ជាតិ
សម្តេច ហ៊ុន សែន គ្រោង​ពិភាក្សា​អំពី​លទ្ធភាព​នៃ​ការអនុវត្ត FTA ជាមួយ​លោក មូ​ន ចេ​អុី​ន​
21, Nov 2019 , 3:48 pm        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អោបប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអុីន មុនជំនួបនៅវិមានសន្តិភាព។ រូបថត AFP
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អោបប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអុីន មុនជំនួបនៅវិមានសន្តិភាព។ រូបថត AFP
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ចេញដំណើរ​ទៅ​ទីក្រុង​ប៊ូសាន​នៃ​ប្រទេស​សាធារណរដ្ឋ​កូរ៉េ​នៅ​ថ្ងៃទី​២៤​វិច្ឆិកា​នេះ ដើម្បី​ចូលរួម​ក្នុង​ក​ម្ម​វិធី​ខួប​អនុស្សាវរីយ៍​ឆ្នាំ​ទី​៣០​នៃ​ទំនាក់ទំនង​អាស៊ាន​-​កូរ៉េ និង​ជំនួប​កំពូល​លើក​ទី​១​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ​។ សម្តេច ហ៊ុន សែន គ្រោង​នឹង​ជួប​ជាមួយ​លោក​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន ដើម្បី​ពិភាក្សា​លើ​គម្រោង​សហប្រតិបត្តិការ​ជាច្រើន​។ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​ក៏​គ្រោង​ជួប​សំណេះសំណាល​ជាមួយ​ពលករ ពល​ការិនី និង​សហគមន៍​ស្ត្រី​ខ្មែរ​រៀបការ​ជាមួយ​ស្វាមី​កូរ៉េ​ប្រមាណ​២០០០​នាក់​ផងដែរ​។​

 
​មាន​ឯកសារ​ជាច្រើន​ដែល​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គ្រោង​យកទៅ​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ លោក មូ​ន ចេ​អ៊ី​ន នៅ​ដើម​សប្តាហ៍​ក្រោយនេះ ខណៈដែល​សម្តេច​នឹងមាន​វត្តមាន​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​នោះ​។ ក្នុងចំណោម​ប្រធានបទ​សំខាន់ៗ​ទាំងនោះ វា​ក៏មាន​ឯកសារ​ខ្លះ​នឹង​អាច​ឈានដល់​ការចុះហត្ថលេខា​ផ្លូវការ​រវាង​តំណាង​រដ្ឋាភិបាល​ទាំងពីរ​។​
 
​លោក ឡុង ឌី​ម៉​ង់ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​សាធារណរដ្ឋ​កូរ៉េ​បាន​អះអាង​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ថ្ងៃទី​២១​វិច្ឆិកា​នេះ​ថា ភាគី​ទាំងពីរ​នឹង​ជជែក​អំពី​កិច្ចសហប្រតិបត្តិការ​ផ្នែក​ច្បាប់ ការ​លុប​ចោល​កា​រ​យកពន្ធ​ត្រួតគ្នា ផ្នែក​ពាណិជ្ជកម្ម កសិកម្ម ហិរញ្ញវត្ថុ ព័ត៌មានវិទ្យា និង​បច្ចេកវិទ្យា​គមនាគមន៍​។​
 
​លោក​ឯកអគ្គរាជទូត​បានបញ្ជាក់​យ៉ាង​ដូច្នេះ​៖«​ភាគី​ទាំងពីរ​ក៏​នឹង​ពិភាក្សាគ្នា​ឈានទៅរក​ការសិក្សា​លើ​ភាព​អាច​ធ្វើបាន​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA)​។ កូរ៉េ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​ជាមួយ​អាស៊ាន ហើយ​គេ​មាន​FTA​នេះ​ចំនួន​១៦​ទៀត​ជាមួយ​ប្រទេស​នានា​។ »​។​
 
​ចំពោះ​លោក​ឯកអគ្គរាជទូត ប្រសិនបើ​កម្ពុជា​និង​កូរ៉េខាងត្បូង​អាចឈាន​ដល់​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ វា​ក៏​ជា​ចលករ​ជំ​រុញឱ្យ​ប្រទេស​ដទៃទៀត​ដូចជា​ជប៉ុន​ធ្វើ​ដូចគ្នា​។ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​សាធារណរដ្ឋ​កូរ៉េ​គ្រាន់តែ​អះអាងថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នឹង​ផ្តល់​ផលប្រយោជន៍​ច្រើន​ដល់​ពលរដ្ឋ​ទាំងសងខាង​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com