ជាតិ
នយោបាយជាតិ
ប្រធានាធិបតីអុីរ៉ង់៖ កម្ពុជា អាចដើរតួនាទីសំខាន់ក្នុងទំនាក់ទំនងអាស៊ាន-អុីរ៉ង់ លោក អ៊ុង ស៊ាន អគ្គរាជទូតកម្ពុជាប្រចាំអ៊ីរ៉ង់ជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ីរ៉ង់ ហាសាន់ រូហានី ។ រូបថតទីភ្នាក់ងារព័ត៌មាន Mehr
× ប្រធានាធិបតីអ៊ីរ៉ង់ ហាសាន់ រូហានី នៅថ្ងៃទី១៩ ខែវិច្ឆិកា និយាយថា កម្ពុជា អាចដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍទំនាក់ទំនងអ៊ីរ៉ង់ និងអាស៊ាន។ លោកនិយាយបែបនេះនាជំនួបជាមួយលោក អ៊ុង ស៊ាន អគ្គរាជទូតកម្ពុជាប្រចាំអ៊ីរ៉ង់ទើបតែងតាំងថ្មី។ ទូតកម្ពុជាវិញ ក៏ប្រកាសការគាំទ្រជំហរអ៊ីរ៉ង់លើបញ្ហាតំបន់ និងអន្តរជាតិ ព្រោះភាគីទាំងពីរគំនិតដូចគ្នាលើឆាកអន្តរជាតិ។
លោក អ៊ុង ស៊ាន បានទៅធ្វើដំណើរទៅកាន់ទីក្រុងតេហេរ៉ង់ដើម្បីផ្ដល់សារតាំងជាអគ្គរាជទូតកម្ពុជាចំពោះប្រធានាធិបតីអ៊ីរ៉ង់ ហាសាន់ រូហានី ។ លោក បានប្រគល់សារតាំងដល់លោក រូហានី នៅថ្ងៃទី១៩ ខែវិច្ឆិកា នាវិមានប្រធានាធិបតីអ៊ីរ៉ង់។
នាជំនួបក្រោយការទទួលសារតាំង លោក រូហានី និយាយថា កម្ពុជាអាចដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍថែមទៀតនៃទំនាក់ទំនងរវាងអ៊ីរ៉ង់ និងសមាជិកអាស៊ានឯទៀត។ ឯទំនាក់ទំនងទ្វេភាគីវិញ លោក រូហានី អះអាងថា៖ «សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ត្រៀមខ្លួនជាស្រេចដើម្បីអភិវឌ្ឍកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយកម្ពុជា។» នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់ Mehr ។
ជាការឆ្លើយតប លោក អ៊ុង ស៊ាន លើកឡើងថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងមិត្តភាពរវាងរដ្ឋាភិបាល និងប្រទេសទាំងពីរ គឺជិតស្និទ្ធ ហើយគួរតែព្យាយាមជំរុញទំនាក់ទំនងឲ្យកាន់តែស៊ីជម្រៅថែមទៀត។ ជុំវិញបញ្ហាតំបន់ និងពិភពលោកវិញ អគ្គរាជទូតកម្ពុជាអះអាងថា ប្រទេសទាំងពីរមានគំនិតដូចគ្នា ហើយថា៖ «កម្ពុជាគាំទ្រជំហរអ៊ីរ៉ង់លើឆាកតំបន់ និងអន្តរជាតិ ហើយស្វែងរកទំនាក់ទំនងល្អជាមួយអ៊ីរ៉ង់។ នេះបើតាមការស្រង់សម្ដីរបស់ទីភ្នាក់ងារព័ត៌មានដដែល។
លោក អ៊ុង ស៊ាន ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌា បង់ក្លាដេស ស្រីលង្កា ប៉ាគីស្ថាន និងអ៊ីរ៉ង់ ហើយមាននិវេសនដ្ឋានៅទីក្រុងញូវដែលី៕
Tag:
អ៊ីរ៉ង់
កម្ពុជា
អាស៊ាន
អ៊ុង ស៊ាន
ហាសាន់ រូហានី
© រក្សាសិទ្ធិដោយ thmeythmey.com