អន្តរជាតិ
លោក គីម ជុងអ៊ុន មិនទៅកូរ៉េខាងត្បូងជួបមេដឹកនាំអាស៊ានឡើយ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ។ រូបថត KCNA
× ទីបំផុត ជំនួបអនុស្សាវរីយ៍អាស៊ាន-កូរ៉េខាងត្បូង នឹងមិនមានវត្តមានមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ឡើយ។ ជំនួបពិសេសនេះ នឹងធ្វើនៅសប្ដាហ៍ក្រោយននៅទីក្រុងកំពង់ផែប៊ូសាន។ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KNCA ផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ថា ជំនួបនេះ មិនមែនជាវេទិកាសមរម្យដើម្បីជជែកពីបញ្ហាកូរ៉េឡើយ។ កូរ៉េខាងជើង ក៏ឆ្លៀតរិះគន់កូរ៉េខាងត្បូងរឿងពឹងផ្អែកលើអាមេរិកខ្លាំងពេកទៀតផង ទោះដឹងថា នាំឲ្យការចរចាបរាជ័យក្ដី។
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានទាត់ចោលសំណើអញ្ជើញរបស់ប្រធានាធិបតីកូរ៉េខាងត្បូង មូនចេអ៊ីន ដែលអញ្ជើញលោកមកចូលរួមជំនួបអនុស្សាវរីយ៍អាស៊ាន-កូរ៉េខាងត្បូងដែលនឹងធ្វើពីថ្ងៃទី២៥ ដល់ទី២៧ ខែវិច្ឆិកា។ ទំនាក់ទំនងមិនសូវសមប្រកបនៅពេលបច្ចុប្បន្ននេះ អាចជាមូលហេតុដែលលោក គីម សម្រេចចិត្តមិនជាន់ទឹកដីកូរ៉េខាងត្បូង។
លោក មូន នឹងស្វាគមន៍ព្រះរាជវត្តមាន និងវត្តមានប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលប្រទេសសមាជិកអាស៊ានទាំង១០ នៅប៊ូសាដើម្បីអបអរខួបទី៣០ឆ្នាំនៃភាពជាដៃគូ។ មេដឹកនាំកូរ៉េខាងត្បូង តែងតែងសង្ឃឹមថា លោក គីម នឹងមានវត្តមានផងដែរ។ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ផ្សាយថា លោក មូន បានផ្ញើលិខិតអញ្ជើញទៅឲ្យលោក គីម នៅថ្ងៃទី៥ ខែវិច្ឆិកា ហើយមិនអាចចូលរួមដោយផ្ទាល់បាន អាចបញ្ជូនប្រេសិតពិសេសមកជំនួសមកបាន។
បើតាម KCNA ក្រុងព្យុងយ៉ាង បានអរគុណសេអ៊ូលសម្រាប់ការអញ្ជើញនេះ ប៉ុន្តែគ្មានមូលហេតុអ្វីដែលលោក គីម ត្រូវទៅប៊ូសានឡើយ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងផ្សាយថា៖ «យើងដឹងគុណចំពោះការទុកចិត្ត និងភាពស្មោះត្រង់របស់ខាងត្បូង ប៉ុន្តែយើងសង្ឃឹមថា កូរ៉េខាងត្បូង នឹងយល់ពីហេតុផលដែលយើងមិនអាចរកមូលហេតុសមស្របសម្រាប់លោក គីម ទៅប៊ូសាន។»
ក្រុងព្យុងយ៉ាង ក៏រិះគន់សេអ៊ូលដែលរកជំនួយពីកម្លាំងខាងក្រៅដើម្បីដោះស្រាយបញ្ហាអន្តរកូរ៉េ។ ត្រង់ចំណុចនេះ KCNA បន្តថា វាជារឿងសំខាន់ក្នុងការជ្រើសរើសពេលវេលា និងទីតាំងនៃជំនួប បើចង់ឲ្យអ្វីទៅមុខដោយរលូននោះ។
ខណៈទំនាក់ទំនងអន្តរកូរ៉េប្រែទៅជាល្អក់កករកាន់តែខ្លាំងនោះ កូរ៉េខាងជើង បានរុញការទទួលខុសត្រូវលើកូរ៉េខាងត្បូង ពិសេសការងាកខ្លាំងទៅរកអាមេរិក។ អាមេរិកផ្ទាល់ ក៏កំពុងរកច្រកចេញមិនទាន់ឃើញដែរក្នុងការចរចារំសាយនុយក្លេអ៊ែរជាមួយកូរ៉េខាងជើង។ របបក្រុងព្យុងយ៉ាងបានចោទក្រុងសេអ៊ូលថា មិនបានអនុវត្តឲ្យពេញលេញកិច្ចព្រមព្រៀងមេដឹកនាំកំពូល ប៉ុន្តែព្យុងយ៉ាង ក៏បានបដិសេធការស្នើជួបគ្នាដើម្បីចរចាដែរ៕
Tag:
កូរ៉េខាងត្បូង
កូរ៉េខាងជើង
អាស៊ាន
គីម ជុងអ៊ុន
មូន ចេអ៊ីន
© រក្សាសិទ្ធិដោយ thmeythmey.com