អន្តរជាតិ
រញ្ជួយដី៦,៤ រ៉ិចទ័រ វាយប្រហារព្រំដែនថៃ-ឡាវ ភាគខាងជើង រូបភាព៖ the Nation
× គ្រោះរញ្ជួយដី ៦,៤ រ៉ិចទ័រ បានវាយប្រហារទៅលើប្រទេសឡាវ ក្នុងជម្រៅ ៣គីឡូម៉ែត នៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា។ ប៉ុន្តែគ្រោះធម្មជាតិមួយនេះ មិនបានបង្កឲ្យមានការខូតខាត ឬបំផ្លាញអគារ និងទ្រព្យសម្បត្តិអ្វីទេ។ ចំណុចរញ្ជួយដីនេះ គឺកើតឡើងតែ ២០គីឡូម៉ែត្រប៉ុណ្ណោះ ពីឃុំ Khunnan ស្រុក Chaloem Prakiat ខេត្ត Nan ប្រទេសថៃ។
បើតាមក្រុមស៊ើបអង្គេតគ្រោះរញ្ជួយដី នៃនាយកដ្ឋានឧតុនិយម បានអះអាងថា គ្រោះរញ្ជួយដី មានកម្រិត ៦,៤ វ៉ិចទ័រ បានកើតឡើងនៅក្នុងវេលាប្រមាណជា៦ និង៥០នាទី ព្រឹក នៅក្បែរព្រំដែន ថៃ-ឡាវ ភាគខាងជើង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation ។
ភ្លាមៗក្នុងហេតុការណ៍មួយនេះ ប្រជាជននៅក្នុងខេត្ត ក្បែរចំណុចកើតហេតុនោះ មានអារម្មណ៍ថាកំពុងស្ថិតក្នុងភាពរំញ័រ និងបង្កឲ្យមានការភិតភ័យជាខ្លាំង។ សូម្បីតែប្រជាជន ដែលរស់នៅលើអគារខ្ពស់ៗក្នុងទីក្រុងបាងកក ក៏មានអារម្មណ៍ថាទទួលរងកម្រិតរំញ័រពីគ្រោះរញ្ជួយដីនេះដែរ។ ប៉ុន្តែយ៉ាងណាក៏ដោយ វាមិនបានបង្កឲ្យមានការខូតខាតទ្រព្យសម្បត្តិណាមួយឡើយ។
សូមបញ្ជាក់ថា ក្នុងឆ្នាំ ២០១៩នេះ ខេត្តឈៀងម៉ៃ ប្រទេសថៃ ក៏បានទទួលរងគ្រោះរញ្ជួយដីក្នុងកម្រិត ៤,១ វ៉ិចទ័រម្តងដែរ កាលពីថ្ងៃទី ១៨ ខែតុលា។ កាលនេះ វាបានកើតឡើងនៅវេលាម៉ោង ៩ និង៤៦នាទីយប់។ ប៉ុន្តែវា មិនបានបង្កឲ្យមានខូតខាតទ្រព្យសម្បត្តិណាមួយឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com