ជាតិ
សេដ្ឋកិច្ច
បញ្ហា EBA៖ នាយករដ្ឋមន្ត្រី ថា កម្ពុជា​នឹងត្រូវ​បង់ពន្ធ​នាំចូល​អឺរ៉ុប នៅ​ឆ្នាំ​២០២៥
21, Nov 2019 , 9:19 pm        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា មិន​ចង់​បាត់បង់​ការអនុគ្រោះ​ពន្ធ (Everything But Arms) នោះទេ ។​ប៉ុន្តែ​កម្ពុជា ក៏​មិន​ចង់ឱ្យ​អឺរ៉ុប យក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ដើម្បី​ជា​ឈ្នាន់​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង និង​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា​នោះដែរ​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ហ៊ុន សែន ដែល​បាន​បន្ថែមថា កម្ពុជា នឹងត្រូវ​បង់ពន្ធ​នាំចូល​ទំនិញ​ទៅ​អឺរ៉ុប នៅ​ឆ្នាំ​២០២៥ ។​


 
​ថ្លែង​ចំពោះ​មុខមន្ត្រី​រដ្ឋាភិបាល និង​និស្សិត​ថ្នាក់បណ្ឌិត អនុបណ្ឌិត​នៃ​រាជបណ្ឌិត្យសភា នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា កម្ពុជា គង់តែ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ដែល​សហភាព​អឺរ៉ុប​ផ្ដល់ឱ្យ​នេះ​ទេ​។ បើតាម​សម្ដេច ហ៊ុន សែន មូល​ហេតុដែល​កម្ពុជា ត្រូវ​បាត់បង់​EBA នោះ ដោយសារ​កម្ពុជា បានប្រែក្លាយ​ខ្លួន​ទៅជា​ប្រទេស​អភិវឌ្ឍ ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ហើយ​លែង​ស្ថិតនៅក្រោម​គោលការណ៍​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​។​
 


 
​នៅក្នុង​ពិធី​សម្ពោធ «​អគារ​ឥន្ទ្រ​ទេវី​» របស់​រាជបណ្ឌិត្យសភា​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែវិច្ឆិកា ប្រមុខ​រដ្ឋាភិបាល បាន​និយាយ​ដូច្នេះ​ថា​៖«​នៅ​ឆ្នាំ​២០២៥ ឬ ២០២៦ យើង​ត្រូវ​បង់ពន្ធ​(EBA) ឱ្យគេ ព្រោះ​សេដ្ឋកិច្ច​កើនឡើង វា​អស់​ភាពអនុគ្រោះ​»​។ 
 
​មិនតែប៉ុណ្ណោះ​សម្ដេច ហ៊ុន សែន ឆ្លៀត​រិះគន់ថា អឺរ៉ុប​តែងតែមាន​បញ្ហា​ជាមួយ​បណ្ដា​អាស៊ាន ពោលគឺ​មិនមែន​មានតែ​កម្ពុជា​នោះទេ​។ «​ហើយ​រឿង​អឺរ៉ុប​ជាមួយ​អាស៊ាន មិនមែនជា​បញ្ហា ដាច់ដោយឡែក​របស់​ក​ម្ពុ​ជា​ទេ​។ អឺរ៉ុប​គំរាម​កម្ពុជា គំរាម​ហ្វីលីពីន គំរាម​មី​យ៉ាន់​ម៉ា លើ​បញ្ហា​សិទ្ធិមនុស្ស​។ អឺរ៉ុប​គំរាម​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ទៅលើ​បញ្ហា​ដូងប្រេង​»​។ នេះ​ជាការ​លើកឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​។​
 
​ត្រង់ចំណុច​នេះ​សម្ដេច ហ៊ុន សែន បានលើកឡើង​ពី​ករណី​ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី ថា នៅពេលដែល​អឺរ៉ុប​របស់​វត្ថុធាតុដើម ដែល​អាច​ជំនួស​ឱ្យ​ការ​នាំចូល​ដូងប្រេង​ពី​ប្រទេស​ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី​នោះ អឺរ៉ុប បែរជា​ចោទ​ប្រទេស​ទាំងពីរ​ថា កាប់​ឈើ​ដើម្បី​ដាំដូង​ប្រេង​ទៅវិញ​។ «(​អឺរ៉ុប​) មាន​ហេតុផល​១០០​ជំពូក បើសិនជា​គេច​ង់​ធ្វើបាប​យើង​ហើយ គេ​មាន​ហេតុផល​១០០​ជំពូក​។ ដូច្នេះ​បានជា​យើង​ត្រូវ​ប្រឹង​ត្រៀម​ខ្លួនឯង (​នៅពេល​គ្មាន​EBA)»​។ នេះ​ជាការ​អះអាង​របស់លោក​នាយករដ្ឋមន្ត្រី​កម្ពុជា ។​
 
អត្ថបទទាក់ទង

​សហភាព​អឺរ៉ុប ទើបនឹង​ចេញ​របាយការណ៍​បឋម​ស្តីពី​នីតិវិធី​នៃ​ការដក​ឬ​មិន​ដក EBA ហើយ​បាន​ផ្ញើ​មកកាន់​រដ្ឋាភិបាល​ក​ម្ពុ​ជា កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដោយ​ទុក​រយៈពេល​១​ខែ ឲ្យ​រដ្ឋាភិបាល​កម្ពុជា ប្រតិកម្ម​នឹង​របាយការណ៍​នោះ​។ ជាមួយគ្នានេះ សហភាព​អឺរ៉ុប បាន​រម្លឹកថា នៅ​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០២០ សហភាព​អឺរ៉ុប នឹង​ចេញ​របាយការណ៍​ចុងក្រោយ ហើយក៏​នឹងធ្វើ​សេចក្តីសម្រេច​ចុងក្រោយ​ផងដែរ​ថា ដក EBA ពី​កម្ពុជា ឬ​បន្ត​រក្សាទុក​។​
 
​សហភាព​អឺរ៉ុប ផ្តើម​នីតិវិធី​ដំបូង​ស្តីពី​ការដក​ឬ​មិន EBA នេះ តាំងពី​ខែកុម្ភៈ ឆ្នាំ​២០១៩​មក​។ មូលហេតុ​ចម្បង​ដែល​សហភាព​អឺរ៉ុប បង្ហាញ​បំណង​ចង់​ដក EBA គឺ​ដោយសារតែ​មិនសូវ​ពេញចិត្ត​នឹង​ស្ថានការណ៍​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​។​
 
​មុន​ចាក​ចេញពី​ប្រទេស​កម្ពុជា លោក George EDGAR ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ផុត​អាណត្តិ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បន្ត​គោរព និង​លើកកម្ពស់​សិទ្ធិមនុស្ស​ឡើងវិញ ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​«​អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​(EBA)​។​លោក George EDGAR បាន​បន្ថែមថា ក្នុងករណី​ប្រទេស​កម្ពុជា​អាច​ស្ដារ​ស្ថានភាព​ល្អប្រសើរ​ឡើងវិញ នោះ​កម្ពុជា​នឹង​អាច​បន្ត​ទទួលបាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម រហូតដល់​ឆ្នាំ​២០២៥​។​
 
​ករណី​មានការ​ព្យួរ​ការអនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា នោះ​ការនាំចេញ​នឹង​អាច​ធ្លាក់ចុះ ដែល​គិត​ជា​ទឹកប្រាក់​ចន្លោះ​ប្រមាណ ៥១៣​លាន​ដុល្លារ ទៅ ៦៥៤​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។ ការ​គណនា​នេះ ដោយ​ផ្អែក​តួលេខ​នៃ​នាំ​ចេញទៅ EU ឆ្នាំ​២០១៨ ទំហំ ៤៣៤០​លាន​ដុល្លារ នៃ​ផលិតផល​សម្លៀកបំពាក់ ស្បែកជើង និង​អង្ករ ដោយ​មិន​គិត​ផលិតផល​កង់​។ គួរ​បញ្ជាក់ថា គ្រាន់តែ​សម្លៀកបំពាក់ កាន់​ទំហំ​ដល់​ទៅ ៨០​ភាគរយ​នៃ​ការនាំចេញ​សរុប​របស់​កម្ពុជា​ទៅ EU ។​
 
​ប្រសិនបើ​កម្ពុជា​បាត់បង់ EBA អ្នករងគ្រោះ​ពិតប្រាកដ​គឺ​ពលរដ្ឋ​ក្រីក្រ ជាពិសេស​អ្នកធ្វើការ​ក្នុង​វិស័យ​កាត់ដេរ ។ នេះ​បើតាម​ការយល់ឃើញ​រប​ស់លោក George EDGAR ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ផុត​អាណត្តិ​៕

Tag:
 ហ៊ុន សែន​
  EBA
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com