រះរាជពិធីផ្សេងៗ ក្នុងព្រះបរមរាជវាំង និង «ត្រូវបានតុបតែងលម្អដោយវាំងនន និងកម្រាលព្រំថ្មីទាំងអស់ និងរៀបចំឲ្យស័ក្តិសមល្អបំផុត ជារថយន្តសម្រាប់ដង្ហែព្រះសព ដោយឥតមានកៅអីអង្គុយនៅខាងក្នុងព្រះទីនាំងនោះទេ»៕

Tag:
 នរោត្តម បុប្ផាទេវី
© រក្សាសិទ្ធិដោយ thmeythmey.com