ជាតិ
យូ​នី​សេ​ហ្វ​៖ សា​លាម​ត្តេ​យ្យ និង​អាហារូបត្ថម្ភ​ត្រូវមាន​ជា​ចាំបាច់​សម្រាប់ ការលូតលាស់​របស់​កុមារ​កម្ពុជា​
21, Nov 2019 , 1:39 pm        
រូបភាព
កុមារ​​ចូលរួម​​​​កម្មវិធី​​ពិធី​ប្រារព្ធ​ខួប​ទី​៣០ នៃ​ការ​បង្កើត​អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ​​​ នៅ​រាជធានី​ភ្នំពេញ ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៩។ (កាន់ វិច្ឆិកា/VOA)
កុមារ​​ចូលរួម​​​​កម្មវិធី​​ពិធី​ប្រារព្ធ​ខួប​ទី​៣០ នៃ​ការ​បង្កើត​អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ​​​ នៅ​រាជធានី​ភ្នំពេញ ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៩។ (កាន់ វិច្ឆិកា/VOA)
ដោយ: VOA
​ភ្នំពេញ ៖​កុមារ​កម្ពុជា​នៅតែ​រងគ្រោះ​ដោយសារ​អំពើហិង្សា​ផ្លូវកាយ ផ្លូវភេទ ផ្លូវចិត្ត និង​ប្រឈម​នឹង​កង្វះ​អាហារូបត្ថម្ភ ដែល​ចាំបាច់​ត្រូវមាន​ការយកចិត្តទុកដាក់​ដោះស្រាយ​ពី​រដ្ឋាភិបាល សហគមន៍ និង​គ្រួសារ​។​

 
​ក្នុង​កម្មវិធី​ប្រារព្ធ​ខួប​ទី​៣០​នៃ​ការបង្កើត​អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​២០​ខែវិច្ឆិកា​ឆ្នាំ​២០១៩​នេះ អ្នកស្រី​គ្រី​ស្ទៀ​ន ម៉ុ​ន​ឌ័​រ​តេ តំណាង​យូ​នី​សេ​ហ្វ​ប្រចាំ​ប្រទេស​កម្ពុជា ប្រាប់ VOA ថា​ក្នុងពេល​បច្ចុប្បន្ន បើទោះបីជា​ស្ថានភាព​សិទ្ធិ​និង​ការរស់នៅ​របស់​កុមារ​កម្ពុ​ជាមាន​ភាពប្រសើ​រ​ជាង​មុន ប៉ុន្តែ​ពួកគេ​នៅតែ​ប្រឈម​នឹង​បញ្ហា​ទាំងនេះ​។ អ្នកស្រី​បន្ថែមថា បញ្ហា​ពីរ​ដែល​រដ្ឋាភិបាល សង្គម និង ឪពុកម្តាយ​គួរ​យក​ទុកដាក់​ខ្លាំង​នោះ​គឺ​ការអប់រំ​និង​ការផ្តល់​អាហារូបត្ថម្ភ​គ្រប់គ្រាន់​ដល់​កុមារ​មាន​អាយុ​ក្រោម​ប្រាំពីរ​ឆ្នាំ ដែលជា​អាយុ​សំខាន់​ក្នុងការ​លូតលាស់​។​
 
«​មាន​ការងារ​ជាច្រើន​ទៀត​ដែល​យើង​ត្រូវធ្វើ​។ ឧទាហរណ៍​ដូចជា អាហារូបត្ថម្ភ​។ បច្ចុប្បន្ននេះ​ពី​៣៥​ទៅ​៤០​ភាគរយ​នៃ​កុមារ​នៅមាន​ជំងឺ​ក្រិន​[…]​។ បច្ចុប្បន្ននេះ​យើង​មាន​ចំនួន​ម្តាយ​បំបៅកូន​ដោយ​ទឹកដោះ​តិចជាង​មុន​។ បញ្ហា​នេះ​ធ្វើ​ឲ្យ​កុមារ​មាន​ជំងឺ​ក្រិន ពីព្រោះ​អ្នក​ម្តាយ​ទាំងនោះ​មិនបាន​ផ្តល់​ជីវជាតិ​សំខាន់​គ្រប់គ្រាន់​ដល់​កុមារ​»​។​
 
​អ្នកស្រី​បន្ថែមថា ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ​បាន ត្រូវមាន​ការចូលរួម​ពី​រដ្ឋាភិបាល សហគមន៍ និង​ក្រុមគ្រួសារ​។ ក្នុងនោះ ការបញ្ជូន​កុមារ​ទៅ​ចូលរៀន​ថ្នាក់​ម​ត្តេ​យ្យ​សិក្សា​គឺជា​សារៈសំខាន់​ដែល​នាំ​ឲ្យ​កុមារ​មានឱកាស​ទទួល​ភាពជោគជ័យ​ក្នុង​ជីវិត​។​
 
«​យើង​ត្រូវការ​សា​លាម​ត្តេ​យ្យ​ច្រើន​ទៀត​នៅក្នុង​ប្រទេស​នេះ​។ ដូច្នេះ​កុមារ​អាច​ទៅ​សាលា​បាន​ពី​អាយុ​បួន​ឆ្នាំ​ឡើងទៅ​។ ហើយ​ពួកគាត់​អាច​អភិវឌ្ឍ​ខួរក្បាល​សមត្ថភាព​និង​ជំនាញ​ផ្សេងៗ​។ មានការ​សិក្សា​ដែល​ខ្ញុំ​អាច​បង្ហាញ​អ្នក​។ ប្រសិនបើ​កុមារ​តូចៗ​ចូល​សា​លាម​ត្តេ​យ្យ ពួកគេ​មានឱកាស​ជោគជ័យ​នៅពេល​ពួកគេ​បញ្ចប់​មធ្យមសិក្សា និង​មហាវិទ្យាល័យ​»​។​
 
​នៅ​ថ្ងៃទី​២០​ខែវិច្ឆិកា​ឆ្នាំ​២០១៩​នេះ កម្ពុជា​បាន​ប្រារព្ធ​ខួប​ទី​៣០​នៃ​ការបង្កើត​អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ​ពិភពលោក នៅ​រាជធានី​ភ្នំពេញ ដោយមាន​កុមារ​ជាង​៣០០​នាក់​ចូលរួម ព្រមទាំង​តំណាង​ក្រសួង និង​អង្គការ​ជាតិ អន្តរជាតិ​មួយចំនួន​ផង​។​
 
​កម្ពុជា​បានផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ​នៅ​ថ្ងៃទី​១៥​ខែកញ្ញា​ឆ្នាំ​១៩៩២​។ អនុសញ្ញា​នេះ​មាន​គោលបំណង​ធានាថា កុមារ​គ្រប់រូប​មាន​សិទ្ធិ​ទទួលបាន​ការថែទាំ​សុខភាព ការអប់រំ ការកម្សាន្ត ការការពារ ការចូលរួម​ផ្នែក​សង្គម​និង​នយោបាយ​។​
 
​អ្នកស្រី​ញ៉េប សុភាព អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ​របស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា យល់ស្រប​ថា បើទោះបីជា​កម្ពុជា​មានកា​រ​យកចិត្តទុកដាក់​ខ្ពស់​លើ​កុមារ​ក្តី ប៉ុន្តែ​បញ្ហា​ប្រឈម​មួយចំនួន​នៅតែ​កើតមាន​លើ​កុមារ​។​
 
«​កត្តា​គ្រោះមហន្តរាយ ភាពក្រីក្រ អំពើហិង្សា​ក្នុង​គ្រួសារ ការធ្វើ​ចំណាកស្រុក ការ​ទុក​កូន​ចោល ការជាប់​ពន្ធនាគារ​រ​បស់​ឳ​ពុក​ម្តាយ ជាហេតុ​ធ្វើ​ឲ្យ​កុមារ​ទទួលរង​បញ្ហា​ប្រឈម​នានា រួមមាន​កុមារ​បែក​ចេញពី​គ្រូ​សារ ការជួញដូរ ការរង​អំពើហិង្សា ការគំរាមកំហែង ការរំលោភបំពាន​ទាំង​ផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ ឬ​ការកេងប្រវ័ញ្ច​គ្រប់​រូបភាព​»​។​
 
​យ៉ាងណាក្តី អ្នកស្រី​លើកឡើងថា រដ្ឋាភិបាល​កម្ពុជា​តែង​បែងចែក​ថវិកាជាតិ សម្រាប់​គាំទ្រ​ដល់​សុខុមាលភាព​សាធារណៈ​របស់​កុមារ​នៅ​ទូទាំងប្រទេស​ជា​រៀងរាល់ឆ្នាំ​។​
 
​នៅ​កម្ពុជា កុមារ​ម្នាក់​ក្នុងចំណោម​កុមារ​ពីរ​នាក់​បាន​ទទួលរង​ការវាយដំ​យ៉ាងធ្ងន់ធ្ងរ​។ កុមារ​ម្នាក់​ក្នុងចំណោម​បួន​នាក់ រង​នូវ​ការរំលោភបំពាន​ខាង​ផ្លូវចិត្ត ហើយ​ក្មេងស្រី​ម្នាក់​ក្នុងចំណោម​ក្មេងស្រី​-​ប្រុស​២០​នាក់​ត្រូវបាន​គេ​បំពាន​ផ្លូវភេទ​។ នេះ​បើតាម​របាយការណ៍​រប​ស់​អង្គការ​យូ​នី​សេ​ហ្វ ចេញ​កាលពី​ខែមិថុនា​ឆ្នាំ​២០១៩​។ ក្នុង​របាយការណ៍​នោះ កុមារ​ជាច្រើន​ត្រូវបាន​គេ​ជួញដូរ ត្រូវបាន​បង្ខំ​ឱ្យធ្វើ​ការ រួមទាំង​ទម្រង់​ធ្ងន់ធ្ងរ​បំផុត​នៃ​ពលកម្ម​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com