កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho ឲ្យ Spurs ជះ​លុយ​៤​លាន​ដុល្លារ​ដើម្បី​យក​គ្រូ​២​នាក់​ពី Lille មកជួយ​ខ្លួន​
21, Nov 2019 , 9:39 pm        
រូបភាព
Tottenham Hotspur បាន​យល់ព្រម​តាម​ការស្នើ​របស់​អ្នកចាត់ការ​ទូទៅ​ថ្មី​លោក Jose Mourinho ក្នុង​ការនាំយក​គ្រូបង្វឹក​ពី​ក្រុម Lille ចំនួន​២​រូប គឺ​លោក Joao Sacramento និង Nuno Santos ទៅធ្វើ​ការរួម​គ្នា​។ Lille ក្លិប​នៃ​ក្របខណ្ឌ Ligue 1 បារាំង នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា បានប្រកាស​ជា​ផ្លូវការ​ថា គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​ពីររូប​របស់ខ្លួន​ស​ម្រេច​ចាកចេញ​ទៅធ្វើ​ការ​ជាមួយ Mourinho នៅ Spurs ហើយ​។​


 
​លោក Sacramento វ័យ​៣០​ឆ្នាំ ជា​ជំនួយការ​គ្រូបង្វឹក​របស់លោក Christophe Galtier ដែលជា​អ្នកចាត់ការ​ទូទៅ​ក្រុម Lille សព្វថ្ងៃ​។ Sacramento បាន​ចូលរួម​ជាមួយ Lille នៅ​ខែមករា ឆ្នាំ ២០១៧ ពោលគឺ​តាំងពី​ក្រុម​នៅ​បារាំង​នេះ ស្ថិតក្រោម​ការដឹកនាំរ​ប​ស់លោក Marcelo Bielsa ដែល​ត្រូវបាន​បណ្តេញ​ចេញពី​តំណែង​នៅ​ចុងឆ្នាំ ២០១៧​ម្លេះ​។​
 
​ដោយឡែក​លោក Santos បាន​ក្លាយជា​គ្រូបង្វឹក​អ្នកចាំទី​នៅ Lille តាំងពី​ដើមរដូវ​កាល​មុន​។ បុរស​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​៤៦​ឆ្នាំ​រូបនេះ ធ្លាប់​ប្រកប​អាជីព​ជា​អ្នកចាំទី​ឲ្យ Benfica ក្នុង​ឆ្នាំ ២០០០ អំឡុង​ពេលដែល​លោក Mourinho បានចាប់ផ្តើម​អាជីព​ជា​គ្រូបង្វឹក​នៅ​ទីនោះ​ដូចគ្នា​។​
 
​ក្លិប​មាន់​ខ្នាយ​មាស Spurs រាយការណ៍​ថា​បាន​ចំណាយ​ប្រាក់​ចំនួន​៤​លាន​ដុល្លារ​អាមេរិក ទៅ​ឲ្យ Lille ដើម្បី​នាំយក​គ្រូ​ជំនួយ​លោក Sacramento និង​លោក Santos គ្រូ​អ្នកចាំទី តាម​ការចង់បាន​រប​ស់លោក Mourinho​។ 
 
​អ្នកចាត់ការ​រហស្សនាម Special One វ័យ​៥៦​ឆ្នាំ បាន​ក្លាយជា​អ្នកចាត់ការ​ទូទៅ​ថ្មី​របស់​ក្រុម Spurs ជា​ផ្លូវការ តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ប៉ុណ្ណោះ​បន្ទាប់ពី​ក្លិប​បានបញ្ចប់​តំណែង​អ្នកចាត់ការ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​លោក Mauricio Pochettino​។ អតីត​គ្រូ Manchester United, Chelea, Real Madrid, FC Porto និង Inter Milan រូបនេះ បាន​យល់ព្រម​ចុះកិច្ចសន្យា​រយៈពេល​៣​ឆ្នាំ ពោលគឺ​រហូតដល់​រដូវ​កាល ២០២២-២៣៕

Tag:
 Jose Mourinho
  Tottenham Hotspur
© រក្សាសិទ្ធិដោយ thmeythmey.com