ពីនេះ ពីនោះ
ព័ត៍មានសុខភាព
“​ស្ងាប​”​ញឹក​ពេក អាច​បណ្ដាលមកពី​មូលហេតុ​ស្មាន​មិន​ដល់​ទាំងនេះ​
22, Nov 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការ​ស្ងាប​អាច​ចាត់ទុកជា​សកម្មភាព​ធ​ម្ម​តា​មួយ​របស់​រាងកាយ ប៉ុន្តែ​ប្រសិនបើ​អ្នក​ស្ងាប​មិន​ឈប់​សោះ ច្រើនដង​ពេក​នោះ​វា​អាច​បណ្ដាលមកពី​បញ្ហា​សុខភាព​ហើយ​។ ថា​តើ​ការ​ស្ងាប​សឹង​គ្រប់ពេល​បណ្ដាលមកពី​មូលហេតុ​អ្វី​ខ្លះទៅ​?


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​មូលហេតុ​ទូទៅ​បំផុត​នៃ​ការ​ស្ងាប​ញឹក ៖
 
១. ឥទ្ធិពល​នៃ​ការប្រើប្រាស់​ថ្នាំ​មួយចំនួន​
 
​ថ្នាំ​មួយចំនួន​មាន​ឥទ្ធិពល​ធ្វើឱ្យ​ងងុយគេង​ក្រោយពេល​លេប​ដែល​នេះ​ក៏​ជា​មូលហេតុ​នៃ​បញ្ហា​ស្ងាប​ញឹក ឬ​ច្រើន​ហួស​ផងដែរ​។​
 
២. បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​គេង​

​ជាពិសេស​ប្រសិនបើ​អ្នកការ​ស្ងាប​របស់​អ្នក​អម​មក​ជាមួយនឹង​ស្នាម​ខ្មៅ​ដក់​ក្រោម​រង្វង់​ភ្នែក ហើយ​ងងុយគេង​ខ្លាំង​។ ការ​ស្ងាប​មិន​ឈប់ ស្នាម​ខ្មៅ​ក្រោម​ភ្នែក និង​អារម្មណ៍​ងងុយគេង គឺអាច​បណ្ដាលមកពី​ការដែល​អ្នក​គេង​មិនបាន​គ្រប់គ្រាន់​ចន្លោះ​ពី ៧ ទៅ ៩ ម៉ោង​នៅពេល​យប់​។​
 
៣. ជាតិ​ស្ករ​ទាប​ក្នុង​ឈាម​

​ការ​ស្ងាប​ច្រើន​ហួស​អាចជា​រោគសញ្ញា​បឋម​នៃ​បញ្ហា​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នកជំងឺ​ទឹកនោមផ្អែម​។ បញ្ហា​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម​កើតឡើង​នៅពេល​កម្រិត​នៃ​គ្លុយកូស​ក្នុង​ឈាម​ធ្លាក់​ចុះក្រោម 72mg/dL​។​
 
៤. បញ្ហា​ថប់​បារម្ភ​

​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​ក្រៅពី​ចង្វាក់បេះដូង​លោត​ញាប់ តឹង​ថប់​ទ្រូង ភាព​ខ្លី​នៃ​ដង្ហើម មាន​អារម្មណ៍​រកកល់នឹង​សន្លប់ ខ្សោយកម្លាំង និង​បែកញើស​ច្រើន​ហើយ​នោះ​ការ​ស្ងាប​សឹង​គ្រប់ពេល​ក៏​ជា​អាកា​រៈ​នៃ​បញ្ហា​ថប់​បារម្ភ​ដែរ​? ដូច្នេះ​ដើម្បី​បញ្ឈប់​ការ​ស្ងាប​ច្រើន ចូរ​ព្យាយាម​គ្រប់គ្រង​ការ​ថប់​បារម្ភ​របស់​អ្នក​។​
 
៥. ជំងឺ​ធ្លាក់​ទឹកចិត្ត (Depression)

​ជំងឺ​ធ្លាក់​ទឹកចិត្ត គឺជា​ជំងឺផ្លូវចិត្ត​មួយ​ដែល​អាច​បណ្ដាលអោយ​មនុ​ស្សម្នាក់​ស្ងាប​សឹង​គ្រប់ពេល​។ វា​ជា​អ្វីមួយ​ដែល​អាច​បណ្ដាលអោយ​ផ្លូវចិត្ត​និង​រាងកាយ​ហត់នឿយ​អស់កម្លាំង​បង្ក​អាកា​រៈ​ស្ងាប​ច្រើនដង​។​
 
៦. បញ្ហា​ពាក់ព័ន្ធ​នឹង​ខួរក្បាល​

​ការ​រលាក និង​បញ្ហា​ដុះ​សាច់​ក្នុង​ខួរក្បាល ឬ​មហារីក​ខួរក្បាល​ក៏​អាច​បណ្ដាលឱ្យមាន​អាកា​រៈ​ស្ងាប​ញឹក​ខុស​ប្រក្រតី ឬ​ច្រើន​ហួស​ផងដែរ​។ ការ​ស្ងាប​ញឹក​ក៏​អាចជា​លទ្ធផល​នៃ​ការរួម​តូច​នៃ​ក្រពេញ pituitary គួរឱ្យកត់សម្គាល់​។ ដូច្នេះ​ប្រសិនបើ​អ្នក​ស្ងាប​ច្រើន​មិន​ឈប់​សោះ ហើយ​អម​មកជា​មួយ​នូវ​អា​ការៈមិន​ប្រក្រតី​មួយចំនួនទៀត​ដូចជា​ឧស្សាហ៍​ឈឺក្បាល ឬ​ចង្អោរ​ក្អួត​ជាដើម ចូរ​ប្រញាប់​ទៅ​ជួប​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ជំនាញ​។​
 
៧. បញ្ហា​បេះដូង​

​វេជ្ជបណ្ឌិត​ជាច្រើន​និយាយថា​វា​ក៏​អាចទៅរួច​ដែរ ដែល​បញ្ហា​បេះដូង​ជា​មូលហេតុ​នៃ​ការ​ស្ងាប​មិន​ឈប់​របស់​មនុ​ស្សណា​ម្នាក់​។ នោះ​ក៏​ព្រោះតែ​បញ្ហា​បេះដូង​អាច​រាំងស្ទះ​សរីរាង្គ​ផ្សេងៗ​ក្នុង​រាងកាយ​ពី​ការទទួលបាន​អុកស៊ីសែន​គ្រប់គ្រាន់​។ ភាគច្រើន​នៃ​ការ​ស្ងាប​មិន​ឈប់​កើតមាន​ចំពោះ​អ្នក​ដែល​កំពុង​ប្រឈមមុខ​ជាមួយ​បញ្ហា​គាំងបេះដូង​និង​ដាច់​សរសៃឈាម​ខួរក្បាល​។​
 
៨. បញ្ហា​ថ្លើម​

​ការ​ស្ងាប​សឹង​គ្រប់ពេល​ក៏​ច្រើន​ឃើញ​មាន​លើ​អ្នក​ដែលមាន​បញ្ហា​ខ្សោយ​ថ្លើម ជាពិសេស​អ្នក​ដែល​ស្ថិតក្នុង​ដំណាក់កាល​ចុងក្រោយ​។ អ្នកជំនាញ​ផ្នែក​សុខភាព​ជាច្រើន​ជឿថា​វា​អាច​កើតឡើង​ដោយសារតែ​ភាព​អស់កម្លាំង​ខ្សោយ​ខ្លាំង​នៃ​អ្នកជំងឺ​។ ក្រៅពី​ការ​ស្ងាប​ច្រើន រោគសញ្ញា​មួយចំនួន​ផ្សេងទៀត​នៃ​បញ្ហា​ខ្សោយ​ថ្លើម​រួមបញ្ចូល​ទាំង​ការ​ងងុយគេង​ខ្លាំង​កំឡុងពេល​ថ្ងៃ ស្បែក​និង​ភ្នែក​ឡើង​លឿង បាត់បង់​ចំណង់​អាហារ ចង្អោរ​ចង់​ក្អួត ភ័ន្ត​ភាំង និង​របកស្បែក​ដៃ ឬ​ជើង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com