អន្តរជាតិ
កូរ៉េខាងត្បូង នឹង​បញ្ចប់​កិច្ចព្រមព្រៀងសម្ងាត់​យោធា​ជាមួយ​ជប៉ុន​
22, Nov 2019 , 9:59 pm        
រូបភាព
ប្រធានាធិបតីកូរ៉េខាងត្បូងមូន ចេអ៊ីន (ខាងឆ្វេង) ចាប់ដៃជាមួយនឹងលោកនាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ, រូបភាព៖ AFP
ប្រធានាធិបតីកូរ៉េខាងត្បូងមូន ចេអ៊ីន (ខាងឆ្វេង) ចាប់ដៃជាមួយនឹងលោកនាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ, រូបភាព៖ AFP
​កូរ៉េខាងត្បូង នឹង​ដើរ​ចេញពី​កិច្ចព្រមព្រៀងសម្ងាត់​យោធា ឬ​GSOMIA ជាមួយ​ជប៉ុន នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា​នេះ បន្ទាប់ពី​ប្រទេស​ពីរ​មាន​មាន​ជម្លោះ​ពាណិជ្ជកម្ម និង​ប្រវត្តិសាស្ត្រ​ជាមួយគ្នា​។


 
​តាមរយៈ​លិខិត​មួយច្បាប់ ដែល​បានដាក់​ទៅ​ជប៉ុន​កាលពី​ខែសីហា ទីក្រុង​សេ​អ៊ូ​ល បាន​ព្រមាន​ថា ខ្លួន​អាច​នឹង​ដើរ​ចេញពី​កិច្ចព្រមព្រៀងសម្ងាត់​យោធា​រវាង​ជប៉ុន​-​កូរ៉េខាងត្បូង ដែល​បណ្តាលមកពី​ជប៉ុន បាន​រឹតត្បិត​លើ​ការនាំចេញ​ធាតុ​កម្រ​បី​ប្រភេទ​ទៅ​កូរ៉េខាងត្បូង និង​ជម្លោះ​ប្រវត្តិសាស្ត្រ​។ ប្រសិនបើ​គ្មានអ្វី​ប្រែប្រួល​ទេ កិច្ចព្រមព្រៀងសម្ងាត់​យោធា ឬ GSOMIA រវាង​កូរ៉េខាងត្បូង​-​ជប៉ុន នឹងត្រូវ​បញ្ចប់​ក្នុង​ថ្ងៃទី​២៣ ខែវិច្ឆិកា​ដោយ​ស្វ័យប្រវត្តិ​តែម្ដង បើ​គ្មាន​ការបន្ត​សុពលភាព​ទេនោះ​។​
 
​ទាក់ទង​ទៅនឹង​ការដោះស្រាយ​បញ្ហា​មួយ​នេះ ភាគី​ទាំងពីរ​នៅតែមាន​ការខ្វែងគំនិត​គ្នា​។ ជាក់ស្តែង​កូរ៉េខាងត្បូង បានទាមទារ​ឲ្យ​ជប៉ុន​ដក​ចោលការ​រឹតត្បិត​ការនាំចេញ​ជាមុនសិន​។ នៅក្នុង​សភា លោក Kang Kyung-wha រដ្ឋមន្ត្រី​ក្រសួងការបរទេស​កូរ៉េខាងត្បូង បាន​លើកឡើងថា ប្រសិនបើ​ទីក្រុង​តូ​ក្យូ​មិន​ផ្លាស់ប្តូរ​ឥរិយាបថ​របស់ខ្លួន​ទេ សេ​អ៊ូ​ល នឹងមិន​ផ្លាស់ប្តូរ​ការគិត​របស់​ខ្លួន​ឡើយ​។ 
 
​ដោយ​លើកឡើង​ស្រដៀង​ទៅនឹង​ប្រមុខ​ការទូត​កូរ៉េខាងត្បូង​ដែរ លោក Kang Gi-jung លេខាធិការ​ជាន់ខ្ពស់រ​បស់​លោក​មូ​ន ចេ​អ៊ី​ន ទទួលបន្ទុក​កិច្ចការ​នយោបាយ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ជប៉ុន​មិនបាន​ទទួលស្គាល់​កំហុស​របស់ខ្លួន​ឡើយ ហើយ​ថែមទាំង​ព្យាយាម​ធ្វើ​ឲ្យ​កូរ៉េខាងត្បូង​លើក​ទង់​ស​ទៀត ប៉ុន្តែ​អ្វីៗ​នៅតែ​ដំណើរ​ការល្អ​ដដែល​។ នេះ​បើតាម​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​Yonhap​។ 
 
​ចំណែក​ភាគី​ជប៉ុន​វិញ បានត្រឹមតែ​អំពាវនាវ​ឲ្យ​ភាគី​កូរ៉េខាងត្បូង​រក្សា​កិច្ចព្រមព្រៀងសម្ងាត់​យោធា​ឲ្យ​នៅ​ដដែល ដើម្បី​ការពារ​ពី​ការគំរាមកំហែង​របស់​កូរ៉េខាងជើង​។ លោក Taro Kono រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន បាន​អះអាងថា ការបញ្ចប់​កិច្ចព្រមព្រៀង​មួយ​នេះ មិនបាន​ប៉ះពាល់​ដល់​ជប៉ុន​ឡើយ ផ្ទុយទៅវិញ វា​ជាការ​ផ្តល់​សញ្ញា​វិជ្ជមាន​ដល់​កូរ៉េខាងជើង​ទៅវិញ​ទេ​។ ទន្ទឹមនេះ លោក Taro ក៏បាន​ទទូច​ឲ្យ​កូរ៉េ​ត្បូង ពិចារណា​ឲ្យ​បាន​ល្អិតល្អន់​ផងដែរ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​សូមបញ្ជាក់ថា កិច្ចព្រមព្រៀង​ព័ត៌មាន​សម្ងាត់​យោធា​រវាង​កូរ៉េខាងត្បូង​- ជប៉ុន បានចាប់ផ្តើម​ឡើង​នៅក្នុង​ឆ្នាំ ២០១៦ បន្ទាប់ពី​មានការ​គំរាមកំហែង​ពី​សំណាក់​កូរ៉េខាងជើង​។ មួយរយៈ​ចុងក្រោយ​នេះ វិបត្តិ​រវាង​ជប៉ុន និង​កូរ៉េខាងត្បូង គឺ​កើតចេញពី​សាលក្រម​កូរ៉េខាងត្បូង  ដែល​បង្ខំ​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​បង់​សំណង​ទៅ​ជនរងគ្រោះ ដែល​ត្រូវបាន​បង្ខំ​ឲ្យ​ធ្វើការ​ក្នុងសម័យ​អាណានិគម និង​បញ្ហា​ទីក្រុង​តូ​ក្យូ​រឹតត្បិត​ការនាំចេញ​ធាតុគីមី​សំខាន់ៗ​បី​ប្រភេទ​ទៅ​កូរ៉េខាងត្បូង​៕ 

Tag:
 កូរ៉េខាងត្បូង​
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com