ជាតិ
នយោបាយជាតិ
រដ្ឋាភិបាលកម្ពុជា និងបាបាដុស សម្រេចបង្កើតទំនាក់ទំនងការទូតជាមួយគ្នា
× ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា និងបាបាដុស បានសម្រេចបង្កើតទំនាក់ទំនងការទូតជាមួយគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទៅវិញទៅមក។ តំណាងហត្ថលេខីលើទំនាក់ទំនងការទូត ដោយមានការអនុញ្ញាតពីរដ្ឋាភិបាលកម្ពុជា គឺលោក កែ សុវណ្ណ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព តំណាងអចិន្ត្រៃយ៍ ប្រចាំអង្គការសហប្រជាជាតិ និងលោកស្រី ហេនរីតា អេលីហ្សាបែត ថូមសិន ឯកអគ្គរាជទូតសាមញ្ញ និងពេញសមត្ថភាព ប្រចាំអង្គការសហប្រជាជាតិ តំណាងរដ្ឋាភិបាលបាបាដុស។
គោលបំណងនៃរដ្ឋាភិបាលប្រទេសទាំងពីរ បង្កើតទំនាក់ទំនងការទូតនេះ គឺដើម្បីជំរុញការយោគយល់គ្នា និងពង្រឹងចំណងមិត្តភាព។ ប៉ុន្តែប្រទេសទាំងពីរ មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងគ្នាឡើយ។ សេចក្តីថ្លែងការណ៍រួមរបស់រដ្ឋាភិបាលទាំងពីរ ចុះថ្ងៃទី១១ វិច្ឆិកា ដែលទើបចេញផ្សាយ បានសរសេរដូច្នេះថា៖« ដោយឈរនៅលើគោលការណ៍ និងគោលបំណងនៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ជាពិសេសក្នុងគោលបំណងគោរព និងពង្រឹងសន្តិសុខនិងសន្ដិភាពអន្តរជាតិ សមភាពរវាងរដ្ឋ និងរដ្ឋអធិបតេយ្យភាពជាតិ ឯករាជ្យភាព សន្ធិសញ្ញាអន្តរជាតិ បូរណភាពទឹកដី នឹងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរវាងរដ្ឋ និងរដ្ឋ»។
រាល់សេចក្តីសម្រេចបង្កើតទំនាក់ទំនងការទូត ថ្នាក់ឯកអគ្គរាជទូត និងរដ្ឋទូត ដោយអនុលោមតាមបទបញ្ញត្តិ នៃអនុសញ្ញាទីក្រុងវីយ៉ែន ស្តីពីទំនាក់ទំនងការទូត ចុះថ្ងៃទី១៨ មេសា ឆ្នាំ១៩៦១។
រដ្ឋបាបាដុស គឺជាប្រទេសដែនកោះមួយ ដែលស្ថិតនៅក្នុងតំបន់ប្រជុំកោះ Lesser Antilles ជាប់តំបន់សមុទ្រCaribbean នៃតំបន់អាមេរិកខាងជើង។ រដ្ឋបាបាដុស បានក្លាយជារដ្ឋឯករាជ្យ នៅថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ១៩៦៦ និងជាអាណាចក្រមួយ ដែលមានម្ចាស់ក្សត្រី អេលីហ្សាប៊ែត ទី២ ជាប្រមុខរដ្ឋ។ រដ្ឋមួយនេះ មានប្រជាជនជាង២៨ម៉ឺននាក់៕
Tag:
នយោបាយ
ការទូត
UN
កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com