ជាតិ
គ.ជ.អ.ប ពិភាក្សាពីកញ្ចប់ថវិកានិងរៀបចំកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក ខណ្ឌ កិច្ចប្រជុំលើកទី១៧ គ.ជ.អ.ប នៅក្រសួងមហាផ្ទៃ
× ភ្នំពេញ៖ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (គ.ជ.អ.ប) បានបើកកិច្ចប្រជុំលើកទី១៧ ដើម្បីពិនិត្យនិងពិភាក្សាសេចក្តីព្រាងអនុក្រឹត្យចំនួន៤ ពាក់ព័ន្ធនឹងការកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងការផ្ទេរមុខងារក្នុងវិស័យសុខាភិបាលទៅឲ្យរដ្ឋបាលរាជធានីខេត្ត។ ក្រៅពីនេះ គឺគណៈកម្មាធិការនេះបានពិនិត្យស្ថានភាពវិវឌ្ឍនៃកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។
ក្នុងកិច្ចប្រជុំលើកទី១៧របស់ គ.ជ.អ.ប ដែលធ្វើនៅទីស្តីការក្រសួងមហាផ្ទៃ នៅថ្ងៃទី២០ខែវិច្ឆិកា សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប បានលើកឡើងថា ការផ្ទេរធនធានបន្ថែមពីថវិការដ្ឋ ទៅរដ្ឋបាលឃុំ សង្កាត់ សម្រាប់ការអភិវឌ្ឍមូលដ្ឋានចាប់ពីឆ្នាំ២០២០ គឺរដ្ឋបាលឃុំ សង្កាត់នីមួយៗ នឹងទទួលបានថវិកាប្រមាណ១២ម៉ឺនដុល្លារ ក្នុងនោះថវិកាផ្នែកអភិវឌ្ឍមូលដ្ឋាន មានចំនួនជាមធ្យមប្រមាណជាង៧ម៉ឺនដុល្លារ។
ចំនួនថវិកាសម្រាប់ឃុំសង្កាត់ឆ្នាំ២០២០នេះ គឺកើនឡើងទ្វេដងធៀបនឹងឆ្នាំ២០១៩ ហើយថវិកានេះ នឹងកើនឡើងជាបន្តបន្ទាប់រៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ២០២៣ រដ្ឋបាលឃុំ សង្កាត់នីមួយៗ នឹងទទួលបានថវិកាសរុបជាមធ្យមចំនួនប្រមាណ១៩ម៉ឺនដុល្លារ។ ថវិកា១៩ម៉ឺនដុល្លារនេះ ជាមធ្យមប្រមាណ១៣ម៉ឺនដុល្លារ សម្រាប់អភិវឌ្ឍមូលដ្ឋាន។
យ៉ាងណាក៏ដោយ គ.ជ.អ.ប នៅតែមានភាពយឺតយ៉ាវ និងមិនទាន់បានសម្រេចផ្ទេរមុខងារទៅរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លក្ខណៈពេញលេញស្របតាមគោលការណ៍វិមជ្ឈការ និងបទប្បញ្ញត្តិនៃច្បាប់រៀបចំអង្គការនៅឡើយទេ។ នេះបើតាមការលើកឡើងរបស់សម្ដេច ស ខេង ។ សម្ដេចបន្តថា ប្រការនេះ បានធ្វើឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិនៅតែពុំទាន់មានតួនាទី សិទ្ធិអំណាច និងការទទួលខុសត្រូវច្បាស់លាស់ក្នុងការផ្តល់សេវាចាំបាច់ជាមូលដ្ឋាននានាជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនស្របតាមគោលការណ៍វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល។ សម្ដេចបន្ថែមថា ដើម្បីដោះស្រាយបញ្ហានេះ ត្រូវជំរុញការរៀបចំចាប់ពីដើមឆ្នាំ ការចុះហត្ថលេខាលើសេចក្ដីសម្រេចរួម ការបំពេញតួនាទី និងបន្តពិភាក្សាជាមួយធនាគារពិភពលោកដែលជាអ្នកគ្រប់គ្រងថវិកាកញ្ជប់រួម រួមទាំងដៃគូអភិវឌ្ឍពាក់ព័ន្ធនានា។
ក្នុងកិច្ចពិនិត្យនិងពិគ្រោះយោបល់ រវាងមន្ត្រីបច្ចេកទេស និងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធនានា ក្នុងការកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រងនៅថ្នាក់ក្រុង ស្រុក ខណ្ឌ សម្ដេច ស ខេង បានស្នើឲ្យមាន ការពិនិត្យនិងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំលើកទី១៦របស់ គ.ជ.អ.ប. និងរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ២០១៩ គ.ជ.អ.ប។ លើសពីននេះ គឺការពិភាក្សានិងអនុម័តលើសេចក្តីព្រាងចំនួន៣ អនុក្រឹត្យស្តីពីមុខងារ និងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ។ ជាមួយគ្នាដែរ ការពិនិត្យពិភាក្សា និងអនុម័តលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការផ្ទេរមុខងារក្នុងវិស័យសុខាភិបាលទៅឱ្យរដ្ឋបាលរាជធានី ខេត្ត រួមទាំងសកម្មភាពសម្រាប់អនុវត្ត៕
Tag:
គ.ជ.អ.ប
រចនាសម្ព័ន្ធ
ក្រុង ស្រុក ខណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com