អន្តរជាតិ
ប្រធានាធិបតី​ស្រីលង្កា​ថ្មី តែងតាំង​បងប្រុស​បង្កើត​ធ្វើ​នាយករដ្ឋមន្ត្រី​
21, Nov 2019 , 9:49 am        
រូបភាព
ប្រធានាធិបតីលោក  Gotabaya Rajapaksa (ស្តាំ) និងលោក Mahinda Rajapaksa ជាបងប្រុស ដែល​លោកទើបតែងតាំងជានាយករដ្ឋមន្ត្រី។ រូបថត AFP
ប្រធានាធិបតីលោក Gotabaya Rajapaksa (ស្តាំ) និងលោក Mahinda Rajapaksa ជាបងប្រុស ដែល​លោកទើបតែងតាំងជានាយករដ្ឋមន្ត្រី។ រូបថត AFP
​ប្រធានាធិបតី​ស្រីលង្កា ហ្គូ​តា​បា​យ៉ា រា​ចា​ប៉ាក់​សា (Gotabaya Rajapaksa) ដែល​ទើប​ជាប់ឆ្នោត​ថ្មីៗ បានតែងតាំង​បងប្រុស​បង្កើត​របស់ខ្លួន ម៉ា​ហ៊ិ​ន​ដា រា​ចា​ប៉ាក់​សា (Mahinda Rajapaksa) ជា​នាយករដ្ឋមន្ត្រី​ថ្មី​ដើម្បី​ដឹកនាំ​រដ្ឋាភិបាល​។ ការតែងតាំង​នេះ ជាការ​អនុវត្តតាម​ពាក្យសន្យា​អំឡុងពេល​ឃោសនា​រក​សំឡេងឆ្នោត​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ដែល​លោក​បាន​ផ្ដួល​បេក្ខជន​បក្ស​កាន់អំណាច​។ ត្រកូល​រា​ចា​ប៉ាក់​សា ល្បីឈ្មោះ​ដោយសារ​ការបញ្ចប់​សង្គ្រាម​ជាមួយ​ក្រុម​ខ្លា​តា​មិ​ល​។​

 
​លោក ម៉ា​ហ៊ិ​ន​ដា រា​ចា​ប៉ាក់​សា ត្រូវ​ស្បថ​ចូលកាន់​តំណែង​នាយករដ្ឋមន្ត្រី​របស់​ស្រីលង្កា​នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា បន្ទាប់ពី​ត្រូវបាន​ប្អូនប្រុស​បង្កើត​របស់លោក គឺ​ប្រធានាធិបតី​ថ្មី ហ្គូ​តា​បា​យ៉ា រា​ចា​ប៉ាក់​សា ចុច​ឈ្មោះ​ឲ្យ​កាន់តំណែង​កំពូល​នេះ​នៅ​ថ្ងៃទី​១៩ ខែតុលា​។ នេះ​ជា​លើក​ទី​ពីរ​ដែល​ត្រកូល​រា​ចា​ប៉ាក់​សា មាន​សមាជិក​ពីរ​នាក់​កាន់​ក្បាលម៉ាស៊ីន​ដឹកនាំ​រដ្ឋ​បែបនេះ​។​
 
​លោក ម៉ា​ហ៊ិ​ន​ដា ដែល​ធ្លាប់ជា​ប្រធានាធិបតី​ស្រីលង្កា​ពីរ​អាណត្តិ​ដែរនោះ នឹង​អង្គុយ​កៅអី​នាយករដ្ឋមន្ត្រី​ជំនួស Ranil Wickremesinghe ដែល​សុំលាលែង​ពី​តំណែង ក្រោយ​បេក្ខជន​តំណាង​បក្ស​របស់លោក ចាញ់​លោក ហ្គូ​តា​បា​យ៉ា ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​។ លោក Ranil ដែល​បក្ស​របស់​លោកមា​ន​សំឡេង​ភាគច្រើន​ក្នុង​សភា​និយាយថា លោក​លាលែង​ដើម្បី​ផ្ដល់ឱកាស​ឲ្យ​លោក ហ្គូ​តា​បា​យ៉ា ដែល​ទទួលបាន​ការទុកចិត្ត​ពី​ប្រជាជន​ក្នុង​ការបង្កើត​រដ្ឋាភិបាល​ថ្មី​។ 
 
​បានន័យថា លោក ម៉ា​ហ៊ិ​ន​ដា វ័យ​៧៤​ឆ្នាំ នឹងត្រូវ​ដឹកនាំ​រដ្ឋាភិបាល​ដែលមាន​សំឡេង​ភាគតិច​ក្នុង​សភា​។ សភា​បច្ចុប្បន្ន ត្រូវបាន​ជ្រើសរើស​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០១៥ សម្រាប់​អាណត្តិ​៥​ឆ្នាំ​។ ប៉ុន្តែ​លោក​ប្រធានាធិបតី ហ្គូ​តា​បា​យ៉ា ដែលមាន​វ័យ​៧០​ឆ្នាំ គ្មាន​សិទ្ធិ​រំលាយ​សភា​ឡើយ ហើយ​ត្រូវ​ចាំ​ដល់​ខែមីនា ឆ្នាំ​២០២០ ទើប​រំលាយ​បាន​ដើម្បី​រៀបចំ​ការបោះឆ្នោត​អាណត្តិ​ថ្មី​។  
 
​តាមពិតទៅ នេះ​ក៏​មិនមែនជា​លើកដំបូង​ដែល​បងប្អូន​រា​ចា​ប៉ាក់​សា ធ្វើការ​ក្នុង​ក្បាលម៉ាស៊ីន​រដ្ឋ​រួមគ្នា​ដែរ​។ ក្នុង​អាណត្តិ​ប្រធានាធិបតី​លើកទីមួយ​របស់លោក ម៉ា​ហ៊ិ​ន​ដា លោក ហ្គូ​តា​បា​យ៉ា គឺជា​លេខាធិការ​ក្រសួងការពារជាតិ ដែល​ពេលនោះ​កំពុង​ធ្វើ​ប្រតិបត្តិការ​បោសសម្អាត​ក្រុម​ឧទ្ទាម​ខ្លា​តា​មិ​ល​។ ទោះ​សង្គ្រាម​ក្នុងស្រុក​ចប់​នៅ​ឆ្នាំ​២០០៩ មែន កម្លាំង​សន្តិសុខ​រង​ការចោទប្រកាន់​ពីបទ​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​បាន​បំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​។​
 
​ទោះ​រង​ការរិះគន់​ពី​ខាងក្រៅ និង​ក្នុងចំណោម​ជនភាគតិច​តា​មិ​ល​ក្ដី ត្រកូល​រ៉ា​ចា​ប៉ាក់​សា​នេះ បានទទួល​ការគោរព​ខ្លាំង​ពី​ប្រជាជន Sinhalese ដែលជា​ជន​ភាគច្រើន​នៅ​ស្រីលង្កា​។ ស្នាដៃ​ទាំងនេះ ពិតជា​ជួយ​ឲ្យ​ត្រកូល​នេះ ឡើងកាន់​អំណាច​ជាថ្មី​៕ 

Tag:
 ស្រីលង្កា​
  Gotabaya Rajapaksa
  Mahinda Rajapaksa
© រក្សាសិទ្ធិដោយ thmeythmey.com