ជាតិ
នយោបាយជាតិ
លោក សម រង្ស៊ី កំពុងរកផ្លូវថ្មី មកកម្ពុជា
× លោក សម រង្ស៊ី មេដឹកនាំក្រុមប្រឆាំង ដែលទើបនឹងទៅដល់បារាំងវិញ បានចេញមកប្រកាសលើទំព័រហ្វេសប៊ុកអំពីជំហានបន្ទាប់របស់លោក ក្នុងការវិលមកកម្ពុជា។ លោក អះអាងថា លោក កំពុងតែស្វែងរកផ្លូវផ្សេងទៀត ដើម្បីបានចូលមកកម្ពុជា បន្ទាប់ពីលោក បរាជ័យក្នុងផែនការលើកទីមួយ គឺការយកប្រទេសថៃធ្វើជាកន្លែងឆ្លងកាត់ចូលមកកម្ពុជា។
លោក សម រង្ស៊ី បានបង្ហោះសំណេរនេះ ដោយអមជាមួយនឹងវីដេអូឃ្លីបដែលលោក ផ្តល់បទសម្ភាសជាមួយវីអូអេ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ តាមរយៈកិច្ចសម្ភាសនោះ លោក បង្ហាញក្តីសង្ឃឹមថា ដោយមានការជួយគាំទ្រពីសហគមន៍អន្តរជាតិ លោក និងថ្នាក់ដឹកនាំអតីតគណបក្សប្រឆាំង នឹងស្វែងរកផ្លូវថ្មីបាន ហើយអាចចូលមកដល់កម្ពុជា។
មេដឹកនាំក្រុមប្រឆាំងរូបនេះ ថ្លែងដូច្នេះថា៖«ខ្ញុំ ត្រូវតែរកច្រកណាផ្សេងទៀត ហើយយើង ត្រូវតែរកអ្នកដែលមានឥទ្ធិពលក្នុងពិភពលោក និង សហគមន៍អន្តរជាតិ ដូចជា អាមេរិក អឺរ៉ុប ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ យើង ត្រូវប្រើកម្លាំងទាំងអស់ហ្នឹង ដើម្បីទម្លុះទម្លាយ ដើម្បីអ្នកស្នេហាជាតិ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានទៅដល់ទឹកដីប្រទេសកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ»។
យ៉ាងណាក៏ដោយ លោក សម រង្ស៊ី មិនទាន់កំណត់ឲ្យជាក់លាក់ដូចលើកមុននោះទេថា ផែនការលើកទីពីរនៃការវិលត្រឡប់មកកម្ពុជានេះ នឹងត្រូវធ្វើឡើងនៅពេលណា ហើយតាមច្រកណា។
ផែនការលើកទីមួយ លោក សម រង្ស៊ី គ្រោងចូលទៅប្រទេសថៃ ដើម្បីប្រមូលផ្តុំកម្លាំងអ្នកគាំទ្រ ហើយនាំគ្នាដើរចូលមកកម្ពុជា តាមច្រកប៉ោយប៉ែត នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ តែអ្វីៗ មិនបានកើតឡើងតាមការគ្រោងទុកឡើយ។
នៅថ្ងៃទី៧ ខែវិច្ឆិកា លោក បានទៅដល់ព្រលានយន្តហោះ ត្រៀមធ្វើដំណើរពីបារាំង ទៅថៃ តែត្រូវក្រុមហ៊ុនអាកាសចរណ៍ថៃ មិនអនុញ្ញាតឲ្យលោកឡើងយន្តហោះ។ លោក ប្រាប់អ្នកកាសែតនៅព្រលានយន្តហោះថា ក្រុមហ៊ុនអាកាសចរណ៍ថៃ ធ្វើតាមបញ្ជារបស់រដ្ឋាភិបាលខ្លួន។
ក្រោយថៃមិនឲ្យចូល លោក សម រង្ស៊ី ក៏សម្រេចធ្វើដំណើរទៅម៉ាឡេស៊ី នៅថ្ងៃទី៩ ខែវិច្ឆិកា ហើយបន្ទាប់មក លោក ក៏បន្តទៅឥណ្ឌូណេស៊ី នៅថ្ងៃទី១៤ ខែវិច្ឆិកា។ នៅថ្ងៃទី១៦ ខែវិច្ឆិកា លោក បានទៅដល់បារាំងវិញ៕
Tag:
សម រង្ស៊ី
មាតុភូមិនិវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com