កីឡាជាតិ
ជាតិ
គណៈកម្មការ​រៀបចំ​ពាន Soccer League សម្រេច​ដក​ក្រុម​រស្មី​សំពៅ​មាស និង​ពិន័យ​មិន​ឲ្យ​ចូលរួម​១​ឆ្នាំ​
21, Nov 2019 , 10:17 am        
រូបភាព
ក្រុមរស្មីសំពៅមាស(ក្នុងរង្វង់)ត្រូវបានដកចេញពីការប្រកួត និងពិន័យមិនឲ្យចូលរួមពាន Soccer League ១ឆ្នាំ
ក្រុមរស្មីសំពៅមាស(ក្នុងរង្វង់)ត្រូវបានដកចេញពីការប្រកួត និងពិន័យមិនឲ្យចូលរួមពាន Soccer League ១ឆ្នាំ
ដោយ:
​គណៈកម្មការ​រៀបចំ​ពានរង្វាន់ Soccer League បានសម្រេច​ដក​ក្រុមបាល់ទាត់​រស្មី​សំពៅ​មាស​ចេញពី​ការប្រកួត និង​ពិន័យ​មិន​ឲ្យ​ចូលរួម​ពានរង្វាន់​នេះ​ចំនួន​១​ឆ្នាំ ពាក់ព័ន្ធ​នឹង​ករណី​បង្ក​ហិង្សា​ទៅលើ​អាជ្ញាកណ្តាល​។ នេះ​បើតាម​សេចក្តីសម្រេច​របស់​គណៈ​កម្ម​ការរៀបចំ​ការប្រកួត​ពានរង្វាន់ Soccer League ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​។

 
​ការចេញ​សេចក្តីសម្រេច​នេះ ធ្វើឡើង​ក្រោយ​ក្រុម​កីឡាករ​រស្មី​សំពៅ​មាស រួមជាមួយ​អ្នកគាំទ្រ​បាន​បង្ក​ឲ្យ​មាន​ភាពចលាចល​រហូត​ធ្វើ​ឲ្យ​ផ្ទុះ​ជា​ហិង្សា​ដេញ​វាយ​អាជ្ញាកណ្តាល​ពេញ​ទីលាន​ប្រកួត​បណ្តាល​ឲ្យ​រងរបួស​ស្រាល​។ ករណី​ហិង្សា ដែល​មិនគួរ​ឲ្យ​កើតមាន​ក្នុង​វិស័យ​កីឡា​នេះ បានកើត​ឡើង​ក្នុងជំនួប​រវាង​ក្រុម​រស្មី​សំពៅ​មាស​ជាមួយ​ក្រុម​សម្ព័ន្ធ​គណៈកម្មការ​សម្របសម្រួល​និស្សិត និង​បញ្ញវ័ន្ត​កម្ពុជា​កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​កីឡដ្ឋាន KMH​។ 
 
​មូលហេតុ ដែល​នាំ​ឲ្យ​មានការ​ប៉ះទង្គិច​នេះ គឺ​ក្រោយ​កីឡាករ​រស្មី​សំពៅ​មាស​នាំគ្នា​តវ៉ា បន្ទាប់ពី​មិន​ពេញចិត្ត​ចំពោះ​ការសម្រេច​របស់​អាជ្ញាក​ណ្តា​ល ដែល​ផ្តុំ​កញ្ចែ​បញ្ចប់​ការប្រកួត​ត្រឹម​៨០​នាទី​។ បន្ទាប់មក​អ្នកគាំទ្រ​របស់​ពួកគេ​បាននាំគ្នា​ដើរចូល​ទីលាន​សំដៅ​ទៅរក​កន្លែង​ដែលមាន​ការតវ៉ា ហើយ​បាន​បង្ក​ឲ្យ​មាន​ហិង្សា​តែម្តង ដោយ​បណ្តាល​ឲ្យ​អាជ្ញាកណ្តាល​រងរបួស​មា​ត់ និង​ចំណុច​មួយចំនួនទៀត​។ 
 
​មួយថ្ងៃ​ក្រោយ​ផ្ទុះ​មាន​ករណី​ហិង្សា​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ពានរង្វាន់ Soccer League បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ដោយ​សម្រេច​ដក​ក្រុម​រស្មី​សំពៅ​មាស​ចេញពី​បេក្ខភាព​ប្រកួត​ឆ្នាំនេះ និង​ពិន័យ​មិន​ឲ្យ​ចូលរួម​ពានរង្វាន់​នេះ​ចំនួន​១​ឆ្នាំ​។ ជាមួយគ្នានេះ គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​សម្រេច​ឲ្យ​ក្រុម ដែល​ត្រូវ​ជួប​ប្រកួត​ជាមួយ​រស្មី​សំពៅ​មាស​ទទួលបាន​៣​ពិន្ទុ​ស្វ័យប្រវត្តិ និង​តម្កល់​ប្រាក់​កក់​របស់​ក្រុម​រស្មី​សំពៅ​មាស​ទុកជា​អាសាបង់​៕  
 

Tag:
 បាល់ទាត់​
  Soccer League 2019
  រស្មី​សំពៅ​មាស​
© រក្សាសិទ្ធិដោយ thmeythmey.com