អន្តរជាតិ
លោក Kissinger ព្រមាន​ពី​លទ្ធភាព​នៃ​ការផ្ទុះ​សង្គ្រាម​រវាង​អាមេរិក​និង​ចិន​
22, Nov 2019 , 9:19 pm        
រូបភាព
ដោយ:
​អតីតរដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Henry Kissinger បាន​ព្រមាន​ថា ជម្លោះ​ប្រដាប់អាវុធ អាច​ផ្ទុះឡើង​រវាង​សហរដ្ឋអាមេរិក​និង​ចិន ប្រសិនបើ​មហាអំណាច​ទាំងពីរ បរាជ័យ​ក្នុងការ​ដោះស្រាយ​សង្គ្រាម​ពាណិជ្ជកម្ម ដែល​កំពុង​អូសបន្លាយ​ជិត​២​ឆ្នាំ​មកនេះ​។ ពី​រដ្ឋធានី​ប៉េកាំង នៅ​ថ្ងៃ​២១​វិច្ឆិកា លោក Kissinger  អះអាងថា ប្រសិនបើ​ភាគី​ទាំងពីរ បន្ត​មើលឃើញ​រាល់​បញ្ហា​ទាំងអស់​ក្នុង​ពិភពលោក ក្នុងន័យ​ជម្លោះ​ជាមួយគ្នា​ទៅវិញទៅមក​នោះ ទង្វើ​នេះ​អាចមាន​គ្រោះថ្នាក់​សម្រាប់​មនុស្សជាតិ​។​

 
​ថ្លែង​នៅ​វេទិកា New Economy របស់ Bloomberg នា​រដ្ឋធានី ប៉េកាំង ប្រទេស​ចិន លោក Kissinger គូសបញ្ជាក់ថា ប្រសិនបើ​ជម្លោះ​នេះ​ពុំ​មានការ​រាំងខ្ទប់​អ្វី​ទេនោះ លទ្ធភាព​អាច​អាក្រក់​ជាង​សង្គ្រាមលោក​លើកទីមួយ​ទៅទៀត​ផង​។ ត្រង់នេះ លោក​ពន្យល់ថា​៖«​សង្គ្រាមលោកលើកទី​១ បាន​ផ្ទុះឡើង ព្រោះតែ​វិបត្តិ​តិចតួច​ប៉ុណ្ណោះ [..] ហើយ​សព្វថ្ងៃនេះ សព្វាវុធ គឺមាន​លក្ខណៈ​ទំនើប​និង​ខ្លាំង​»​។ 
 
​អតីត​ប្រមុខ​ការទូត​អាមេរិក​វ័យ​៩៦​ឆ្នាំ​រូបនេះ  លើកឡើង​ទៀតថា អំឡុង​សម័យ​សង្គ្រាមត្រជាក់​រវាង​សហរដ្ឋអាមេរិក​និង​សហភាពសូវៀត ផែនការ​កាត់បន្ថយ​បរិមាណ​នុយក្លេអ៊ែរ​របស់​មហាអំណាច​ទាំងពីរ គឺជា​អាទិភាព​ដ៏​ចម្បង​បំផុត​មួយ​។ ក៏ប៉ុន្តែ ព្រោះតែ​ជម្លោះ​រវាង​ក្រុង​វ៉ាស៊ីនតោន​និង​ប៉េកាំង តែងតែមាន​ទម្រង់​ជា «​អវិជ្ជមាន​» នោះ លោក​ព្រមាន​ថា គ្មាន​ឡើយ​ផែនការ​សម្រាប់​អាមេរិក​ក្នុងការ​ទប់ទល់​ជាមួយ​ចិន ដែលជា​មហាអំណាច​យោធា​មួយ​លើ​ពិភពលោក​។ 
 
​ប្រសិនបើ​ភាគី​ទាំងពីរ បន្ត​មើលឃើញ​រាល់​បញ្ហា​ទាំងអស់​ក្នុង​ពិភពលោក ក្នុងន័យ​ជម្លោះ​ជាមួយគ្នា​ទៅវិញទៅមក​នោះ ទង្វើ​នេះ​អាចមាន​គ្រោះថ្នាក់​សម្រាប់​មនុស្សជាតិ​។ លោក Kissinger សង្កត់ធ្ងន់ថា​បែបនេះ ដោយ​សង្ឃឹមថា ការចរចា​ពាណិជ្ជកម្ម នឹង​ផ្តល់នូវ​ឱកាស​សម្រាប់​ប្រទេស​ទាំងពីរ​រៀបចំ​កិច្ចពិភាក្សា​នយោបាយ​។ 
 
​សូមបញ្ជាក់ថា ចិន​និង​សហរដ្ឋអាមេរិក កំពុង​ជាប់គាំង​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​អស់​រយៈពេល​១៨​ខែ​មកហើយ ដោយ​ប្រទេស​ទាំងពីរ​ព្យាយាម​ឈានដល់​បង្កើត​កិច្ចព្រមព្រៀង​មួយ ខណៈ​កិច្ចចរចា​ពាណិជ្ជកម្ម បានរៀបចំ​ឡើងជា​បន្ត​បន្ទាប់​។ បន្ថែម​ពី​សង្គ្រាម​ពាណិជ្ជកម្ម ភាព​តានតឹង​ផ្នែក​ការទូត​រវាង​មហាអំណាច​ទាំងពីរ ក៏​កើនឡើង​ខ្ពស់​ផងដែរ​។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​រិះគន់​អាមេរិក​ក្នុង​សំណុំរឿង​ជាច្រើន រួមមាន ការបើក​ប្រតិបត្តិការ​ជើង​ទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង​, ការរិះគន់​របស់​អាមេរិក​ជុំរិញ​រឿង​ការឃុំ​ឃាំង​ជនជាតិភាគតិច វី​ហ្គ័​រ (Uighurs) ហើយ​ចុងក្រោយ​គឺ ការគាំទ្រ​ពី​សំណាក់​សភា​អាមេរិក​លើ​ក្រុមបាតុករ​នៅ​ក្រុង​ហុងកុង​៕

Tag:
 សហរដ្ឋអាមេរិក​
  ចិន​
  សង្គ្រាម​ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com