ជាតិ
​​​ន​យោ​បាយ​ជាតិ​
អគារ​ថ្មី​របស់​បក្ស​កាន់អំណាច មាន​ទំហំ​ប៉ុន​វិមាន​សន្តិភាព​
22, Nov 2019 , 7:59 am        
រូបភាព
រូបទេព្តាបាចផ្កាក្នុងទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា និង វិមានសន្តិភាព  (រូបវិមានសន្តិភាពពីគណនីហ្វេសប៊ុក Ah Nhana)
រូបទេព្តាបាចផ្កាក្នុងទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា និង វិមានសន្តិភាព (រូបវិមានសន្តិភាពពីគណនីហ្វេសប៊ុក Ah Nhana)
​អគារ​ថ្មី​របស់​គណបក្ស​ប្រជាជន​កម្ពុជា នឹង​សាងសង់​រួចរាល់ ហើយ​គ្រោង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ នៅ​ឆ្នាំ​២០២០​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្សកាន់អំណាច ក្នុង​ពិធី​សម្ពោធ​អគារ​ឥន្ទ្រ​ទេវី​នៃ​រាជបណ្ឌិត្យសភាកម្ពុជា នា​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​


 
​អគារ​ថ្មី​នេះ ត្រូវបាន​សាងសង់​ក្នុង​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា (​គ​៨៥  តាម​បណ្តោយ​មហា​វិធី​ព្រះ​នរោត្តម ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។ សម្តេចនាយក​រដ្ឋមន្ត្រី អះអាងថា អគារ​ថ្មី​នេះ មាន​ទំហំ​៥៤០០០​ម៉ែត្រការ៉េ ដែល​ប្រហាក់ប្រហែល​នឹង​អគារ​វិមាន​សន្តិភាព​។  
 
​ប្រធាន​គណបក្សកាន់អំណាច ថ្លែង​ដូច្នេះ​ថា​៖«​ពីមុន មាន​អគារ​ច្រើន​ដែរ ក៏ប៉ុន្តែ​ក៏​វា​ទ្រុឌទ្រោម​ណាស់​ទៅហើយ​។ ឥឡូវ យើង​ត្រូវធ្វើ​អគារ​មួយ សម្រាប់ធ្វើ​ការងារ​រប​ស់​គណបក្ស ដែលជា​គណបក្សកាន់អំណាច​»​។​
 
​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្សកាន់អំណាច ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ​ថា តាម​ការប្រកាស​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​កន្លងមក ទឹកប្រាក់ ដែល​ចំណាយ​លើ​ការសាងសង់​អគារ​ថ្មី​នេះ គឺ​ប្រមាណ​ជា​៣០​លាន​ដុល្លារ​។ លោក បន្ថែមថា ថវិកា​ទាំងនេះ គឺ​បានមកពី​ការរួមចំណែក​របស់​ស​មា​ជិ​ក​គណបក្ស​។ លោក បញ្ជាក់​ដូច្នេះ​ថា​៖«​មិនដែល​បក្ស​ឯណា យកលុយ​ពី​ក្រៅ​មក​ទេ លុយ​សមាជិក​ចូលគ្នា​តិចៗ​ម្នាក់​»​។ 
 
​លោក ឈឹម ផល​វរុណ អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ដែរនោះ អះអាងថា អគារ​នេះ ចាប់ផ្តើម​សាងសង់​ជាង​មួយឆ្នាំ​ហើយ​។ លោក ពុំបាន​ចាំ​ច្បាស់​ឡើយ ថា​អគារ​នេះ មាន​កម្ពស់​ប៉ុន្មាន​ជាន់​។ 
 
​គម្រោង​នៃ​ការសង់​អគារ​ថ្មី​របស់​គណបក្សកាន់អំណាច បាន​លេច​ឮជា​ព័ត៌មាន កាលពី​អំឡុង​ខែកញ្ញា ឆ្នាំ​២០១៨ ពោលគឺ​ក្រោយ​គណបក្ស​នេះ ទទួល​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​អាណត្តិ​ទី​៦៕ 
 

Tag:
 CPP
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com