ខ្មែរ​ក្រហម
ជាតិ
សំណុំរឿង​០០៣ ប្រឆាំង មាស មុត ផ្តើម​សវនាការ​នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា
23, Nov 2019 , 7:59 am        
រូបភាព
លោក មាស​ មុត នា​បទសម្ភាសជាមួយ​អ្នក​សារព័ត៌មាននៅអន្លង់វែង កាលពីឆ្នាំ២០០៦។ រូបថត AFP
លោក មាស​ មុត នា​បទសម្ភាសជាមួយ​អ្នក​សារព័ត៌មាននៅអន្លង់វែង កាលពីឆ្នាំ២០០៦។ រូបថត AFP
ដោយ: ថ្មីៗ
​អង្គ​បុ​រេ​ជំនុំជម្រះ​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា នឹង​ចាប់ផ្តើម​សវនាការ​រយៈពេល​៣​ថ្ងៃ ក្នុង​សំណុំរឿង​០០៣ ប្រឆាំង មាស មុត ចាប់ពី​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩​។ នេះ​បើតាម​ការ​សេចក្តីប្រកាស​ព័ត៌មាន​របស់​សាលាក្តី​ខ្មែរក្រហម​នា​ថ្ងៃទី​២០ ខែវិច្ឆិកា​។​

 
​មាស មុត បច្ចុប្បន្ន​អាយុ​៧៩​ឆ្នាំ ដែលមាន​កំណើត​នៅ​ស្រុក​ឈូក ខេត្តកំពត ជា​អតីត​សមាជិក​គណៈ​ម​ជ្ឈឹ​ម លេខាធិការ​រង លេខា​កងពល​១៦៤ (​រាប់បញ្ចូល​ទាំង​កងទ័ពជើងទឹក​) លេខា​ស្វយ័ត​កំពង់សោម​។ អតីត​មេដឹកនាំ​មូលដ្ឋាន​របស់​ខ្មែរក្រហម​រូបនេះ ត្រូវបាន​ដាក់ឈ្មោះថា​ជា​ជនសង្ស័យ​ក្នុង​សំណុំរឿង​០០៣​។ 
 
​នា​ខែ​មិនា ឆ្នាំ​២០១៥ លោក មាស មុត ត្រូវបាន​ចោទប្រកាន់​ដោយ​កំបាំងមុខ​តែម្នាក់ឯង ដោយសារ​ការស៊ើបអង្កេត​របស់​តុលាការ​ប្រឆាំង លោក ស៊ូ ម៉េ​ត ត្រូវបាន​បញ្ចប់​នៅ​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៥ បន្ទាប់ពី​បុគ្គល​រូបនេះ​បាន​ស្លាប់​។​
 
​មេធាវី​ការពារ​ក្តី​របស់ មាស មុត មាន​លោក អាង ឧ​ត្ត​ម (​កម្ពុជា​) និង​លោក ម៉ៃ​ឃើ​ល កា​ណា​វាស (​អាមេរិក​)​។ ក្នុង​សំណុំរឿង​០០៣​នេះ មាស មុត រង​ការចោទប្រកាន់​ពី​អំពើ​ប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ អំពើ​បំពារបំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ ឆ្នាំ​១៩៤៩  និង​ការរំលោភ​លើ​ក្រមព្រហ្មទណ្ឌ​កម្ពុជា ឆ្នាំ​១៩៥៦ ។​
 
​ឧក្រិដ្ឋកម្ម​ទាំងនេះ​ត្រូវបាន​ចោទថា​បាន​ប្រព្រឹត្ត​ផ្សេងៗ​គ្នា ដូចជា មន្ទីរ​សន្តិសុខ ស​-២១ (​ទួលស្លែង​), មន្ទីរ​សន្តិសុខ វត្ត​ឥន្ទ​ញាណ​, ការដ្ឋាន​ស្ទឹងហាវ សហករណ៍​តំបន់​រាម រួមមាន ការដ្ឋាន​នៅ​កងកេង និង​បិត​ត្រាំ​ង  ទីតាំង​សម្លាប់​មនុស្ស​ចម្ការ​ធូ​រេ​ន និង​មន្ទីរ​សន្តិសុខ​ទឹកសាប ជាពិសេស​នៅ​កំពង់សោម (​ខេត្ត​ព្រះសីហនុ​) តែម្តង​។ 
 
​សកម្មភាព​ឧក្រិដ្ឋ​ទាំងនោះ មានដូចជា ឧក្រិដ្ឋកម្ម​លើ​សមាជិក​កងពល​លេខ ១៦៤, ៥០២, ១១៧ និង ៣១០  ឧក្រិដ្ឋកម្ម​ដែល​បាន​ប្រព្រឹត្តឡើង​ដោយ​កងទ័ពជើងទឹក​ក​ម្ពុ​ជា​ប្រជាធិបតេយ្យ​នៅលើ​កោះ និង​ជុំវិញ​កោះ​ដែល​កម្ពុជា​ប្រជាធិបតេយ្យ អះអាងថា​ជា​របស់ខ្លួន​។​
 
​សវនាការ​ចាប់ផ្តើម​នៅ​ថ្ងៃទី​២៧ ហើយនឹង​បន្តទៅ​ថ្ងៃទី​២៨ និង​ទី​២៩ ខែវិច្ឆិកា​។ ប្រសិនបើ​ចាំបាច់ ចៅក្រម​នឹង​តាំង​សំណួរ​ដល់​ភាគី​នានា​ជា​សាធារណៈ​នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ មុនពេល​បញ្ចប់​សវនាកា​រ​៕

Tag:
 មាស មុត​
© រក្សាសិទ្ធិដោយ thmeythmey.com