ជាតិ
សម្ដេច ហ៊ុន សែន ៖ «​ខ្ញុំ​ហាក់ដូច​ជាមាន​កង្វល់ ទៅលើ​បេក្ខជន​បណ្ឌិត​ច្រើន​ហួស​»
21, Nov 2019 , 11:38 am        
រូបភាព
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រួយបារម្ភ​ពី​គុណភាព​នៃ​ចំណេះដឹង និង​សមត្ថភាព​របស់​បេក្ខជន​បញ្ចប់​ថ្នាក់បណ្ឌិត​នៅ​កម្ពុជា​។ សម្ដេច​លើកឡើង​បែបនេះ នៅក្នុង​ពិធី​សម្ពោធ «​អគារ​ឥន្ទ្រ​ទេវី​» របស់​រាជបណ្ឌិត្យសភា​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែវិច្ឆិកា​។​


 
«​ទន្ទឹមនឹង​ការអបអរសាទរ ខ្ញុំ​ហាក់ដូច​ជាមាន​កង្វល់ ទៅលើ​បេក្ខជន​បណ្ឌិត​ច្រើន​ហួស​»​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ហ៊ុន សែន ដែល​បាន​ស្នើឱ្យ​រាជបណ្ឌិត្យសភា ពង្រឹង​លើ​ការវាយតម្លៃ​បេក្ខជន​ការពារ​និក្ខេបប​ទ​ថ្នាក់បណ្ឌិត​។​
 
​និស្សិត​បញ្ចប់​ការសិក្សា​នៅ​រាជបណ្ឌិត្យសភា ចាប់ពី​ឆ្នាំ​២០០១ ដល់​ឆ្នាំ​២០១៩ នេះ មាន​ចំនួន​៤១៦​នាក់ ក្នុងនោះ​បរិញ្ញាបត្រ​ជាន់ខ្ពស់ ៣០៨​នាក់ និងថ្នាក់បណ្ឌិត​១០៨​នាក់ ។​ហើយ​បច្ចុប្បន្ននេះ ក៏មាន​និស្សិត​៧៩៣​នាក់ កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​២៤៧​នាក់ និង​ថ្នាក់បណ្ឌិត​៥៤៦​នាក់ នៅ​រាជបណ្ឌិត្យសភា​ដែរ​។ សម្រាប់​សម្ដេច ហ៊ុន សែន តួលេខ​និស្សិត​សិក្សា​ថ្នាក់បណ្ឌិត​ច្រើន​នេះ វា​ជា​រឿង​មួយ​ល្អ​ហើយ ប៉ុន្តែ​វា​ក៏​ជា​ក្តី​ព្រួយបារម្ភ​ទៅលើ​សមត្ថភាព​បណ្ឌិត​របស់​ពួកគេ​ផងដែរ​។​
 
​ថ្លែង​ចំពោះមុខ​មន្ត្រី​រាជបណ្ឌិត្យសភា មន្ត្រី​រដ្ឋាភិបាល និង​និស្សិត​នោះ ប្រមុខ​រដ្ឋាភិបាល បាន​និយាយ​ដូច្នេះ​ថា​៖«​បើសិនជា​យើង​មាន​បណ្ឌិត​ចំនួន​(​ជាង​៥០០​នាក់​)​នេះ​បន្ថែមទៀត បូក​ជាមួយ​បណ្ឌិត​បញ្ចប់​ការសិក្សា​រួចហើយ ធ្វើឱ្យ​បណ្ឌិត​ដែល​ចេញពី​រាជបណ្ឌិត្យសភា​ឡើង​ជាង​៦០០​នាក់ ចាត់ទុកជា​(​កម្ពុជា​)​ប្រទេស​ដែលមាន​បណ្ឌិត​ច្រើនជាងគេ​នៅលើ​ពិភពលោក​។ គិតពី​ចំនួន​ប្រជាពលរដ្ឋ មាន​បណ្ឌិត​ច្រើនពេក​ហើយ​។ អ៊ីចឹង​ចំណុច​នេះ ក៏​ជា​ចំណុច​ដែល​ត្រូវ​ពិនិត្យមើល​ឱ្យបាន​ច្បាស់ ដែល​ខ្ញុំ​និយាយ​កាលពី​ពេលមុន​ថា តើ​អ្នក​ណែនាំ​និក្ខេបប​ទ​នោះ ក្នុង​១​នាក់ ណែនាំ​សិស្ស និស្សិត​ប៉ុន្មាន​?»​។​
 
​ឆ្លើយតប​នឹង​ក្តី​ព្រួយបារម្ភ​របស់​សម្ដេច ហ៊ុន សែន នេះ លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភា បាន​ឡើង​ក្រោកឈរ​រៀបរាប់​ប្រាប់​សម្ដេច​វិញ​ថា ដ្បិត​មាន​និស្សិត ឬ​បេក្ខជន​បណ្ឌិតកំពុង​សិក្សា​នៅ​រាជបណ្ឌិត្យសភា​ច្រើន​មែន ប៉ុន្តែ​មិន​ប្រាកដថា ពួកគេ​អាច​បញ្ចប់​ថ្នាក់បណ្ឌិត​បាន​ទាំងអស់​នោះទេ​។ បើតាម​លោក សុខ ទូច គឺ​មានតែ​បេក្ខជន​ជាប់​បណ្ឌិត ប្រមាណ​ជា​៣​នាក់​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ តាមរយៈ​ការវាយតម្លៃ​យ៉ាង​ហ្មត់ចត់​ពី​សំណាក់​ក្រុមប្រឹក្សា​ការពារ​និក្ខេបប​ទ​ថ្នាក់បណ្ឌិត​។​
 
«​ចំនួន​បេក្ខជន​ជាង​៤០០​នាក់ ពេល​ចប់​មានតែ​២​ទៅ​៣​នាក់​ជាប់​ទេ សម្ដេច​។ មានន័យថា​ចំនួន​៤០០​នាក់​នេះ គឺជា​ចំនួន​អ្នក​ចុះឈ្មោះ​ចូលរៀន​(​ថ្នាក់បណ្ឌិត​) ប៉ុន្តែ​មិន​ប្រាកដថា ចប់​ទាំងអស់​នោះទេ​។ ឧទាហរណ៍​ថា មាន​បេក្ខជន​២០០​នាក់​បញ្ចប់​ថ្នាក់បណ្ឌិត ប៉ុន្តែ​ពេល​(​ការពារ​និក្ខេបបទ​)​មានតែ​(​បេក្ខជន​)២​ទៅ​៣​នាក់​ទេ​ជាប់ សម្ដេច​។ លើក​នេះ​(​ការវាយតម្លៃ​លើ​បេក្ខជន​បណ្ឌិត​)​តឹងរឹង​ណាស់​សម្ដេច​»​។ នេះ​ជា​លើកឡើង​របស់ សុខ ទូច​។​
 
​ទោះ​លោក សុខ ទូច អះអាង​បែបនេះ​ក្តី ប៉ុន្តែ​សម្ដេច ហ៊ុន សែន នៅតែ​បារម្ភ​ពី​លក្ខណៈសម្បត្តិ​នៃ​ចំណេះដឹង​បេក្ខជន​បណ្ឌិត​។ ដោយ​មិន​អស់ចិត្ត លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា ក៏​ប្រាប់​ឱ្យ​ប្រធាន​រាជបណ្ឌិត្យសភា ពង្រឹង​ក្រុមប្រឹក្សា​ការពារ​និក្ខេបប​ទ ដោយ​មិនត្រូវ​វាយតម្លៃ​ដោយ​ធូរ​លុង និង​យោគយល់​ដល់​បេក្ខជន​បណ្ឌិត​ឡើយ ដើម្បី​ធានាថា ពួកគេ​ចេញទៅ​ពោរពេញ​ដោយ​សមត្ថភាព​ពិតប្រាកដ​។ 
 
​សម្ដេច ហ៊ុន សែន ដែល​ឆ្លៀត​លើក​ពី​គ្រា​ដែល​សម្ដេច​បញ្ចប់​ថ្នាក់បណ្ឌិត ក្រោម​ការការពារ​និក្ខេបប​ទ និង​វាយតម្លៃ​យ៉ាង​តឹងរឹង​នោះ បាន​បង្គាប់​ទៅ​រាជបណ្ឌិត្យសភា​ដូច្នេះ​ថា​៖«​ដើម្បី​ធានា​ឱ្យបាន​ច្បាស់លាស់ នៅពេល​ការពារ​(​និក្ខេបប​ទ​)​។ (​រាជបណ្ឌិត្យសភា​)​កុំ​ធ្វេសប្រហែស​ឱ្យសោះ ត្រូវ​ចាត់តាំង​ក្រុមប្រឹក្សា​ការពារ មិនមែន​ការពារ​ដោយ​ត្រឹម​២​ឬ​៣​នាក់​ទេ ។ ត្រូវ​ពង្រឹង​ក្រុមប្រឹក្សា​ការពារ ហើយ​ត្រូវ​បោះឆ្នោត​សម្ងាត់ ដើម្បី​ថា បេក្ខជន​ហ្នឹង​ជាប់ ឬ​មិន​ជាប់​។ ពង្រឹង​កន្លែង​ហ្នឹង​វិញ​»​។​
 
«​ខ្ញុំ​មកកាន់​នៅទីនេះ មាន​និស្សិត​ថ្នាក់បណ្ឌិត​រត់ចោល​(​ការការពារ​និក្ខេបប​ទ​)​ច្រើនណាស់ ពីព្រោះ​ខ្ញុំ​ប្រកាន់​នូវ​ជំហរ​(​រឹតបន្តឹង​ការវាយតម្លៃ​) ដែលសម្ដេចមានប្រសាសន៍​ហ្នឹង​»​។ នេះ​ជាការ​អះអាង​របស់លោក សុខ ទូច បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ​ពី​រុស្ស៊ី ដែល​បាន​បន្ថែមថា មាន​និស្សិត​រត់ចោល​ថ្នាក់បណ្ឌិត​២០០​នាក់​ហើយ ក្រោម​ការដឹកនាំ​របស់​ខ្លួន ដោយ​អនុវត្តតាម​ស្ដង់ដារ​ពិភពលោក​។​
 
​បច្ចុប្បន្ន​ក្រុមប្រឹក្សា​ការពារ​និក្ខេប​ទ នៅ​រាជបណ្ឌិត្យសភា មាន​ចំនួន​៧​នាក់ សម្រាប់​ថ្នាក់បណ្ឌិត​។ ហើយ​រាល់ពេល​ការពារ​និក្ខេប​ទ ត្រូវអនុវត្ត​៣​ម៉ោង លើ​ឯកទេស​នីមួយៗ​របស់​បណ្ឌិត​។ ការការពារ​និក្ខេប​ទ​នេះ មាន​ចំនួន​៤​ដង​។ នេះ​បើតាម​លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភា​៕

Tag:
 ហ៊ុន សែន​
  សុខ ទូច
  រាជបណ្ឌិត្យសភា​
© រក្សាសិទ្ធិដោយ thmeythmey.com